នៅថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីខ្ពស់ត្រដែត។ថ្ងៃនេះបើទោះបីដំណើរជីវិតឃើញថាល្អប្រសើរក្តី ប៉ុន្តែមុនសម្រេចចិត្តអ្វីមួយលោកអ្នកតោងតែគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនជះឥទ្ធិពលមិនល្អណាមួយនៅគ្រាខាងមុខ។ការប្រកបការងារនៅថ្ងៃនេះវិញគឺលោកអ្នកធ្វើអ្វីៗតែងទទួលផ្លែផ្កា និង ជួបភាពសុខដុមដូចសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើបន្តិចវិញ ឯផលកម្រៃក៏ច្រើនគ្រាន់ល្មមគួរជាទីពេញចិត្ត។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ដោះស្រាយជម្លោះវិវាទឬចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងតែងទទួលបានការឆ្លើយតបគ្រាន់កក់ក្តៅ៕
ឆ្នាំឆ្លូវ៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះការរស់នៅមានភាពសុខដុមគួរសម ហើយការធ្វើដំណើរឆ្ងាយជិតមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់ជានិច្ច។នៅថ្ងៃនេះផ្តល់ផលល្អក្នុងការចរចារឿងផ្នែកអាជីវកម្ម និងទំនាក់ទំនងការងារផ្នែកខាងក្រៅទទួលផលសម្រេចដូចគាប់បំណង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះទោះទីជិតឆ្ងាយមានភាពកាក់កបល្អ ហើយបើចង់ជួញផ្លូវឆ្ងាយទៀតសោតក៏ផ្តល់ផ្លែផ្កាគួរសម។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើមិនទាន់មានគូគាប់ ហើយចង់ស្វែងរកជាពេលវេលាល្អប្រពៃណាស់៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ក្នុងរយៈពេលនេះលោកអ្នកត្រូវចេញទៅខាងក្រៅផ្ទះត្រូវចេះប្រយ័ត្នប្រយែងរោគចង្រៃយាយី ឬបើកបរយានយន្តត្រូវចេះគោរពច្បាប់ចរាចរឱ្យបានខ្ជាប់ខ្ជួនទើបចៀសផុតគ្រោះចង្រៃមួយចំនួនទៅរួច។ចំពោះការប្រកបការងារវិញមានការលូតលាស់សន្សឹមៗទៅមុខឥតថយក្រោយឡើយ។ អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើននិងពិសេសមានការ ប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផង គួរមានការ បើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។ បញ្ហាគូស្នេហាប្រុសស្រីមានភាពស្រស់ស្រាយនិងផ្អែមល្ហែមគ្រាន់ជាទីកក់ក្តៅ៕
ឆ្នាំថោះ៖ រាសីល្អជាមធ្យម។ថ្ងៃនេះលោកអ្នកទោះធ្វើអ្វីក៏ដោយនៅតែមានការរីកលូតលាស់ទៅមុខសន្សឹមៗដូចនេះត្រូវខិតខំប្រឹងប្រែងនោះនឹងជោគជ័យដល់គោលដៅជាក់ជាពុំខាន។ក្រៅពីនេះទោះធ្វើអ្វីក៏ដោយត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយនោះទើបមិនជួបរឿងរាវត្រូវចាញ់បោកគេដោយប្រការណាមួយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវមានទំនាក់ទំនងល្អជាមួយក្រុមមនុស្សជុំវិញខ្លួនឱ្យបានច្រើនព្រោះអាចទាញផលប្រយោជន៍អ្វីមួយមកវិញទៀតផង។ គូស្វាមីភរិយាទោះមានភាពរកាំចិត្តខ្លះៗកើតឡើងក្តីប៉ុន្តែក៏មានភាពសុខដុមដូចសព្វមួយដងទេ៕
ឆ្នាំរោង៖ រាសីខ្ពស់ត្រដែត។ការរស់នៅលោកអ្នកមានដំណើរជីវិតរលូនល្អនិងទោះធ្វើអ្វីមួយក៏មានភាពសុខស្រួលពុំមានឧបសគ្គច្រើនាំពិបាកដោះស្រាយឡើយ។លោកអ្នកគប្បីសម្រុកការងារនាពេលនេះពីព្រោះថាឆ្លងដល់សប្តាហ៍ក្រោយតែង ជួបនូវផលលំបាកជាងនេះ។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនូញធំៗទៅរួច។ សម្ព័ន្ធស្នេហាប្រុសស្រីបើមានការផ្សំផ្គុំគ្រួសារឬចូលស្តីដណ្តឹងជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំម្សាញ់៖ រាសីខ្ពស់ត្រដែត។ក្នុងការរស់នៅលោកអ្នកតោងចេះដាស់តឿននូវរាល់កំហុសខ្លួនឯង និងក្រៅពីនេះបើមានបញ្ហាត្រូវចេះដោះស្រាយទើបជីវិតនៅថ្ងៃខាងមុខនឹងមានភាពភ្លឹថ្លាជាងនេះ។ទាំងស្ត្រីបុរសក្នុងថ្ងៃនេះគឺ ផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារតូចធំពីព្រោះថាផ្លែផ្កាតែងឆ្លើយតបគ្រាន់កក់ក្តៅ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់ធ្វើអ្វីមួយមិនភ័យព្រួយឡើយពីព្រោះលោកអ្នកតែងមានប្រៀបឬយ៉ាងហោចណាស់ក៏អាចរកផលកម្រៃគ្រាន់កក់ក្តៅខ្លះដែរ។ បញ្ហាសេចក្តីស្នេហាកំលោះក្រមុំឱ្យចេះដឹងទុក្ខធុរះគ្នា ហើយមិនត្រូវអាត្មានិយមឡើយបើពុំនោះទេផលលំបាកនឹងជួបនៅពេលក្រោយចៀសមិនរួចឡើយ៕
ឆ្នាំមមី៖ រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះបើទោះបីមានរឿងអ្វីក៏ដោយមិនត្រូវយកអារម្មណ៍ម៉ួម៉ៅក្តៅក្រហាយបញ្ចេញមកច្រើនពេក ហើយពិសេសត្រូវចេះរំងាប់ចិត្តឱ្យត្រជាក់ទើបរឿងរាវអាចងាយដោះស្រាយចេញទៅវិញ។សម្រាប់ការប្រកបការងារបើមានឧបសគ្គ ហើយកាលពីមុនមកទទួលផលលំបាកក្នុងការដោះស្រាយពេលនេះបើព្យាយាមពុះពារក៏តែងហុចផ្លែផ្កាដូចជាទីពេញចិត្ត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។ ចំពោះគូស្វាមីភរិយាក្នុងរយៈពេលនេះទាល់តែឆាប់បញ្ចប់រឿងរាវរកាំរកូស និងការប្រចែប្រចណ្ឌខុសរឿងទើបនៅក្នុងគ្រួសារមានសុភមង្គល៕
ឆ្នាំមមែ៖ រាសីស្រុតចុះ។ការរស់នៅតែងមានឧបសគ្គ និង រឿងរាវចូលមកយាយីច្រើន ម្ល៉ោះហើយគប្បីប្រយ័ត្នប្រយែង។ថ្ងៃនេះលោកអ្នកធ្វើអ្វីមួយគឺមិនងាយចាប់ដោយងាយឡើយ ហើយពិសេសធ្វើអ្វីមួយក៏មិនងាយឆាប់ចប់ដូចបំណងនោះដែរ ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញមិនថាការជួញទីជិតឆ្ងាយទោះផ្លូវទឹកផ្លូវគោកឬផ្លូវអាកាសក្តីផលកម្រៃមានហូរចូលខ្លះៗគ្រាន់ផ្សើមបំពង់អញ្ចឹងដែរតែយ៉ាងណាការធ្វើអ្វីមិនអាចលោភលន់បានទេព្រោះភាពស៊យក៏មានតាមជាប់មិនទៅណាឆ្ងាយនៅឡើយ។ រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំកើតការរកាំចិត្ត និងមានភាពសៅហ្មងចំពោះគ្នាច្រើន៕
ឆ្នាំវក៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះឃើញថា មានភាពរលូនទៅមុខ ហើយកិច្ចការតូចធំតែពុះពារបានសម្រេចជោគជ័យមកវិញ។អ្នកប្រកបរបររកស៊ីជួញដូរ បើលោកអ្នកចង់បោះទុនតូចធំ ឬ ចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខ ហើយបើមានជម្លោះពេលនេះជាកាសល្អក្នុងការផ្សះផ្សារហើយ៕
ឆ្នាំរកា៖ រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតមានភាពគាប់ប្រសើរ ហើយធ្វើអ្វីក៏មានការជឿនលឿនទៅមុខដែរ។ចំណែកការប្រកបការងារវិញមិនមានការជឿនលឿនទៅមុខប៉ុន្មានទេតែបើថយក្រោយវិញនោះក៏ឆាប់រហ័សណាស់ផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយផលចំណូលមានហូរចូលតក់ៗគ្រាន់ផ្សើមបំពង់កអញ្ចឹងដែរ ប៉ុន្តែអ្នកជួញឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេ។ សេចក្តីស្នេហាកំលោះក្រមុំកើតមានការប្រចែប្រច័ណ្ឌនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំច៖ រាសីស្រុតចុះ។ថ្ងៃនេះលោកអ្នកនិយាយអ្វីមួយចេញមកត្រូវមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះថាក្រុមមនុស្សចាំតែវាយប្រហារ និងចាប់ថ្នាំងថ្នាក់ប៉ុណ្ណោះ ។ការប្រកបការងារចូប្រយ័ត្នក្រុមមនុស្សទម្លាក់កំហុសណាមួយមកឱ្យនាំពិបាកដល់គ្រាក្រោយ។ចំពោះការចង់ប្រកបរបររកស៊ីថ្មីថ្មោងវិញលោកអ្នកត្រូវចេះត្រួតពិនិត្យស្ថានការណ៍និងមើលឱ្យស្រួលបួលបើពុំនោះប្រយ័ត្នការដាក់ដើមទៅហើយសូន្យឈឹងតែម្តង។ គូស្នេហ៍កំលោះក្រមុំចូរប្រយ័ត្នកើតមានការរង្គោះរង្គើព្រោះតែអ្នកទីបីចូលមកឡូកឡំ៕
ឆ្នាំកុរ៖ រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុប ហើយបើចង់ធ្ងើអ្វីមួយតែងជួបបញ្ហាឧបសគ្គរារាំងផ្លូវច្រើនជាងសព្វមួយដង ។ការប្រកបការងារក៏មិនត្រូវប្រកបកិច្ចការងារណាដែលសំខាន់ឬធំដុំពេកក្នុងថ្ងៃនេះដែរពីព្រោះថាផលអាក្រក់មានតាមជាប់ជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពឈ្នានីសឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ ហើយស្រួលមិនស្រួលកើតរឿងរាវប្រកាប់ប្រចាក់គ្នាថែមទៀត។ រីឯបញ្ហាស្នេហាប្រុសស្រីមិនត្រូវប្រកាន់ភាពមោហៈទោសៈដាក់ខ្លួននាំតែជួបបញ្ហាល្អក់កករឥតឈប់ឈរតែប៉ុណ្ណោះ៕