នៅថ្ងៃច័ន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីល្អជាមធ្យម។ការរស់នៅមិនថាទៅទីណា តែងមានក្រុមមនុស្សបង្កបញ្ហាថ្នាំងថ្នាក់ខ្លះៗកើតឡើងហើយពិសេសងាយយល់ខុសទៀតផង។ការប្រកបការងារនៅក្នុងថ្ងៃនេះលោកអ្នកងាយត្រូវក្រុមមនុសុ្សបង្កបញ្ហាឬ ខឹងសម្បាក្នុងរឿងអ្វីមួយ ហើយពិសេសគេអាចកើតជាគំនុំដោយសារតែសម្តីមិនចេះទប់ផងដូចនេះគប្បីមានការប្រយ័ត្នប្រយែងទើបប្រសើរ។សម្រាប់ការប្រកបរបររកស៊ីជួញដូរលោកអ្នកអាចមានបាតុភាពរកាំរកូសខ្លះៗកើតឡើង ដូចនេះត្រូវចេះបើកចិត្តឱ្យទូលាយដោយធ្វើមិនដឹងមិនឮចំពោះរឿងរាវខ្លះទើបប្រសើរបំផុត។ ស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំឆ្លូវ៖ រាសីធ្លាក់ស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមួយបើពុំមានការប្រយ័ត្នប្រយែងនោះទេងាយកើតជារឿងរាវជះផលអាក្រក់កើតឡើងហើយ។ម្ល៉ោះហើយត្រូវចេះមើលស្ថានការណ៍និងបត់បែនតាមពេលវេលាកាន់តែប្រសើរ។លោកអ្នកត្រូវរក្សាភាពនឹងធឹងមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនបានឡើយ ហើយត្រូវចេះផ្តល់ការអភ័យទោសឱ្យបានច្រើនទើបដំណើរជីវិតមានភាពសុខដើមនិងមានការរីកលូតលាស់ជាងនេះ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនមានការប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។ រីឯបញ្ហាស្នេហាប្រុសស្រីមិនមានការរីកលូតលាស់ទៅមុខ ហើយការឆ្កួតនឹងល្បែងស្នេហាខុសរបៀបមានច្រើននិងបើមិនខិតខំទប់ស្កាត់ទេប្រយ័ត្នត្រូវមកសោកការនៅពេលក្រោយដែលចង់មិនចង់ហួសពេលបាត់ទៅហើយ៕
ឆ្នាំខាល៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើចង់ពឹងពាក់អាស្រ័យទៅលើអ្នកដទៃតែងគេជួយជ្រោមជ្រែងនិងដោះស្រាយគ្រាន់ស្រួលខ្លួន។សម្រាប់កិច្ចការងារថ្មីចាស់បើមានការសម្រុកឬព្យាយាមពុះពារក៏តែងអាចទម្លុះទម្លាយសម្រេចជោគជ័យ។អ្នកអាជីវករទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញគ្រាន់គាប់ប្រសើរដែរ។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានភាពផ្អែមល្ហែមនិងស្រស់ស្រាយចំពោះគ្នាប្រពៃណាស់៕
ឆ្នាំថោះ៖ រាសីខ្ពស់ត្រដែត។ដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការទំនាក់ទំនងចរចាក្នុងរឿងអ្វីមួយពីព្រោះថាផលតែងឆ្លើយតបមកវិញគ្រាន់សមដូចប្រកប។ថ្ងៃនេះដួងរាសីរបស់លោកអ្នកបានលោតផ្លោះមកល្អប្រសើរតែយ៉ាងណាក៏មិនល្អទាំងអស់ដែរគឺមានរឿងរាវខ្លះក៏អាក្រក់គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបចៀសផុតផលលំបាកទាំងពួងទៅរួច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកមិនធ្លាប់ចេញធ្វើជំនួញផ្លូវឆ្ងាយហើយចង់សាកល្បងមើលក៏ជាការល្អប្រសើរដែរព្រោះតែងហុចផ្លែផ្កាដូចសមប្រកបដែរ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំរោង៖ រាសីល្អជាមធ្យម។ក្នុងរយៈពេលនេះមុននឹងលោកអ្នកហាមាត់និយាយស្តីអ្វីក៏ដោយចូរចេះប្រយ័ត្នមាត់ប្រយ័ត្នកព្រោះកាលបើមានសម្តីនិយាយជ្រុលជ្រួសលើសិទ្ធអ្នកដទៃតែបន្តិចអាចបង្កជាទំនាស់វិវាទឡើង។ការប្រកបការងារនាថ្ងៃនេះវិញពុំសូវជឿនលឿនទៅមុខទេ ហើយពិសេសងាយថយក្រោយកើតជាបញ្ហាជាមួយក្រុមការងារថែមទៀត ។សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីស្រុតចុះ ដូចនេះការប្រកបរបររកស៊ីជួញដូរមានការរកាំចិត្ត និងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។ ទំនាក់ទំនងសេចក្តីស្នេហាកំលោះក្រមុំវិញមានដំណើរថយក្រោយច្រើនជាងការរីកលូតលាស់ទៅមុខ៕
ឆ្នាំម្សាញ់៖ រាសីល្អជាមធ្យម។អំឡុងពេលនេះដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុប និង មានបញ្ហាច្រើនចូលយាយីនាំជួបស្ថានភាពលំបាក។សម្រាប់ថ្ងៃនេះដែរបញ្ហាការងារ បញ្ហាផ្ទាល់ខ្លួន គឺមានភាពភ្លឺថ្លា ហើយធ្វើអ្វីតែងជឿនលឿនគ្រាន់គាប់បំណងត្រឡប់មកវិញ។ថ្ងៃនេះដែរអ្នកប្រកបការងាររកស៊ីជួញដូរ លោកអ្នកត្រូវតែក្តោបក្តាប់ឱកាសនេះកុំឱ្យឆ្លងផុតដោយឥតប្រយោជន៍ឡើយដោយអាចប្រកបរបរថ្មីៗឬផ្លាស់ទីកន្លែងលក់ដូរក៏កាន់តែប្រសើរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អបំផុតក្នុងការនិយាយគ្នាអំពីគម្រោងអាពាហ៍ពិពាហ៍ហើយ៕
ឆ្នាំមមី៖ រាសីល្អជាមធ្យម។ថ្ងៃនេះដំណើរចេញក្រៅផ្ទះលោកអ្នកប្រយ័ត្នក្រុមមនុស្សចាក់រុកឆ្កឹះឆ្គៀលពីបញ្ហាអ្វីមួយ បង្កើតជម្លោះវិវាទជាមួយសត្រូវចាស់ថ្មី ហើយគេបែរជាលួចសើចចំអកដាក់មកវិញ។ការប្រកបការងារ ទោះធ្វើអ្វីមួយក៏ដោយលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិច ហើយត្រូវចងចាំថាទោះលោកអ្នកប្រកបកិច្ចការអ្វីផ្លែផ្កាឆ្លើយតបមកវិញមិនដូចជាទីគាប់ចិត្តនោះឡើយ។អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើន ប៉ុន្តែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំមមែ៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងចម្រើនលូតលាស់ឈានទៅមុខជាលំដាប់ ហើយក្រុមមនុស្សក៏តែងអាណិតស្រឡាញ់ច្រើនដែរ។ការប្រកបការងារបើលោកអ្នកចង់ជួបចរចាក្នុងរឿងអ្វីមួយអាចចាប់ផ្តើមបានហើយពីព្រោះថាផលល្អៗតែងហុចមកវិញផង។ចំពោះបើជាអ្នកប្រកបជំនួញតូចធំលោកអ្នកបើចង់បន្ថែមដើមទុនក៏អាចផ្តល់ផ្លែផ្កាល្អៗមកវិញជាងអាក្រក់ដែរ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការចេះអត់ឱនឱ្យគ្នានិងផ្អែមល្ហែមគួរជាទីកក់ក្តៅ៕
ឆ្នាំវក៖ រាសីស្រុតចុះ។ការរស់នៅជួបបញ្ហារកាំចិត្តនិងអាចកើតរឿងរាវមួយចំនួនថែមទៀត ហើយពិសេសក្លាយជាជម្លោះយូរអង្វែងផង។ការប្រកបការងារតែងរាំងស្ទះ និងមានបញ្ហាចូលមកយាយីធ្វើឱ្យរកាំចិត្តច្រើនជាងសព្វមួយដង ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវយកបញ្ហាក្តីច្រណែនឈ្នានីសឬភាពមោហៈទោសៈដាក់ខ្លួននាំកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។ រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំមានការប្រឆាំងគ្នាច្រើនតែក៏ងាយត្រជាក់ចិត្តចំពោះគ្នាវិញដែរ៕
ឆ្នាំរកា៖ រាសីល្អជាមធ្យម។ចាប់តាំងតែពីដើមខែមិថុនានេះមកដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ទាំងការលេងហ៊ុន ចរចា ទំនាក់ទំនងអ្វីមួយជាដើម។ការប្រកបការងារ ចំពោះស្ត្រីចូរប្រយ័ត្នជួបរឿងស៊យជាន់លើស៊យ។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់តែបើចង់ធ្វើជំនួញធំៗនោះឃើញថាមិនសូវសមដូចប្រកបទេគប្បីមានការប្រយ័ត្នប្រយែង។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំច៖ រាសីស្រុតចុះ។នៅសប្តាហ៍នេះស្ថិតនៅក្នុងខែដួងរាសីស្រុតចុះ ហេតុនេះលោកអ្នកតោងតែធ្វើចិត្ត និង មានការអត់ធ្មត់ទើបឆ្លងផលលំបាកទាំងនេះ។ការប្រកបការងារលោកអ្នកធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាបើសម្រេចចិត្តអ្វីមួយខុសនោះ នាំបាត់បង់ប្រាក់កាសនិងពិសេសនាំខូចចិត្តថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចពិតមែនតែក៏មានភាពសុខដុមប្រពៃ។ រីឯសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួច ឯបើថយក្រោយវិញនោះឆាប់រហ័សណាស់គប្បីមានការប្រយ័ត្នប្រយែង៕
ឆ្នាំកុរ៖ រាសីខ្ពស់ត្រដែត។ទាំងស្ត្រីបុរសការរស់នៅបញ្ហាធ្លាប់តែ តានតឹងបានផ្លាស់ប្តូរមកធូរស្រាល ហើយបញ្ហាខ្លះអាចដោះស្រាយបានយ៉ាងធូរថែមទៀត ។បើទោះបីដួងរាសីខែស្រុតចុះបែបណាក្តី ប៉ុន្តែបើលោកអ្នកមានការតាំងចិត្តធ្វើការនោះឃើញថាផលតែងហុចមកវិញគ្រាន់កក់ក្តៅជានិច្ច ។ការធ្វើជំនួញផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការររកស៊ីជួញដូរអ្វីមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។ សម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកផង៕