នៅថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីខ្ពស់ត្រដែត។ទាំងស្ត្រីបុរសការរស់នៅរបស់ លោក អ្នក ល្អប្រសើរ ម្ល៉ោះហើយតែងមានរឿងរាវល្អៗរត់ចូល ហើយបញ្ហាឧបទ្រពចង្រៃមួយចំនួនដែលប្រុងរត់ចូលបែរជារត់ចេញទៅវិញ។ការប្រកបការងារផ្តល់ផលល្អសម្រាប់លោកអ្នកធ្វើអ្វីមួយរួមទាំងការបំពេញតួនាទីទាំងកន្លែងនិងទំនាក់ទំនងខាងក្រៅ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយក្នុងថ្ងៃនេះមានភាពកាក់កបល្អ ហើយបើចង់ជួញផ្លូវឆ្ងាយទៀតសោតក៏តែងផ្តល់ផ្លែផ្កាមកវិញជានិច្ច។រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕
ឆ្នាំឆ្លូវ៖ រាសីស្រុតចុះ។ការរស់នៅបើទោះបីធ្វើអ្វីលោកអ្នកមិនអាចប្រមាថបានទេពីព្រោះថាផលអាក្រក់ងាយកើតឡើងនៅចំពោះមុខនោះឃើញថាមានច្រើនជាងសព្វមួយដង។ថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយតោងតែមានការគិតឱ្យបានគ្រប់ជ្រុងជ្រោយ ហើយត្រូវចងចាំថាបើកើតផលអាក្រក់ណាមួយឡើងតោងតែចេះដោះស្រាយទើបបញ្ហាពីធំនឹងប្រែជាតូចឡើងវិញ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរឃើញថាមិនផ្តល់ផលល្អសម្រាប់ការធ្វើជំនួញធំៗឡើយព្រោះថាផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាប៉ុន្មានទេ។រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងប្រទាំងប្រទើស និង បង្ករឿងចំពោះគ្នាច្រើន៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ការរស់នៅទោះធ្វើអ្វីក៏ដោយត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយនោះទើបមិនជួបរឿងរាវត្រូវចាញ់បោកគេដោយប្រការណាមួយ។ការប្រកបការងារលោកអ្នកងាយទទួលផលប៉ះទង្គិចដោយសារភាគច្រើនកើតមកពីគំនិត និង ការប្រព្រឹត្តិរបស់ខ្លួនឯងតែប៉ុណ្ណោះ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកប្រាក់ចំណូលបន្តិចព្រោះលាភច្រើនបោលហួស និង ហោះរំលងជានិច្ច។រីឯបញ្ហាស្នេហាប្រុសស្រីកុំលេងម៉េះម៉ោះច្រើននាំកើតជម្លោះវិវាទ ហើយមានតែរឿងរ៉ាវសៅហ្មងដាក់គ្នា៕
ឆ្នាំថោះ៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកអាចសម្រេចចិត្តរឿងសំខាន់ និងរឿងធំដុំបានពីព្រោះថាផលតែងឆ្លើយតបនាពេលក្រោយវិញ។ដោយសារដួងរាសីល្អប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់លោកអ្នក ទំនាក់ទំនងក្នុងកិច្ចការងារអ្វីមួយ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញឆ្ងាយជិតមានភាពកាក់កបគួរសមតែយ៉ាងណាត្រូវប្រយ័ត្នពាក្យសម្តីបន្តិច មិនដូច្នេះជោគលាភទាំងនេះនឹងត្រូវរលាយដូចអំបិលត្រូវទឹកអញ្ចឹង។រីឯបញ្ហាគូស្នេហ៍ប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
ឆ្នាំរោង៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះមានការជឿនលឿនក្នុងដំណើរជីវិតគួរសម ហើយភាពសុខដុមក៏មានច្រើនជាងមុនបន្តិចដែរ។ក្រៅពីនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារសំខាន់ៗឬទំនាក់ទំនងកិច្ចការងារអ្វីមួយពីព្រោះថាផលល្អៗតែងហុចមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។រីឯសេចក្តីស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំម្សាញ់៖ រាសីល្អជាមធ្យម។ការរស់នៅលោកអ្នកចូរប្រយ័ត្នកូនតូចៗឬមនុស្សចាស់កើតរោគជំងឺឬរអិលដៃជើងធ្លាក់ចុះពីទីខ្ពស់ទាបដោយប្រការណាមួយ។ការប្រកបការងារលោកអ្នកងាយកើតភាពប្រទាំងប្រទើស និងរឿងរាវជម្លោះវិវាទជាមួយអ្នកដទៃណាស់ ដូចនេះគប្បីធ្វើចិត្តត្រជាក់ទើបគ្មានបញ្ហាណាមួយចោទឡើងត្រូវឈឺក្បាល។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមានហូរចូលខ្លះៗគ្រាន់ជាទីពេញចិត្តផង ហើយក្រៅពីនេះបើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរក៏ជាពេលវេលាល្អដែរ។រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការចម្រើនលូតលាស់ទៅមុខលឿនតែប្រយ័ត្នការថយក្រោយនោះក៏លឿនណាស់៕
ឆ្នាំមមី៖ រាសីស្រុតចុះ។នៅថ្ងៃនេះស្ត្រីឱ្យប្រយ័ត្នពាក្យសម្តីជាងបុរសពីព្រោះថាងាយកើតជារឿងរាវចំបែងចិត្តជាងសព្វមួយដង។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នពេលយប់ព្រលប់ក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។ក្រៅពីនេះបើលោកអ្នកចង់សម្រេចចិត្តធ្វើអ្វីមួយគប្បីមានការសម្រេចចិត្តឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជះឥទ្ធិពលអាក្រក់ណាមួយជាក់ជាពុំខាន។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយជួបការលំបាកក្នុងការរកផលចំណូលហើយមានការរំលោភបំពានពីអ្នកមានមុខរបរដូចគ្នាទៀតផង។បញ្ហាសេចក្តីស្នេហាប្រុសស្រីងាយទាំងឆាប់ប្រកែប្រកាន់និងតានតឹងសម្តីដាក់គ្នា៕
ឆ្នាំមមែ៖ រាសីល្អជាមធ្យម។ក្នុងផ្ទះសម្បែងងាយកើតរឿងរាវចម្រូងចម្រាសណាស់លោកអ្នកគប្បីចេះធ្វើចិត្តអត់ធ្មត់ទើបគ្មានរឿងរាវរកាំចិត្តកើតឡើង។ចំពោះថ្ងៃនេះការប្រកបការងារវិញមានការចម្រើនលូតលាស់យឺត ប៉ុន្តែបើថយក្រោយនោះឆាប់រហ័សណាស់។អ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះមិនអាចលោភលន់បានទេព្រោះលាភហេងមានការខ្សត់ខ្សោយប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីឃើញភ្លាមស្រឡាញ់ភ្លែតប្រយ័ត្នមករែកពន់ភាពទុក្ខសោកនៅពេលក្រោយ៕
ឆ្នាំវក៖ រាសីខ្ពស់ត្រដែត។ថ្ងៃនេះទោះធ្វើអ្វីឬទៅណាមកណាតែងមានភ្លើងសញ្ញាពណ៌ខៀវ និងក្រុមមនុស្សអាណិតស្រឡាញ់។ក្រៅពីនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចាឬទំនាក់ទំនងការងារពីព្រោះថាផលល្អនោះតែងហុចមកឱ្យច្រើន។ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរវិញផ្តល់ផលល្អបំផុតសម្រាប់ការដាក់ទុនក្នុងរឿងអ្វីមួយឬបើចង់រើទីកន្លែងលក់ដូរក៏មានការចម្រើនលូតលាស់គួរកត់សម្គាល់ដែរ។រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពលូតលាស់ និងជាពេលវេលាល្អសម្រាប់ការរៀបចំផ្សំផ្គុំគ្រួសារបំផុត៕
ឆ្នាំរកា៖ រាសីស្រុតចុះ។ការរស់នៅលោកអ្នកត្រូវចេះសន្សំសំចៃប្រាក់កាសខ្ពស់ ហើយបើមានបន្តិចបន្តួចក៏ដោយត្រូវចេះសន្សំសំចៃ និងត្រូវតែចងចាំពាក្យចាស់ថា”តក់ៗពេញបំពង់” ។ចំពោះកិច្ចការងារនៅថ្ងៃនេះវិញឃើញដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេគឺជារឿយៗហាក់ដូចជាមានអ្វីមកបាំងមុខដែលមិនឱ្យមានការរុលទៅមុខរួចនោះឡើយ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយផលចំណូលមានហូរចូលតក់ៗគ្រាន់ផ្សើមបំពង់កអញ្ចឹងដែរ តែអ្នកជួញឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេ។រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការប្រចែប្រច័ណ្ឌនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំច៖ រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបបញ្ហារដិបរដុប និង រឿងរាវយាយីច្រើនដែលនាំឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានឡើយ។ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរ ការធ្វើដំណើរឆ្ងាយជិតជួបបញ្ហាប្រទាំងប្រទើសហើយជារឿយៗតែងមានបញ្ហារកាំចិត្តច្រើនផង។រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមិនមានការរីកលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាងដូចនេះចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយឈានដល់ការបែកបាក់៕
ឆ្នាំកុរ៖ រាសីស្រុតចុះ។នៅថ្ងៃនេះឃើញថាដំណើរជីវិតងាយជួបបញ្ហាប្រទាំងប្រទើស និងពិសេសងាយត្រូវគេប្រមាថថែមទៀត។សម្រាប់សុខភាពរបស់លោកអ្នកពុំសូវល្អទេចូរប្រយ័ត្នការធ្លាក់ខ្លួនឈឺដោយប្រការណាមួយ។ការប្រកបការងារត្រូវធ្វើរបស់តូចតាចឬកិច្ចការងារមិនធំដុំទើបប្រសើរបំផុត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងរយះពេលនេះមុននឹងចង់ចុះទុនអ្វីមួយត្រូវចេះគិតគូរឱ្យបានច្បាស់លាស់សិនមុនអនុវត្តជាក្រោយទើបអាចទទូលផលសម្រេច។សម្ព័ន្ធស្នេហាប្រុសស្រីងាយមានជម្លោះវិវាទនិងពាក់មុខយក្សដាក់គ្នាណាស់៕