នៅថ្ងៃច័ន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះការប្រកបការងារដោយសារដួងរាសីឡើងខ្ពស់ ហេតុនេះកិច្ចការតូចធំតែងទទួលបានលទ្ធផលគ្រាន់ពេញចិត្តត្រឡប់មកវិញ។ អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់រស់រវើក ឯបើលោកអ្នកចង់រើទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃ។ ចំណែកសម្ព័ន្ធស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងផ្អែមល្ហែមល្អប្រពៃ៕
ឆ្នាំឆ្លូវ៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើមានកិច្ចការតូចធំលោកអ្នកអាចសម្រុកពេញទីបានហើយពីព្រោះថាផលតែងហុចមកវិញច្រើនផង។ អ្នកប្រកបរបររកស៊ីជួញដូរការរកប្រាក់ចំណូលមានហូរចូលគ្រាន់គួរជាទីកក់ក្តៅផងដែរ ហើយបើចង់ជួញផ្លូវឆ្ងាយផងជាការប្រសើរដោយលោកអ្នកអាចកើបផលចំណូលត្រឡប់មកវិញយ៉ាងត្រជាក់ចិត្ត។ ស្នេហាប្រុសស្រីមានភាពចម្រើនលូតលាស់ទៅមុខ ហើយបើជាស្នេហាថ្មីថ្មោងផងតែងបានទទួលក្តីសង្ឃឹមពីគ្នាយ៉ាងកក់ក្តៅ៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ ការប្រកបការងារថ្ងៃនេះលោកអ្នកគប្បីមានការព្យាយាមអត់ធ្មត់បន្តិចពីព្រោះថាផលអាក្រក់នោះងាយកើតមានផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញឱ្យប្រយ័ត្នពាក្យសម្តីបន្តិចព្រោះងាយប៉ះទង្គិចជាមួយមនុស្សនៅជុំវិញខ្លួនណាស់។ រីឯបញ្ហាស្នេហាប្រុសស្រីកុំចង់យកកំហឹងទល់កំហល់ប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការមិនមាត់ការរកគ្នាច្រើនថ្ងៃ៕
ឆ្នាំថោះ៖ រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនមានអ្វីជាឧបសគ្គធំដុំចូលមកយាយីនាំជួបផលលំបាកប៉ុន្មានទេ។ក្រៅពីនេះបើលោកអ្នកមានប្រកបការងារអ្វីមិនត្រូវមើលស្រាលក្រុមមនុស្សឡើយត្រូវតែប្រុងប្រយ័ត្នជានិច្ចពីព្រោះគេចាំមើលតែលោកអ្នកចន្លោះប្រហោងដើម្បីវាយប្រហារប៉ុណ្ណោះ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលជួបភាពតានតឹង ហើយទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃគ្រាន់កក់ក្តៅទៅរួច។ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផុយស្រួយជម្លោះវិវាទគួរប្រយ័ត្នប្រយែងពាក្សសម្តីបន្តិចទើបជាការប្រពៃបំផុត៕
ឆ្នាំរោង៖ រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ប៉ុន្តែយ៉ាងណាសម្រាប់ស្ត្រីមានគ្រោះយាយីនៅឡើយដូចនេះទោះធ្វើអ្វីក៏តែងមិនភ្លឺថ្លាដូចគាប់បំណងប៉ុន្មាននោះដែរ។ការប្រកបការងារមិនមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរបើចង់បោះទុនតូចធំមិនមានអ្វីទាស់ខុសទេព្រោះផ្លែផ្កាដែលទទួលបានមកវិញក៏សមដូចប្រកបមួយចំនួនវិលត្រឡប់មកវិញ។ការធ្វើដំណើរទីជិតឆ្ងាយតែងជួបសេចក្តីសុខដុមដូចសព្វមួយដងទេ។ រីឯបញ្ហាសម្ព័ន្ធគូស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំម្សាញ់៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះឃើញថាការប្រកបការងាររបស់លោកអ្នកនៅតែល្អប្រសើរ ហើយបើចង់ធ្វើអ្វីផ្លែផ្កាតែងឆ្លើយតបមកវិញជានិច្ច។ អ្នកអាជីវករនៅថ្ងៃនេះវិញមានការទិញចូលលក់ចេញគ្រាន់កម្រើកបន្តិចឡើងវិញ ហើយបើចង់ជួញទីជិតឆ្ងាយតែងហុចលទ្ធផលគ្រាន់ពេញចិត្តដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីមានការជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕
ឆ្នាំមមី៖ រាសីស្រុតចុះ។ នៅថ្ងៃនេះរាល់ការរស់នៅតែងជួបនូវបញ្ហារកាំរកូស និងមានបញ្ហាច្រើនត្រូវឆ្លងកាត់។ ចំពោះការប្រកបការងារវិញឃើញថាលូតលាស់ទៅមុខយឺត ហើយពិសេសងាយទទួលរងដូចពាក្យចាស់ថា”ធ្វើច្រើនខុសច្រើនថែមទៀត”។ អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទីជិតឆ្ងាយមិនទាន់ភ្លឺថ្លាប៉ុន្មានទេគឺអួអាប់ណាស់ ហើយពិសេសបើចង់ជួញដូររយៈពេលយូរអង្វែងគប្បីប្រយ័ត្នប្រយែងពីព្រោះថាជួបនូវបញ្ហាច្រើន ។ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការទៅមុខយឺតតែងាយថយក្រោយដូចនេះចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការប្រេះស្រាំរហូតក្លាយជារឿងបែកបាក់៕
ឆ្នាំមមែ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកត្រូវរក្សាភាពស្ងាត់ស្ងៀម ហើយធ្វើអ្វីត្រូវប្រយ័ត្នប្រយែងទើបពុំមានបញ្ហាចោទឡើង។ ការប្រកបការងារចូរប្រយ័ត្នសត្រូវលាក់មុខតាមវាយប្រហារដោយប្រការណាមួយ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបរឿងរកាំចិត្តច្រើន ហើយការជួញទីជិតឆ្ងាយចូរប្រយ័ត្នមានជម្លោះវិវាទជាមួយក្រុមមនុស្សនៅក្បែរខ្លួនព្រោះមានភាពផុយស្រួយជម្លោះវិវាទណាស់។ សម្ព័ន្ធស្នេហាប្រុសស្រីមានការប្រឆាំងគ្នា និងចង់ចាញ់ឈ្នះគ្នាច្រើនដូចនេះនាំឱ្យកើតបញ្ហាប្រទាំងប្រទើសនោះមិនតិចឡើយ៕
ឆ្នាំវក៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតមិនសូវល្អប្រសើរប៉ុន្មានទេគឺអ្នកខ្លះបានជួបប្រទះនូវឧបសគ្គច្រើនផង។ ដោយឡែកការប្រកបការងារលោកអ្នកធ្វើអ្វីត្រូវចេះគ្រប់គ្រងអារម្មណ៍ និងមិនត្រូវយកចិត្តក្តៅដាក់ខ្លួនឡើយពីព្រោះថាផលអាក្រក់នោះមានចំពោះមុខច្រើនជាងសព្វមួយដង។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញជួបបញ្ហាស្មុគស្មាញ និងពិសេសមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់កាសឡើយប្រយ័ត្នទារវិញមិនបានកើតជំលោះវិវាទថែមទៀត។ រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីចង់ទុំមុនស្រគាលប្រយ័ត្នជួបរឿងប្រុសប្រកែកស្រីប្រកាន់ស្រួលមិនស្រួលខូចកិត្តិយសហើយជាប់ទោសពៃរ៍ឥតអំពើ៕
ឆ្នាំរកា៖ រាសីខ្ពស់ត្រដែត។ ការរស់នៅថ្ងៃនេះឃើញថាបើចង់ពឹងពាក់ឬចង់ឱ្យនរណាជួយក្នុងរឿងអ្វីមួយតែងមានក្រុមមនុស្សអាណិតស្រឡាញ់ជួយជ្រោមជ្រែង។ ការប្រកបការងារវិញទោះធ្វើអ្វីងាយឆាប់ចប់និងទទួលលទ្ធផលលឿនផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញចូរលោកអ្នកគប្បីបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានច្រើនព្រោះអាចទទួលផលប្រយោជន៍មកវិញយ៉ាងច្រើនជាក់ជាពុំខាន។ ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីត្រូវចេះយកចិត្តទុកដាក់ថែទាំចំណងស្នេហ៍ទើបមិនកើតរឿងបែកបាក់នៅគ្រាខាងមុខ៕
ឆ្នាំច៖ រាសីស្រុតចុះ។ នៅថ្ងៃនេះ លោកអ្នកងាយកើតនូវបញ្ហាតប់ប្រម៉ល់ ហេតុនេះត្រូវចេះទប់ចិត្ត សង្កត់អារម្មណ៍ទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង។ ការប្រកបការងារវិញត្រូវចេះដោះស្រាយរឿងចាស់ឬរឿងអ្វីមួយឱ្យបានល្អទើបគ្មានបញ្ហាចោទឡើង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ ហើយក៏មិនមានការថយក្រោយដែរគឺដូចសព្វមួយដង។ ការរស់នៅចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយព្រោះតែពាក្យសម្តី។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំង ម្ល៉ោះហើយការកើតរឿងរាវប្រទាំងប្រទើសងាយផ្ទុះឡើងណាស់៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។ ដំណើរជីវិតរបស់លោកអ្នកចាប់ផ្តើមនឿយហត់ និងជួបស្ថានភាពលំបាក ហេតុនេះត្រូវអត់ធ្មត់តស៊ូជាមួយវាទើបប្រសើរ។ ការប្រកបការងារវិញនាថ្ងៃនេះមិនសូវរីកចម្រើនទេពោលគឺមានការថយក្រោយនិងមានបញ្ហាច្រើន។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមានការទិញចូលលក់ចេញរស់រវើកគ្រាន់បើហើយផលកម្រៃមានចូលគ្រាន់កក់ក្តៅផ្លូវចិត្ត។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយហើយប្រឆាំងគ្នាច្រើនចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយនាំត្រូវឈឺផ្សារផ្លូវចិត្ត៕