នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីល្អជាមធ្យម។ ការរស់នៅបើមានបញ្ហាអ្វីសំខាន់លោកអ្នកអាចពិភាក្សាជាមួយបងប្អូនទុកចិត្តបានថ្ងៃនេះពីព្រោះថាការសម្រេចចិត្តដោយពុំមានអ្នកពិភាក្សាពេលខ្លះលោកអ្នកអាចធ្លាក់ទឹកដោយប្រការណាមួយផង។ការប្រកបការងារអ្វីក៏ដោយលោកអ្នកតែងជួបបញ្ហាបន្តិចបន្តួចចូលយាយីនាំជួបការលំបាក។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ វិញលោកអ្នកជួបរឿងខ្វាយខ្វល់ច្រើនព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេតែងមានរឿងរកាំចិត្តច្រើន។ រីឯបញ្ហាស្នេហាប្រុសស្រីមានការរកាំចិត្តនិងពាក់មុខយក្សដាក់គ្នាមិនតិចដែរទេ៕
ឆ្នាំឆ្លូវ៖ រាសីខ្ពស់ត្រដែត។ ការរស់នៅគ្រោះធ្លាប់តែយាយីបានចាកចេញឆ្ងាយ ហើយពេលនេះសិរីសួស្តីបានរត់ចូលមកវិញគ្រាន់ជាទីកក់ក្តៅ។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរកិច្ចការងារពីព្រោះថាតែងមានការសហការពីអ្នកដទៃនិងហុចផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។អ្នកប្រកបការងាររកស៊ីជួញដូរលោកអ្នកកុំសោះអង្គើយត្រូវរវាសរវៃដៃជើងព្រោះមិនដូច្នេះទ្រព្យលាភដែលបម្រុងធ្លាក់ដល់ដៃនឹងត្រូវបោលហួសធ្លាក់ទៅលើអ្នកដទៃវិញជាក់ជាពុំខាន។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងមានការចេះអត់ឱនឱ្យគ្នាល្អប្រពៃ៕
ឆ្នាំខាល៖ រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយទោះលោកអ្នកធ្វើអ្វីមិនសូវឆ្លើយតបដូចសេចក្តីប្រាថ្នានោះឡើយ។ បើមានអ្វីមួយគ្រោងទុកឬបម្រុងចរចាកុំសង្ឃឹមពេក ពីព្រោះបើខកបំណងនាំខូចចិត្ត។ការប្រកបការងារពុំអាចយកចិត្តឆេវឆាវដាក់មុខបានទេប្រយ័ត្នកើតរឿងរាវធំដោយប្រការណាមួយ។បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃជួបការលំបាកហើយពិសេសការជួញជិតឱ្យប្រយ័ត្នជម្លោះវិវាទថែមទៀត។ រីឯបញ្ហាប្រុសស្រីដែលមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែតប្រយ័ត្នជួបរឿងកម្មក្រាសនៅពេលក្រោយ៕
ឆ្នាំថោះ៖ រាសីខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកបើចង់ចរចាឬយករឿងសំខាន់អ្វីមួយមកសម្រេចចិត្តជាពេលវេលាល្អប្រពៃគួរសមពីព្រោះថាអាចទទួលផលគ្រាន់គាប់ប្រសើរដែរ។ការប្រកបការងារអ្វីតែងផ្តល់ផលល្អនិងហុចជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផង។ អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីឡើយពីព្រោះផលល្អៗនឹងហុចមកវិញជានិច្ច។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងស្រស់ស្រាយប្រពៃ៕
ឆ្នាំរោង៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះដោយសារភាពឧបទ្រពនៅតាមជាប់នៅឡើយ ម្ល៉ោះហើយលោកអ្នកឱ្យប្រយ័ត្នការមានទំនាស់ជាមួយក្រុមមនុស្សនៅក្បែរខ្លួននិងសមាជិកក្រុមគ្រួសារដោយប្រការណាមួយ។ ក្រៅពីនេះបើលោកអ្នកមានប្រកបការងារអ្វីច្រើនមានការរាំងស្ទះ ហើយក្រុមមនុស្សបៀតបៀនយាយីច្រើន។អ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពច្រណែនឈ្នានីសដាក់ចំពោះមុខឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់ថែម។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងប្រទាំងប្រទើសគ្នាច្រើន៕
ឆ្នាំម្សាញ់៖ រាសីល្អជាមធ្យម។ ការរស់នៅផ្ទះសម្បែងត្រូវប្រកាន់ចិត្តត្រជាក់ ហើយដាច់ខាតមិនត្រូវយកដៃប៉ះដៃ យកជើងប៉ះជើងពីព្រោះងាយកើតរឿងរាវពីតូចទៅធំណាស់។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកទទួលរងសម្ពាធច្រើនបន្តិចហើយកិច្ចការងារមួយចំនួនស្រាយមិនចេញទៀតផង។លោកអ្នកទាល់តែខិតខំខ្លាំងទើបសម្រចជោគជ័យការងារមួយចំនួនទៅរួច។អ្នកអាជីវករថ្ងៃនេះទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើចង់ជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំមមី៖ រាសីខ្ពស់ត្រដែត។ ការរស់នៅដំណើរជីវិតមានភាពរលូនល្អ និងបើមានការជជែកពិភាក្សាតែងឆាប់ចុះសម្រុងណាស់ដែរ។ ដោយឡែកការជជជែកកិច្ចការងារអ្វីក៏ដោយងាយឆាប់ចប់និងទទួលបានផលលឿនទៀតផង។ក្រៅពីនេះលោកអ្នកអាចទទួលដំណឹងល្អអ្វីមួយឱ្យសប្បាយចិត្តថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេ ហើយពិសេសងាយកើតជម្លោះវិវាទដោយសារម្នាក់ៗចង់ចាញ់ឈ្នះគ្នារៀងៗខ្លួន៕
ឆ្នាំមមែ៖ រាសីស្រុតចុះ។ ការរស់នៅ លោក អ្នក មិនត្រូវមានចិត្តប្រកែប្រកាន់ច្រើនឡើយ ពីព្រោះងាយកើតបញ្ហារត់ចូលណាស់ផង។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីត្រូវចេះគ្រប់គ្រងខ្លួនឯងឱ្យបានល្អពីព្រោះថាងាយជួបនូវរឿងរាវយាយីជាងសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើន និង ពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។ រីឯបញ្ហាស្នេហាប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះគ្នាដោយមិនសូវចេះអត់ឱនឱ្យគ្នាឡើយ៕
ឆ្នាំវក៖ រាសីស្រុតចុះ។ ថ្ងៃនេះ បើមានការធ្វើដំណើរឆ្ងាយជិតគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាងាយកើតបញ្ហា និង ពិសេសក្រុមមនុស្សងាយបង្កជារឿងរាវជាងសព្វមួយដង។ នៅថ្ងៃនេះបើទោះបីធ្វើអ្វីតែងកើតនូវបញ្ហារាំងស្ទះ ហេតុនេះត្រូវអត់ធ្មត់ទើបរឿងរាវទាំងនេះមិនអាចចូលយាយីកើត។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេព្រោះតែងអង្គុយស្ងាបច្រើនជាង។ រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនផ្អែមល្ហែម ជួនពាក់មុខខ្លាដាក់គ្នា៕
ឆ្នាំរកា៖ រាសីខ្ពស់ត្រដែត។ ទាំងស្ត្រីបុរសបើលោកអ្នកមានបញ្ហាជាមួយអ្នកដទៃ ហើយចង់សម្រុះសម្រួលឬចង់អង្វរករក្នុងរឿងអ្វីមួយឱ្យគេអនុគ្រោះ នោះបញ្ហាខ្លះអាចសម្រេចជោគជ័យដូចគាប់បំណងផង។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចុះប្រកបការងារឬប្រកបកិច្ចការងារសំខាន់អ្វីមួយ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញបើលោកអ្នកចង់បើកហាងថ្មីឬចេញប្រកបជំនួញអ្វីមួយជាឱកាសល្អប្រពៃបំផុត។ សម្ព័ន្ធស្នេហាប្រុសស្រីមានការចេះអត់ឱននិងផ្អែមល្ហែមចំពោះគ្នាប្រពៃ៕
ឆ្នាំច៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការរីកលូតលាស់ទៅមុខសន្សឹមៗប៉ុន្តែយ៉ាងណាបញ្ហារកាំផ្លូវចិត្តក៏មានច្រើនផងដែរ។ ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។ រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេឱ្យប្រយ័ត្នជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំកុរ៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះមានជោគសិរី ហើយទោះធ្វើអ្វីក៏តែងផ្តល់ជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផង។ ការប្រកបការងារមានភាពរលូនពេលព្រឹកតែថ្ងៃបន្តិចចូរប្រយ័ត្នបញ្ហាចូលមកយាយីដោយប្រការណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃមិនគាប់ប្រសើរទេប៉ុន្តែបើចង់បោះទុនតូចធំសម្រាប់ខ្លួនឯងវិញឃើញថាគាប់ប្រសើរជាង។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកបំផុត៕