នៅថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីស្រុតចុះ។ នៅថ្ងៃនេះបើលោកអ្នកទន្ទឹងរង់ចាំអ្វីក៏តែងមិនផ្តល់ផលល្អទេគឺតែងទទួលការខកបំណងច្រើនជាង។ ការប្រកបការងារទោះខិតខំច្រើនកុំសង្ឃឹមថាបានផលច្រើនឱ្យសោះ ហើយពេលខ្លះត្រូវគេបន្ទោសឱ្យច្រើនថែមទៀត។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះជួបភាពរកាំរកូសច្រើនបន្តិចក្តីតែយ៉ាងណាផលចំណូលមានហូរចូលមួយៗគ្រាន់សម្រាប់ចិញ្ចឹមគ្រួសារផង។ការធ្វើដំណើរឆ្ងាយជិតជួបភាពប្រទាំងប្រទើសនិងបញ្ហាចូលយាយីច្រើន។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាក្តីមានការលូតលាស់យឺតតែងាយថយក្រោយ៕
ឆ្នាំឆ្លូវ៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះបើលោកអ្នកមានបញ្ហាអ្វីអាក្រក់កើតឡើងគប្បីប្រឹងប្រែងដោះស្រាយបើមិនដូច្នេះនឹងជួបការលំបាកនៅថ្ងៃខាងមុខកាន់តែធំពុំខាន។ ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ច្រើនឡើយគឺអ្វីៗដូចសព្វមួយដង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលតានតឹងហើយទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃគ្រាន់ចិញ្ចឹមឆ្នាំងរស់។ការធ្វើដំណើរឆ្ងាយជិតពុំសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។ សម្ព័ន្ធស្នេហាប្រុសស្រីមានភាពតែលតោលនិងមានការខ្វាយខ្វល់ពីជីវិតអនាគតរបស់ខ្លួនរាប់រយជំពូក៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ ការរស់នៅគួរប្រយ័ត្នប្រយែងពាក្យសម្តី ហើយមិនត្រូវប្រកែប្រកាន់ច្រើនឡើយនាំតែកើតបញ្ហាជាមួយអ្នកដទៃមិនចេះចប់ប៉ុណ្ណោះ។ ចំពោះស្ត្រីបើលោកអ្នកឧស្សាហ៍ឈ្លោះប្រកែកជាមួយអ្នកដទៃឬសូម្បីតែស្វាមីក្តីគប្បីចេះធ្វើគធ្វើថ្លង់មិនដឹងឮរឿងរាវខ្លះប្រយ័ត្នបណ្តែតបណ្តោយកើតជារឿងធំណាមួយរកនឹកស្មានមិនដល់។ ការប្រកបការងារលោកអ្នកងាយជួបបញ្ហាត្រូវគេវាយប្រហារណាស់ ម្ល៉ោះហើយគប្បីប្រយ័ត្នប្រយែងការងារដោយមិនត្រូវធ្វើឱ្យមានកំហុសច្រើនឡើយ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលកម្រៃណាស់ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសច្រើន ។ ចំណែកសេចក្តីស្នេហាប្រុសស្រីគឺតែងកើតមានរឿងរកាំចិត្តនិងពិសេសចង់ចាញ់ឈ្នះគ្នាច្រើនទៀតផង៕
ឆ្នាំថោះ៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកមានភាពសុខដុមបន្តិចវិញ ហើយអ្វីៗធ្លាប់តែមានបញ្ហាក៏មានការប្រែប្រួលមកល្អប្រសើរបន្តិចវិញដែរ។ ក្រៅពីនេះក៏មានការរីកចំរើនលូតលាស់ច្រើនរឿងមិនថាជារឿងប្រាក់កាសឬសូម្បីតែរឿងផ្ទាល់ខ្លួនក្តី។ ការបំពេញការងារមានលក្ខណះពេញដៃពេញជើង ហើយមានការចម្រើនលូតលាស់គួរសម។ ចំពោះការប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបោះទុនរកស៊ីចូលហ៊ុនជាមួយអ្នកដទៃដោយអាចទទួលផ្លែផ្កាមកវិញគួរជាទីពេញចិត្ត ហើយបើលោកអ្នកចង់ជួញដូរផ្លូវឆ្ងាយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុកផង។ រីឯសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រុះស្រួលគ្នាល្អប្រពៃណាស់៕
ឆ្នាំរោង៖ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីងាយភ្លាំងភ្លាត់និងជួបបញ្ហាលំបាកជាងសព្វមួយដង ម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លាបន្តិច។ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកស្ថិតនៅលើផ្លូវរដិបរដុបបន្តិចតែយ៉ាងណាបើមានការប្រយ័ត្នប្រយែងនិងបំពេញការងារម៉ត់ចត់នោះតែងចៀសផុតផលលំបាកទាំងពួងផងដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកចូរប្រយ័ត្នក្រុមមនុស្សស្និទ្ធស្នាលកើតជារឿងអាក់អន់ចិត្តហើយខ្លះអាចឈានដល់ការគុំគួនសងសឹកណាមួយមកវិញ។ រីឯបញ្ហាស្នេហាកំលោះក្រមុំកុំចង់សាកល្បងឬឈ្លក់នឹងល្បែងកាមគុណប្រយ័ត្នកើតជាបញ្ហាណាមួយហើយមានតែអាប់ឱនកេរ្តិ៍ឈ្មោះហើយឈានដល់ខូចអនាគតភ្លឺស្វាងអសារឥតការ។
ឆ្នាំម្សាញ់៖ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះចំពោះការធ្វើដំណើរផ្លូវឆ្ងាយឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេបន្តិចពីព្រោះងាយជួបប្រទះជាងសព្វមួយដង។ ដំណើរជីវិតរបស់លោកអ្នកថ្ងៃនេះទោះធ្វើអ្វីក៏ដោយគប្បីមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះក្រុមមនុស្សចាំតែលួចវាយប្រហារពីក្រោយខ្នងហើយបើគេឃើញអ្នកទន់ខ្សោយផងគេនឹងជាន់ពន្លិចបន្ថែមទៀត។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញការធ្វើជំនួញបើឃើញថាកំពុងដាំក្បាលចុះខ្លាំងលោកអ្នកបើមិនមានការគិតគូរឱ្យដិតដល់ទេនោះគ្រោះរង្គោះរង្គើប្រាក់ទ្រព្យពិតជាកើតឡើងពុំខានឡើយ។ រីឯបញ្ហាស្នេហាប្រុសស្រីចូរកុំគប្បីមានការផ្លែផ្កាដោយសម្តីវាយប្រហារឱ្យគ្នាឡើយព្រោះវាជាទម្លាប់អាក្រក់មានតែការកើតជម្លោះវិវាទឥតឈប់ឈរ ហើយអាចនឹងឈានដល់ការបែកបាក់ថែមទៀត ៕
ឆ្នាំមមី៖ រាសីស្រុតចុះ។ នៅថ្ងៃនេះមិនត្រូវប្រើអារម្មណ៍ ឆេវឆាវ ឬ តប់ប្រម៉ល់ ក្នុងការសម្រេចចិត្តអ្វីមួយឡើយពីព្រោះថាងាយជួបនូវកំហុសឆ្គង ឬចាញ់ប្រៀបគេជាងសព្វមួយដង។ ការប្រកបការងារងាយរាំងស្ទះនិងជួបបញ្ហាណាស់ ហេតុនេះត្រូវអត់ធ្មត់បន្តិចទើបឆ្លងគ្រាលំបាកនេះទៅរួច។ អ្នកប្រកបរបររកស៊ីជួញដូរវិញមានការជួបនូវបញ្ហាប្រទាំងប្រទើសខ្លះៗពិសេសងាយកើតនូវទំនាស់ជាមួយអ្នកដទៃផងគប្បីអត់ធ្មត់បន្តិចទើបប្រសើរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានបញ្ហាប្រទាំងប្រទើសនិងមិនសូវចេះអត់ឱនឱ្យគ្នាប៉ុន្មានឡើយ។
ឆ្នាំមមែ៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើទោះបីដួងរាសីខ្ពស់ត្រដែតពិតមែន ប៉ុន្តែសម្រាប់បុរសធ្វើអ្វីតោងតែប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាអាក្រក់ណាមួយឈានចូលកើត។ ចំពោះកិច្ចការងារ ផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនង ការងារ ឬ ចរចា បញ្ហាអ្វីមួយ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញបើលោកអ្នកចង់បោះទុនតូចធំឃើញថាមិនមានទាស់ខុសអ្វីដែរព្រោះផ្លែផ្កាទទួលបានក៏ឆ្លើយតបគ្រាន់កក់ក្តៅ។ ការរស់នៅមានភាពសុខដុម និងមានតែក្រុមមនុស្សអាណិតស្រឡាញ់ជួយជ្រោមជ្រែង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងស្រស់ស្រាយប្រពៃ៕
ឆ្នាំវក៖ រាសីល្អជាមធ្យម។ ស្ត្រីបុរសនាពេលនេះកុំគប្បីឈ្លក់វង្វេងនឹងល្បែងស៊ីសងប្រយ័ត្នជាប់ផុងខ្លួនហើយក្រែងដកខ្លួនពុំរួច។ នៅថ្ងៃការប្រកបការងារឃើញថាមិនសូវជឿនលឿនទៅមុខទេ ពិសេស ងាយកើតបញ្ហាប្រទាំងប្រទើសច្រើនថែមទៀត។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកប្រាក់កម្រៃបន្តិច ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទជាមួយក្រុមមនុស្សក្បែរខ្លួនថែមទៀត។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខយឺតណាស់ហើយការមានទំនាស់ក៏ងាយកើតឡើងដែរ៕
ឆ្នាំរកា៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ពិសេសឱ្យប្រយ័ត្នការទទួលរងខូចខាត ឬបាត់បង់ដោយប្រការណាមួយឡើង។ នាពេលនេះបើមានបញ្ហាអ្វីលោកអ្នកចេះក្រោកឡើងតស៊ូដោះស្រាយឃើញថារឿងធំនឹងរួមជាតូចមកវិញផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញងាយទទួលរងប៉ះទង្គិចជាមួយអ្នកដទៃណាស់ ពិសេស ជម្លោះវិវាទ ព្រោះតែសម្តីមិនចេះទប់របស់ខ្លួន។ការធ្វើអ្វីដំណើរឆ្ងាយជិតជួបនូវបញ្ហាប្រទាំងប្រទើសច្រើនបន្តិចគប្បីប្រយ័ត្នប្រយែង។ សម្ព័ន្ធស្នេហាកំលោះក្រមុំងាយកើតនូវទំនាស់ណាស់ហេតុនេះត្រូវចេះអត់ឱនឱ្យគ្នាបន្តិចទើបគ្មានបញ្ហាចោទឡើងនាំរកាំចិត្ត៕
ឆ្នាំច៖ រាសីខ្ពស់ត្រដែត។ ដំណើរជីវិតរបស់ លោកអ្នក នៅថ្ងៃនេះគាប់ប្រសើរបន្តិចវិញ ដូចនេះអាចមានដំណឹងល្អអ្វីមួយឱ្យសប្បាយចិត្តថែមទៀត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារឬសម្រេចចិត្តក្នុងការធ្វើអ្វីមួយពីព្រោះថាផ្លែផ្កាល្អៗតែងហុចមកវិញគ្រាន់គាប់បំណង។ អ្នកប្រកបរបររកស៊ីជួញដូរការទិញចូលលក់ចេញមានសភាពគ្រាន់រស់រវើកគួរសម ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរ តែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកមិនទាន់មានគូគាប់ ហើយចង់ទំនាក់ទំនងនរណាម្នាក់តែងមានក្តីសង្ឃឹមច្រើន៕
ឆ្នាំកុរ៖ រាសីខ្ពស់ត្រដែត។ នៅក្នុងថ្ងៃនេះអារម្មណ៍ភ្លឺថ្លា ហើយបើទោះបីធ្វើអ្វីក៏តែងហុចផលល្អៗមកវិញគ្រាន់បើផង។ការប្រកបការងារអ្វីៗដែលធ្លាប់តែអាប់អួបានប្រែប្រួលមកល្អប្រសើរឡើងវិញ ប៉ុន្តែការងារជួញជិតប្រសើរជាងជួញឆ្ងាយ។ក្រៅពីនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកបណ្តាក់ទុនរកស៊ីដោយអាចមានការចម្រើនលូតលាស់ដូចពាក្យចាស់ថា”ដាក់ចុះរីកដុះដាលតាមដៃ”ផងដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ផ្សំផ្គុំគ្រួសារដោយចូលនិយាយដល់ចាស់ទុំឬសាសងស្នេហាថ្មីថ្មោងតែងសមដូចគាប់បំណងជានិច្ច៕