នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីខ្ពស់ត្រដែត។ ការរស់នៅក្នុងរង្វង់គ្រួសារលោកអ្នកទាល់តែចេះធ្វើគធ្វើថ្លង់ និងចេះអត់ឱនឱ្យគ្នាទើបគ្មានបញ្ហាកើតឡើងទៀត។ ការប្រកបការងារនៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ លោកអ្នក ចរចា ឬសម្រុះសម្រួល អ្វីមួយពីព្រោះថាការទទួលជោគជ័យដូចគាប់បំណងនោះមានខ្ពស់។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ក្នុងរង្វង់គ្រួសារបើលោកអ្នកមានជម្លោះវិវាទជាឱកាសល្អក្នុងការផ្សះផ្សាផងដែរ។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់ និង ផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់បើ៕
ឆ្នាំឆ្លូវ៖ រាសីល្អជាមធ្យម។ ដំណើរជីវិតរបស់មនុស្សយើងនោះមិនទៀងទាត់ពីព្រោះ ពេលខ្លះល្អ ឯ ពេលខ្លះអាក្រក់ពោលគឺពេលខ្លះមានរឿងរាវយាយី ឯ ពេលខ្លះទៀត មានការសប្បាយ ក្អាកក្អាយ។ ដូចជាក្នុងអំឡុងពេលនេះលោកអ្នកមិនអាចធ្វើអ្វីដោយមិនគិតគូរនោះឡើយពីព្រោះថាផលអាក្រក់ៗនោះតែងមានជាប់ជានិច្ច។ សម្រាប់នៅថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកប្រាក់ចំណូលពិសេសតែងកើតមានរឿងរាវជាមួយអ្នកដទៃថែមទៀត។ រីឯសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីវិញមានការរីកលូតលាស់ទៅមុខយឺតតែក៏ងាយថយក្រោយ៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ ការរស់នៅជួបភាពប្រទាំងប្រទើសជាមួយក្រុមមនុស្សបន្តិច តែក៏មានភាពសុខដុមល្អ។ ក្នុងថ្ងៃនេះបើទោះបីលោកអ្នកណាត់ជួបនរណាក៏តែងមានភាពស្រស់បំព្រង និង មានជោគមានជ័យផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះជួបការលំបាកក្នុងការរកផលកម្រៃណាស់ ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសមិនតិចដែរទេ។ រីឯបញ្ហាគូស្នេហាកំលោះក្រមុំមានការហួងហែងនិងម្នាក់ៗយកភាពប្រចែប្រច័ណ្ឌដឹកមុខច្រើន៕
ឆ្នាំថោះ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកចូរប្រយ័ត្នការមានទំនាស់សម្តីជាមួយក្រុមមនុស្ស ឬមានការខ្វែងគំនិតបង្កើតជាការអាក់អន់ចិត្តដោយប្រការណាមួយ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏តែងជួបបញ្ហាកកូរផ្លូវចិត្តច្រើន ពិសេសងាយកើតរឿងរាវចម្រូងចម្រាសថៃមទៀត។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរការជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបការលំបាកម្តេចម្តាតែក៏មានផលចំណូលមួយៗគ្រាន់បំពេញក្រពះផង។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។ រីឯសេចក្តីស្នេហាកំលោះក្រមុំមិនមានផ្លាស់ប្តូរទេគឺមានភាពស្រុះស្រួលល្អដូចសព្វមួយដង៕
ឆ្នាំរោង៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅតែល្អប្រសើរទេ ហើយធ្វើអ្វីឃើញថាជឿនលឿនទៅមុខប្រពៃគួរសម។ ក្រៅពីនេះបើលោកអ្នកចង់ចេញប្រកបកិច្ចការងារ ឬ បញ្ចេញប្រាក់កាសអ្វីក៏តែងហុចផ្លែផ្កាគ្រាន់កក់ក្តៅ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរចូរលោកអ្នកបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានច្រើនព្រោះអាចទទួលផលប្រយោជន៍មកវិញយ៉ាងច្រើនជាក់ជាពុំខាន។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចម្រើនលូតលាស់ និង កំពុងបើកទំព័រថ្មីសម្រាប់លោកអ្នកហើយ៕
ឆ្នាំម្សាញ់៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកមិនគប្បីឆាប់ជឿក្រុមមនុស្សពេកទេព្រោះងាយជួបគ្រោះចាញ់បោកគេណាស់។ ក្រៅពីនេះលោកអ្នកឱ្យប្រយ័ត្នក្រុមមនុស្សមាត់អុជអាលនាំជួបផលលំបាកណាមួយដែលរកនឹកស្មានមិនដល់។ អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះដែរមានភាពលំនឹងល្អ ហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលហែៗគ្រាន់សម្រាប់ការចាយវាយអញ្ចឹងដែរ។ ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាគូស្នេហ៍ប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់និងកំហឹងទល់កំហល់ដាក់ខ្លួនប្រយ័ត្នកើតរឿងជម្លោះវិវាទឥតឈប់ឈរហើយឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំមមី៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះទោះប្រកបកិច្ចការងារអ្វីតែងទទួលជាលទ្ធផលឆ្លើយតបគ្រាន់កក់ក្តៅគួរសម។ ដោយឡែកអ្នកប្រកបការងារឃើញថាពុំសូវជឿនលឿនទៅមុខប៉ុន្មានទេ ហេតុនេះគប្បីប្រយ័ត្នប្រយែង និង ត្រូវយកចិត្តទុកដាក់ជាលក្ខណៈពិសេសកាន់តែប្រសើរ។ អ្នកប្រកបរបររកស៊ីជួញដូរពុំមានការប្រែប្រួលច្រើនឡើយ គឺចំណូលជួបបញ្ហាតានតឹងខ្លាំងបន្តិច ហើយបើនិយាយពីចំណាយវិញគឺសព្វសារពើសឹងតែទប់ទល់ពុំចង់ឈ្នះ។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមានការប្រេះឆាកាលពីមុនមក ហើយចង់ផ្សំផ្សានាពេលនេះពុំសូវល្អទេ ពីព្រោះថាបើងាយត្រូវរ៉ូវក៏ងាយបាក់បែកទៅវិញដែរ៕
ឆ្នាំមមែ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដំណើរជីវិតមិនសូវល្អប្រសើរ ម្ល៉ោះហើយទើបធ្វើឱ្យងាយកើតបញ្ហាតប់ប្រម៉ល់ និងពិសេសទាំងសាច់ញាតិមិត្តក៏តែងបង្កការថ្នាំងថ្នាក់នាំពិបាកដំណើរជីវិតរស់នៅដែរ។ ការប្រកបការងារពុំសូវភ្លឺថ្លាប៉ុន្មានទេ ហើយពិសេសកិច្ចការតែងមិនអាចទម្លុះទម្លាយដល់ចប់ចុង ចប់ដើមដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានភាពនឹងធឹងល្អតែយ៉ាងណាការរកផលចំណូលនោះមិនឆ្លើយតបដូចជាទីគាប់ចិត្តទេគឺបានត្រឹមមួយទប់ទល់។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំវក៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដំណើរជីវិតឡើងខ្ពស់ ម្ល៉ោះហើយអ្វីៗតែងជួយទ្រទ្រង់ឱ្យអ្នកងើបឡើងជាងសព្វមួយដង។ ក្រៅពីនេះលោកអ្នកអាចទទួលដំណឹងល្អ ឬអាចទទួលដំណឹងអ្វីមួយដែលជឿនលឿនទៅមុខថែមទៀត។ ក្នុងថ្ងៃនេះដែរផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារពីព្រោះថាផ្លែផ្កាល្អតែងហុចមកវិញផង។ អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយតែងអាចប្រមូលផលកម្រៃហូរចូលមួយៗគ្រាន់រស់ស្រួលខ្លួនផង។ រីឯសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខ និងកំពុងមានភាពផ្អែមល្ហែមប្រពៃ៕
ឆ្នាំរកា៖ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះយីអ៊ុនរបស់លោកអ្នកបានងើបខ្ពស់ ម្ល៉ោះហើយជាឱកាសល្អក្នុងការធ្វើអ្វីមួយព្រោះផ្លែផ្កាហុចឱ្យមកវិញក៏សមដូចប្រកបជានិច្ច។ លោកអ្នកអាចមានដំណឹងល្អ ឬ ដោយមានញាតិមិត្តជួយក្នុងរឿងអ្វីមួយទៀតផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងតូចទាំងធំបើចង់ចរចាទិញឬដោះដូរទំនិញអ្វីមួយដោយមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេតែអាចសម្រេចជោគជ័យយ៉ាងឆាប់រហ័សទៀតផង។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់រៀបចំផ្សំផ្គុំគ្រួសារពេលនេះជាឱកាសល្អប្រពៃណាស់៕
ឆ្នាំច៖ រាសីស្រុតចុះ។ នៅថ្ងៃនេះបើជាបុរសក្នុងការធ្វើដំណើរត្រូវចេះត្រៀម និង ប្រយ័ត្នប្រយែងទាំងខ្លួនឯងនិងយានជំនិះពីព្រោះថាងាយទទួលរងផលលំបាកណាមួយកើតឡើងជាងសព្វមួយដង។ ការប្រកបការងារបើទោះបីលោកអ្នកខំរត់ចុះឡើងក៏ពុំសូវសម្រេចដូចគាប់បំណងដែរគឺច្រើនខកបំណងច្រើនជាង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺន និង បញ្ហាចូលមកលុកលុយច្រើន។ សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរប្រទាំងប្រទើសដែលងាយកើតរឿងជម្លោះវិវាទណាស់៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។ ការរស់នៅបើអ្នកដទៃបង្កកំហុស លោកអ្នក ត្រូវចេះលៃលកអភ័យទោសខ្លះកាន់តែប្រសើរ”កុំប៉ះដៃយកដៃ ប៉ះជើងយកជើង”នោះនាំជះផលលំបាកនាគ្រាក្រោយប៉ុណ្ណោះ។ ក្នុងថ្ងៃនេះលោកអ្នកត្រូវរែកពន់ភាពលំបាក និងស្មុគស្មាញច្រើនបន្តិចហើយទាល់តែមានការអត់ធ្មត់តស៊ូទើបអាចសម្រេចជោគជ័យកិច្ចការងារ តូចធំ ទៅរួច។ អ្នកប្រកបរបររកស៊ីជួញដូរដោយសារយីអ៊ុនកំពុងដាក់ស្រាប់ ម្ល៉ោះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីស និង ព្យាបាទយាយីច្រើន ដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបចៀសផុតពីជម្លោះវិវាទទៅរួច។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំកុំគប្បីឈ្លក់នឹងល្បែងកាមគុណប្រយ័ត្នរែកពន់ភាពទុក្ខសោកនាពេលក្រោយ៕