នៅថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបញ្ហាដែលធ្លាប់តែតានតឹងឬមិនងាយដោះស្រាយចេញអាចនឹងមានពន្លឺធូរស្បើយ ហើយពិសេសរឿងរាវខ្លះអាចប្រែមកជាល្អថែមទៀត។ ការប្រកបការងារមានការជម្រើនលូតលាស់ និង ពិសេសអាចទទួលអំណោយអ្វីមួយថែមទៀត។ អ្នកប្រកបរបររកស៊ីជួញដូរពេលនេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬរើទីកន្លែងលក់ដូរដោយអាចជួបនូវក្តីចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ច។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ បញ្ហាគូគ្រងប្តីប្រពន្ធនិងគូស្នេហាកំលោះក្រមុំមានការស្រស់ស្រាយ ហើយបើលោកអ្នកមានទំនាស់ទាស់ទែងគ្នាជាពេលវេលាល្អបំផុតក្នុងការដោះស្រាយផងដែរ៕
ឆ្នាំឆ្លូវ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនទាន់ល្អប្រសើរទេ ពិសេសបើមានធ្វើកិច្ចសន្យាឬចង់ចេញដំណើរឆ្ងាយជិតឃើញថាមិនសូវល្អប្រសើរប៉ុន្មានឡើយ គប្បីមានការប្រយ័ត្នប្រយែង។ ការប្រកបការងារតែងមានក្រុមមនុស្សបង្កបញ្ហានិងពិសេសឱ្យប្រយ័ត្នក្រុមមនុស្សទម្លាក់កំហុសដោយប្រការណាមួយ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលកម្រៃណាស់ ឯការជួញទីជិតឆ្ងាយទៀតសោតក៏កើតមានភាពរកាំរកូសមិនតិចដែរទេ។ រីឯបញ្ហាគូស្នេហាប្រុសស្រីមានការហួងហែងនិងម្នាក់ៗយកភាពប្រចែប្រច័ណ្ឌដឹកមុខនាំឱ្យកើតបញ្ហាចំពោះគ្នាឥតស្រួលចិត្តប៉ុន្មានឡើយ៕
ឆ្នាំខាល៖ រាសីខ្ពស់ត្រដែត។ ថ្ងៃនេះបើទោះបីដួងរាសីឡើងខ្ពស់ពិតមែន ប៉ុន្តែយ៉ាងណាសម្រាប់ស្ត្រីដំណើរជីវិតមិនល្អប្រសើរណាស់ណាទេគឺមានគ្រោះយាយីគប្បីមានការប្រយ័ត្នប្រយែងបន្តិច។ នៅថ្ងៃនេះដោយសារដួងរាសីល្អប្រសើរ ម្ល៉ោះហើយទោះប្រកបការងារអ្វីឃើញថាតែងផ្តល់ផលល្អៗមកវិញគ្រាន់ជាទីពេញចិត្តផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញបើលោកអ្នកចង់ផ្លាស់ប្តូរទីកន្លែងលក់ដូរឬផ្លាស់ប្តូររបរថ្មីក៏តែងមានភាពសមដូចប្រកបច្រើនដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាប្រពៃ៕
ឆ្នាំថោះ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះបើទោះធ្វើអ្វីក៏ដោយមិនអាចប្រមាថបានទេពីព្រោះថាងាយមានបញ្ហាអាក្រក់កើតឡើងជាសព្វមួយដង។ ការប្រកបការងារក៏មិនអាចមើលងាយសភាពការបានដែរពីព្រោះថាបញ្ហាខ្លះមើលទៅល្អសោះអាចប្រែជាអាក្រក់រកស្មានមិនដល់។ អ្នកប្រកបរបររកស៊ីជួញដូរវិញមិនគប្បីហក់លោតខ្លាំងពេកឡើយព្រោះផលចំណូលនោះមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេឬអាចនិយាយបានថាទោះខិតខំខ្លាំងត្រឹមកម្រិតណាក៏បានត្រឹមមួយគ្រប់ឆ្នាំងបាយប៉ុណ្ណោះ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីពុំសូវមានការជឿនលឿនទៅមុខទេមានតែការថយក្រោយចូរប្រយ័ត្នជម្លោះវិវាទពីតិចតួចឈានដល់ផ្លូវបំបែក៕
ឆ្នាំរោង៖ រាសីល្អជាមធ្យម។ ការចេញដំណើរក្រៅផ្ទះមិនថាឆ្ងាយជិតមិនត្រូវឆាប់ជឿសម្តីគេពេកឡើយប្រយ័ត្នជួបគ្រោះចាញ់បោកគេឬទទួលរងគ្រោះប្រការណាមួយ។ ក្នុងថ្ងៃនេះឱ្យប្រយ័ត្នអារម្មណ៍មួម៉ៅក្តៅក្រហាយកើតជាជម្លោះវិវាទមួយហើយមួយទៀតរកធ្វើអ្វីពុំកើត។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីទោះលោកអ្នកខិតខំប៉ុនណាបានត្រឹមមួយទប់ទល់ ហើយបើឱ្យសល់ធំដុំនោះគ្មានទេ។ការធ្វើដំណើរឆ្ងាយជិតមានការប្រទាំងប្រទើសជាមួយអ្នកដទៃច្រើនដូចនេះត្រូវប្រុងប្រយ័ត្នជានិច្ចទើបគ្មានបញ្ហាអាក្រក់ៗចូលមកបៀតបៀនយាយី។ រីឯសេចក្តីស្នេហាប្រុសស្រីមានការចាប់កំហុសនិងយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួននាំឱ្យកើតភាពរកាំចិត្តបន្តបន្ទាប់៕
ឆ្នាំម្សាញ់៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរទេពីព្រោះថាធ្វើអ្វីៗតែងមានការប្រែប្រួលពីល្អមកអាក្រក់ច្រើនដែលនាំឱ្យកើតការសៅហ្មង។ ការប្រកបការងារមានបញ្ហារាំងស្ទះនិងបើមិនដូច្នេះទេអាចកើតមានទំនាស់ពាក្យសម្តីជាមួយអ្នកដទៃថែមទៀត។ រាល់ការបំពេញការងារមិនត្រូវធ្វេសប្រហែសឡើយពីព្រោះថាផលអាក្រក់ងាយកើតជាងផលល្អណាស់។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការរកាំចិត្តនិងនឿយណាយផ្លូវចិត្តនោះក៏មានចំំពោះមុខច្រើន៕
ឆ្នាំមមី៖ រាសីស្រុតចុះ។ អ្នកប្រកបការងារនៅថ្ងៃនេះវិញគឺទៅមុខយឺត និងពិសេសងាយមានរឿងរាវជាមួយអ្នកដទៃច្រើនថែមទៀត។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះមានភាពប្រទាំងប្រទើសទាំងក្នុងក្រុមគ្រួសារនិងអ្នកមានមុខរបរដូចគ្នា។ រីឯបញ្ហាស្នេហាប្រុសស្រីបើចង់យកនរណាម្នាក់ជាគូគាប់ត្រូវចេះពិនិត្យពិច័យឱ្យបានច្បាស់លាស់ទើបមិនត្រូវមករងកម្មនៅគ្រាខាងមុខ ៕
ឆ្នាំមមែ៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកគាប់ប្រសើរដូចនេះទោះធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខនិងមានជោគមានជ័យផង។ អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់ចេញធ្វើជំនួញទីជិតឆ្ងាយឃើញថាមិនមានអ្វីទាស់ខុសទេគឺផ្តល់ការចម្រុងចម្រើនគួរសម។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពលូតលាស់និងកំពុងមានភាពសុខដុមចំពោះគ្នាណាស់ដែរ៕
ឆ្នាំវក៖ រាសីល្អជាមធ្យម។ អំឡុងពេលនេះដោយសារលោកអ្នកជួបបញ្ហាចំណូលតិចតែការចំណាយនោះមានច្រើនគ្រប់សារពើដូចនេះត្រូវមានការប្រយ័ត្នប្រយែងក្រែងត្រូវជួបវិបត្តិថវិការក្នុងគ្រួសារ។ នៅថ្ងៃនេះដែរបើទោះបីធ្វើអ្វីតែងជួបបញ្ហាលំបាកច្រើនបន្តិចតែយ៉ាងណាបើលោកអ្នកមានការព្យាយាមអត់ធ្មត់នោះភាពជោគជ័យតែងកើតមាននៅពេលក្រោយវិញផងដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងអំឡុងពេលនេះមុជមិនជ្រៅទៅមិនឆ្ងាយប៉ុន្មានទេហើយទាល់តែខិតខំខ្លាំងទើបសម្រេចកិច្ចការធំៗទៅរួច។ រីឯបញ្ហាសម្ព័ន្ធ ស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើន៕
ឆ្នាំរកា៖ រាសីល្អជាមធ្យម។ នៅក្នុងថ្ងៃនេះបើលោកអ្នកចង់ណាត់នរណាម្នាក់ចរចាឬធ្វើអ្វីមួយក៏តែងផ្តល់ផលល្អហើយពិសេសអាចឆាប់ចុះសម្រុងគ្នាបានឆាប់រហ័សផង។ ការប្រកបការងារលោកអ្នកមិនត្រូវបង្កជម្លោះជាមួយស្ត្រីភេទឡើយប្រយ័ត្នឥតការអ្វីសោះនាំរឿងរាវតូចសោះប្រែជារីកធំ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរត្រូវប្រុងប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមព្រោះងាយធ្លាក់ក្នុងកលឧបាយគេណាស់គប្បីចេះពិនិត្យសមាសភាពមនុស្សបានឱ្យល្អិតល្អន់បន្តិច។ ការធ្វើដំណើរទីជិតឆ្ងាយមិនគប្បីប៉ះពាល់គ្រឿងស្រវឹងឡើយព្រោះពុំសូវមានសុវត្តិភាពឡើយពិសេសអ្នកបើកបរតែម្តង។ សម្ព័ន្ធស្នេហាប្រុសស្រីថ្ងៃនេះមិនល្អទេចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំនាំកើតបញ្ហាណាមួយឈានដល់ការប្រេះស្រាំផ្សះផ្សាលែងកើត៕
ឆ្នាំច៖ រាសីល្អជាមធ្យម។ ការរស់នៅបើលោកអ្នកមានការពឹងពាក់ឱ្យនរណាធ្វើអ្វីមួយគប្បីចេះត្រូតពិនិត្យមនុស្សព្រោះអាចត្រូវគេកេងប្រវ័ញ្ចឬបោកប្រាស់ផងដែរ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនគាប់ប្រសើរប៉ុន្មានទេ ម្ល៉ោះហើយរាល់ការបំពេញការងារងាយត្រូវគេបំពានណាស់គប្បីមានការប្រយ័ត្នប្រយែងបន្តិច។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយផលចំណូលមានហូរចូលតក់ៗគ្រាន់ផ្សើមបំពង់កអញ្ចឹងដែរតែអ្នកជួញឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការប្រចែប្រច័ណ្ឌនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះការទំនាក់ទំនងឬចង់ពឹងពាក់អ្នកដទៃតែងតែមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាអាក្រក់ណាមួយចោទឡើង។ ចំពោះការប្រកបការងារសព្វបែបយ៉ាងលោកអ្នកមិនត្រូវមានចិត្តប្រកែប្រកាន់ច្រើនឡើយព្រោះនាំតែកើតជម្លោះវិវាទប៉ុណ្ណោះ។អ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវធ្វើអ្វីដោយតក់ក្រហល់ចង់បានភ្លាមៗទេពិសេសការបណ្តាក់ទុនរកស៊ីប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើរទៅមុខជឿនលឿនគួរសម ហើយក៏មានភាពស្រស់ស្រាយប្រពៃ៕