នៅថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីល្អជាមធ្យម។ ថ្ងៃនេះបើលោកអ្នកការធ្វើដំណើរទីជិតឆ្ងាយមានការរកាំចិត្តនិងជួបបញ្ហាប្រទាំងប្រទើសច្រើន។ ដំណើរជីវិតការប្រកបការងាររបស់លោកអ្នកវិញមានជោគមានជ័យហើយធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខជាសន្សឹមៗជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់ជួញធំដុំមិនសូវកាក់កបប៉ុន្មានទេពិសេសប្រយ័ត្នជួបគ្រោះចាញ់បោកគេថែមទៀត។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំយកការប្រចែប្រច័ណ្ឌមកទុកក្នុងខួរក្បាលច្រើនប្រយ័ត្នកើតរឿងរាវនៅក្បែរគ្នាមិនសូវសុខ៕
ឆ្នាំឆ្លូវ៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រាស្រ័យ ទាក់ទងនឹងប្រាក់កាសឬដោះស្រាយបញ្ហាអ្វី មួយពីព្រោះថាតែងទទួលជោគជ័យច្រើនត្រឡប់មកវិញ។ ការប្រកបការងារវិញលោកអ្នកត្រូវ រវាសរវៃ ញាប់ដៃ ញាប់ជើង ហើយត្រូវតែចងចាំថាអំឡុងពេលនេះធ្វើច្រើននឹងទទួលបានផលច្រើនមកវិញជាក់ជាពុំខាន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាតាម ផ្លូវគោក ផ្លូវទឹក ឬ ផ្លូវអាកាសក្តីតែងអាចរកផលកម្រៃមកវិញគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាដំបូងនាថ្ងៃនេះជាការប្រពៃគួរសម៕
ឆ្នាំខាល៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបច្រើនបន្តិច ម្ល៉ោះហើយការរស់នៅតោងតែចេះមើលគេមើលឯងពីព្រោះថាផលអាក្រក់នោះងាយកើតឡើងជាងសព្វមួយដង។ ការប្រកបការងារបើលោកអ្នកចង់ធ្វើអ្វីមួយគប្បីគិតឱ្យបានគ្រប់ជ្រុងជ្រោយ ពីព្រោះថាបើធ្វើអ្វីមួយល្អហើយដល់ថ្ងៃខាងមុខនេះអ្វីៗក៏ល្អទៅជាមួយដែរ។ អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់តែបើចង់ធ្វើជំនួញធំៗនោះឃើញថាតែងជួបផលអាក្រក់ច្រើនជាងល្អបន្តិច។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចេះអត់ឱនឱ្យគ្នានិងប្រាស្រ័យទាក់ទងគ្នាល្អ៕
ឆ្នាំថោះ៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកស្ថិតនៅក្នុងកម្រិតមធ្យមពិតមែនប៉ុន្តែទោះធ្វើអ្វីមិនអាចប្រមាថបានទេគប្បីមានការប្រយ័ត្នប្រយែង។ បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមិនត្រូវធ្វើអ្វីដោយតក់ក្រហល់ចង់បានភ្លាមៗទេពិសេសការបណ្តាក់ទុនរកស៊ីប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកការ។ បញ្ហាសេចក្តីស្នេហាប្រុសស្រីបើមានបញ្ហាអ្វីកុំយកកំហឹងទល់កំហល់ឱ្យសោះប្រយ័ត្នកើតជាជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំរោង៖ រាសីល្អជាមធ្យម។ ការរស់នៅពិសេសការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន និង ពិសេសរោគជំងឺបៀតបៀនយាយីតែម្តង។ ការប្រកបការងារដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើផ្លូវរដិបរដុបច្រើន ពិសេសងាយកើតបញ្ហាជាមួយមនុស្សនៅជុំវិញខ្លួនណាស់។ អ្នកប្រកបរបររកស៊ីជួញដូរវិញមានការជឿនលឿនទៅមុខយឺត ម្ល៉ោះហើយបើចង់បណ្តាក់ទុនអ្វីមួយត្រូវប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយត្រូវអស់ប្រាក់កាសនៅពេលក្រោយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងគ្នា និង កើតប្រទាំងប្រទើសច្រើន៕
ឆ្នាំម្សាញ់៖ រាសីខ្ពស់ត្រដែត។ ការរស់នៅបើលោកអ្នកខ្លះជួបបញ្ហារឿងរាវដោះស្រាយមិនចេញពីបញ្ហាអ្វីមួយកាលពីមុនមក ពេលនេះអាចមានវិធីសម្រាប់ការរកច្រកចេញទៀតផង។ នៅថ្ងៃនេះអារម្មណ៍ភ្លឺថ្លាហើយធ្វើអ្វីៗក៏តែងជឿនលឿនទៅមុខផងដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយចំណូលប៉ុន្តែការចំណាយមានខ្ពស់និងធូរណាស់។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយនិងប្រឆាំងគ្នាច្រើនចូរប្រយ័ត្នឈានដល់ផ្លូវបំបែកណាមួយព្រោះតែចិត្តខ្លាំងរៀងៗខ្លួន៕
ឆ្នាំមមី៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះការប្រកបការងារមានការចម្រើនលូតលាស់យឺត ប៉ុន្តែបើថយក្រោយនោះឆាប់រហ័សណាស់គប្បីមានការប្រយ័ត្នប្រយែង។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះមិនអាចលោភលន់បានទេព្រោះលាភហេងមានការខ្សត់ខ្សោយប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីឃើញភ្លាមស្រឡាញ់ភ្លែតប្រយ័ត្នមករែកពន់ភាពទុក្ខសោកនៅពេលក្រោយ៕
ឆ្នាំមមែ៖ រាសីល្អជាមធ្យម។ ការរស់នៅលោកអ្នកចូរប្រយ័ត្នកូនតូចៗឬមនុស្សចាស់កើតរោគជំងឺឬរអិលដៃជើងធ្លាក់ចុះពីទីខ្ពស់ដោយប្រការណាមួយ។ ការប្រកបការងារ របស់លោកអ្នកងាយកើតភាពប្រទាំងប្រទើសនិងរឿងរាវជម្លោះវិវាទជាមួយអ្នកដទៃណាស់ ដូចនេះគប្បីធ្វើចិត្តត្រជាក់ទើបគ្មានបញ្ហាណាមួយចោទឡើងត្រូវឈឺក្បាល។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមានហូរចូលខ្លះៗគ្រាន់ជាទីពេញចិត្តផង ហើយក្រៅពីនេះបើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរក៏ជាពេលវេលាល្អដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការចម្រើនលូតលាស់ទៅមុខលឿនតែប្រយ័ត្នការថយក្រោយនោះក៏លឿនណាស់ផង៕
ឆ្នាំវក៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អក្នុងការដំណើរប្រាស្រ័យ ទាក់ទងបញ្ហាប្រាក់កាសនិងការផ្សះផ្សាជម្លោះវិវាទ អ្វីមួយពីព្រោះថាតែងផ្តល់ផលល្អមកវិញជានិច្ច។ ចំពោះការប្រកបការងារសព្វបែបយ៉ាងបើទោះបីជួបការលំបាកលំបិន និង ត្រូវការពេលវេលាក្តីតែក៏អាចទទួលលទ្ធផលល្អៗជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរពេលនេះទោះជួញទីជិតឆ្ងាយក៏លោកអ្នកអាចរកផលចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយយ៉ាងធូរជាងមុនបន្តិចដែរ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើលោកអ្នកពុំទាន់មានគូគាប់ ហើយចង់ស្វែងរកជាឱកាសប្រពៃបំផុត៕
ឆ្នាំរកា៖ រាសីល្អជាមធ្យម។ នៅក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការចម្រើនលូតលាស់សន្សឹមៗទៅមុខហើយធ្វើអ្វីក៏តែងមានជោគជ័យច្រើនដែរ។ ការរស់នៅលោកអ្នកជួបបញ្ហាលំបាកផ្លូវចិត្តច្រើនពិសេសបញ្ហានៅផ្ទះសម្បែងតែម្តង។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការរីកដុះដាលយឺតណាស់ហើយទាល់តែខិតខំខ្លាំងទើបចិញ្ចឹមឆ្នាំងបាយរស់ស្រួលខ្លួន។ បញ្ហាសម្ព័ន្ធស្នេហា កំលោះក្រមុំ ឬ ពោះម៉ាយ មេម៉ាយ ក្តីមានការប្រឆាំង និង មិនសូវចេះអត់ឱនឱ្យគ្នាប៉ុន្មានទេ៕
ឆ្នាំច៖ រាសីល្អជាមធ្យម។ ទាំងស្ត្រីបុរសការរស់នៅក្នុងគ្រួសារឆាប់មានរឿងប្រេះឆាណាស់គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបល្អប្រពៃបំផុត។ នៅថ្ងៃនេះបើលោកអ្នកមានបញ្ហាអ្វីតែងចាប់ផ្តើមធូរស្បើយពីទុក្ខលំបាកមួយចំនួនបន្តិចវិញ ហើយបើចង់ដោះស្រាយអ្វីមួយតែងជោគជ័យដូចគាប់បំណងផង។ សំរាប់អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំ និង យកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។ ឯបញ្ហាស្នេហាប្រុសស្រីក្នុងថ្ងៃនេះមានភាពលូតលាស់ទៅមុខនិងកំពុងស្រុះស្រួលគ្នាល្អប្រពៃ៕
ឆ្នាំកុរ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយត្រូវប្រយ័ត្នប្រយែង និងមានចិត្តត្រជាក់ទើបបញ្ហាអាក្រក់មិនអាចឈានចូលកើត។ ការប្រកបការងារជួបបញ្ហាសៅហ្មងនិងក្រុមមនុស្សបង្កបញ្ហាច្រើន។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញផ្លូវឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរណាមួយព្រោះតែការធ្វេសប្រហែស។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខតិចតួចតែឱ្យប្រយ័ត្នជម្លោះវិវាទព្រោះងាយឈានដល់ការប្រេះស្រាំធ្ងន់ធ្ងរ៕