នៅថ្ងៃច័ន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីល្អជាមធ្យម។ ថ្ងៃនេះការរស់នៅ លោកអ្នកជួបភាពតានតឹងផ្លូវចិត្តច្រើនធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានទេ។ ការប្រកបការងារក៏ដូច្នេះដែរលោកអ្នកតោងតែប្រយ័ត្នប្រយែង ហើយឱ្យគិតដល់ផលប៉ះពាល់ដល់នៅពេលក្រោយបន្តទៀត។ អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំតែងហុចផ្លែផ្កាមកវិញគ្រាន់គាប់ប្រសើរគួរសម ហើយក៏មានការរីកលូតលាស់ទៅមុខឥតមានព្រួយបារម្ភនោះដែរ។ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំ កំពុងមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំឆ្លូវ៖ រាសីស្រុតចុះ។ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅតែមានការនឿយហត់និងត្រូវពុះពារបញ្ហាជុំវិញខ្លួនច្រើនផង។ ក្នុងពេលកន្លងមកលោកអ្នកមានរឿងមិនសប្បាយចិត្តឡើយ ដូចនេះលោកអ្នកគប្បីមានការអត់ធ្មត់បន្តិចទើបឆ្លងគ្រាលំបាកទាំងពួងទៅរួច។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញ ប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗឡើងវិញ។ រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំមានភាពជឿនលឿនទៅមុខនិងបើចង់រៀបចំផ្សំផ្គុំគ្រូសារជាពេលវេលាប្រពៃបំផុត៕
ឆ្នាំខាល៖ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីមួយក៏តែងមានការចម្រើនលូតលាស់ជាសន្សឹមៗទៅមុខ ហើយពិសេសធ្វើច្រើនទទួលបានផលច្រើនទៀតផង។ ការបំពេញការងារមានការចម្រើនលូតលាស់និងបើចង់ពឹងពាក់អ្នកដទៃគេតែងអាណិតស្រឡាញ់និងជួយជ្រោមជ្រែងផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីពេញចិត្ត។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងតែងសម្រេចជោគជ័យផងដែរ៕
ឆ្នាំថោះ៖ រាសីល្អជាមធ្យម។ ការរស់នៅបើជាស្ត្រីទោះជាធ្វើអ្វីមិនអាចប្រមាថបានទេ ត្រូវប្រយ័ត្នប្រយែងគ្រប់រឿងទើបប្រសើរបំផុត។ យីអ៊ុនរបស់លោកអ្នកមានបញ្ហាអាក្រក់ខ្លះៗចូលមកយាយីផងដូចនេះទោះធ្វើអ្វីក៏ដោយត្រូវចេះត្រួតពិនិត្យឱ្យបានច្បាស់លាស់ទើបមិនមានបញ្ហាអាក្រក់ណាមួយចោទឡើងត្រូវពិបាកក្នុងការដោះស្រាយនាពេលក្រោយ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវមានទំនាក់ទំនងល្អជាមួយក្រុមមនុស្សជុំវិញខ្លួនឱ្យបានច្រើនព្រោះអាចទាញផលប្រយោជន៍អ្វីមួយមកវិញនៅថ្ងៃខាងមុខជាក់ជាពុំខាន។ បញ្ហាគូស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការលូតលាស់ទៅមុខយឺតៗហើយងាយថយក្រោយណាស់៕
ឆ្នាំរោង៖ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីគឺតែងពុំសម្រេចដូចគាប់បំណងប៉ុន្មានឡើយពោលគឺច្រើនខកបំណង។ ចំណែកអ្នកខ្លះអាចមានពាក្យសំដីបង្កើតជាបញ្ហាច្រើនផង។ ក្រៅពីនេះបើមានកិច្ចការអ្វីសំខាន់ហើយចង់ទៅពឹងពាក់នរណាម្នាក់តែងពុំសូវសម្រេចដូចបំណងប៉ុន្មានទេ ហើយគេមានតែស្តីបន្ទោសបន្ថែមទៀត។ អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយចូរប្រយ័ត្នកើតការជម្លោះវិវាទណាមួយជាមួយមនុស្សនៅក្បែរខ្លួនដែលនាំជះឥទ្ធិពលអាក្រក់នាពេលក្រោយ។ រីឯបញ្ហាប្រុសស្រីដែលមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែតប្រយ័ត្នជួបរឿងកម្មក្រាសនៅពេលក្រោយហើយមកដេកឈឺចិត្ត៕
ឆ្នាំម្សាញ់៖ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះឧបទ្រពមិនល្អបានយាយីលើដំណើរជីវិតរបស់លោកអ្នក ដូច្នេះហើយនាំឱ្យការធ្វើដំណើរឆ្ងាយជិតជួបបញ្ហាប្រទាំងប្រទើស និង រឿងរាវរត់ចូលច្រើនគប្បីប្រយ័ត្នប្រយែង។ ក្នុងថ្ងៃនេះមនុស្សល្អអាចប្រែជាអាក្រក់ ហើយមនុស្សអាក្រក់អាចនឹងអាក្រក់ថែមទៀតដូចនេះធ្វើអ្វីក៏ដោយត្រូវប្រយ័ត្នប្រយែងទើបចៀសផុតបញ្ហាចំពោះមុខ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នក្រុមមនុស្សអុជអាលអ្វីមួយនាំឱ្យកើតការក្តៅក្រហាយបង្កជាជម្លោះជាមួយអ្នកដទៃឡើង។ ការធ្វើដំណើរទីជិតឆ្ងាយទាំងពេលទៅនិងត្រឡប់មកវិញពុំសូវមានសុវត្តិភាពទេគប្បីមានការប្រយ័ត្នប្រយែងពិសេសអ្នកបើកបរមិនត្រូវសេពគប់គ្រឿងស្រវឹងដាច់ខាត។ រីឯបញ្ហាស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទី៣ចូលមកអុកឡុកនាំកើតជម្លោះវិវាទឈានដល់ការបែកប្រេះស្រាំធ្ងន់ធ្ងរណាមួយកើតឡើង៕
ឆ្នាំមមី៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបញ្ហាប្រាក់កាស និងបញ្ហាផ្ទាល់ខ្លួនឃើញថាមានការបោះជំហ៊ានទៅមុខ ហើយចង់ទំនាក់ទំនងអ្វីតែងឆ្លើយតបជាលទ្ធផលគ្រាន់កក់ក្តៅ។ ការប្រកបការងារវិញតែងត្រូវបានបណ្តាមិត្តភក្តិកើតការគោរពខ្លបខ្លាចវិញខ្លះ ហើយធ្វើអ្វីតែងជឿនលឿនគ្រាន់សមប្រកបផងដែរ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីការរកផលកម្រៃបើឃើញថាអ្នកដទៃគេរកបានកុំប្រឹងរកតាមពេកព្រោះថាមិនអាចហុចផលកម្រៃដូចជាទីពេញចិត្តនោះដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមិនមានអ្វីប្រែប្រួលគួរកត់សម្គាល់ទេគឺដូចសព្វមួយដង៕
ឆ្នាំមមែ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះបើពុំធ្វើអ្វីដែលមិនធ្វេសប្រហែស ឬប្រឆាំងនរណាម្នាក់ទាំងបំពាននោះផលលំបាកក៏មិនកើតឡើងនាំរែកពន់ដែរ។ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីក៏តែងមិនផ្តល់ផលល្អប៉ុន្មានទេ ហេតុនេះគប្បីមានការ ប្រយ័ត្នប្រយែង បន្តិចទើបមិនមានបញ្ហាអ្វីចោទឡើង។ ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវធ្វើអ្វីដោយតក់ក្រហល់ចង់បានភ្លាមៗទេ ពិសេសការបណ្តាក់ទុនរកស៊ីប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីកុំមានរឿងអ្វីយកកំហឹងទល់កំហល់ឱ្យសោះប្រយ័ត្នកើតជាជម្លោះវិវាទឈានដល់ការបែកបាក់ហើយត្រូវមកសោកកាខ្លួនឯង៕
ឆ្នាំវក៖ រាសីល្អជាមធ្យម។ ថ្ងៃនេះផលលំបាកដែលកើតមាននឹងធូរស្បើយទៅវិញខ្លះ ហើយបញ្ហាដែលធ្លាប់តែអុកឡុកយាយីក៏ចាប់ផ្តើមពីតានតឹងមកធូរស្រាល ហើយភាពប្រទាំងប្រទើសក៏ចាប់ផ្តើមស្ងប់សុខឡើងវិញ។ ការប្រកបការងារទោះទីជិតឆ្ងាយឃើញថាមិនហុចផលល្អប៉ុន្មានទេពីព្រោះថាផលអាក្រក់នៅយាយីនៅឡើយដែរ។ ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សបង្កជម្លោះដោយប្រការណាមួយ។ ឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំក្នុងថ្ងៃនេះមានភាពជឿនលឿនទៅមុខនិងស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំរកា៖ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នប្រយែងអារម្មណ៍បន្តិចពីព្រោះថាងាយបង្កជាបញ្ហាមកដាក់ខ្លួនណាស់។ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីឃើញថាមិនដំណើរការទៅមុខដូចជាទីពេញចិត្តនោះឡើយ។ សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីដាំក្បាលចុះដូចនេះការប្រកបរបររកស៊ីជួញដូរមានការថយចុះច្រើនបន្តិចហើយបើមានបើករបរថ្មីផងតែងមិនសូវសមដូចបំណងប៉ុន្មានទេ។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំច៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាចមានដំណឹងល្អឱ្យសប្បាយចិត្តទាំងរឿងរាវផ្ទាល់ខ្លួន ការងារ និងសូម្បីបញ្ហាប្រាក់កាសផង។ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីឃើញថាមានការជឿនលឿនទៅមុខនិងហុចផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផង។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើក ឯបើលោកអ្នកចង់រើទីកន្លែងលក់ដូរជាឱកាសល្អប្រពៃណាស់ព្រោះតែងហុចផ្លែផ្កាដូចជាទីពេញចិត្ត។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានល្អនិងមានអាក្រក់នៅលាយឡំគ្នាដូចនេះធ្វើអ្វីក៏ដោយត្រូវចេះមើលគេមើលឯងនិងពិសេសស្តាប់គេឯងខ្លះទើបមិនត្រូវធ្លាក់ទឹកណាមួយរកនឹកស្មានមិនដល់។ ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។ អ្នកប្រកបរបររកស៊ីជួញដូរវិញមានការរីកលូតលាស់ទៅមុខនិងការរកប្រាក់កម្រៃទៀតសោតក៏គ្រាន់បើជាងមុនដែរ។ រីឯបញ្ហាស្នេហាកំលោះក្រមុំត្រូវចេះឃ្លាតពីគ្នាខ្លះហើយរកពេលបំពេញកិច្ចការងារនិងរៀនសូត្រទើបប្រសើរបំផុត៕