ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣

នៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​លោកអ្នក​ជួប​បញ្ហា​អ្វី​ត្រូវ​ចេះ​ត្រៀម​ទប់ទល់​ឱ្យ​ល្អ​ទើប​គ្មាន​បញ្ហា​មិនល្អ​ចោទឡើង​។​ ទោះ​ធ្វើ​អ្វី​គប្បី​មានការ​ធ្វើ​ចិត្ត​ត្រជាក់​ទើប​គ្មាន​បញ្ហា​អាក្រក់​ឈានចូល​កើត​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​កម្រើក​បន្តិច​វិញ ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត​មិនតិច​ឡើយ​៕

ឆ្នាំឆ្លូវ៖ រាសី​ល្អជា​មធ្យម​។​ ការរស់នៅ​បើជា​ស្ត្រី​នៅថ្ងៃនេះ​គឺ​មិនត្រូវ​ឆាប់​ត្រចៀកស្រាល​ជឿទុកចិត្ត​គេ​ពេក​ឡើយ​ព្រោះ​បើកាលណា​ថ្លោះធ្លោយ​ធ្លាក់​ក្នុង​គ្រោះ​ចាញ់បោក​គេ​ហើយ​មិន​ងាយ​ស្តារឡើងវិញ​ទេ​។​ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​គឺ​ដំណើរ​ការមិន​ល្អប្រសើរ​ទេ ពិសេស​ធ្វើ​ច្រើន​ខុស​ច្រើន​ថែមទៀត​។ ការប្រកប​របរ​រក​ស៊ី​ជួញដូរ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។​ រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ និង គូ​ស្នេហា​កំលោះ​ក្រមុំ​ក្នុង​ពេលនេះ​មាន​ភាពស្និទ្ធស្នាល​ដូច​ប្រក្រតី​មិនមាន​អ្វី​រកាំចិត្ត​គួរកត់សម្គាល់​ឡើយ​៕

ឆ្នាំខាល៖ រាសី​ល្អជា​មធ្យម​។​ នាពេល​កន្លងមក​លោក​អ្នក​ទទួលរង​ការ​ហត់នឿយ ម្ល៉ោះហើយ​ត្រូវ​ចេះ​មាន​ការតស៊ូ​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។ ចំណែក​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​វិញ​មាន​ការប្រទាំងប្រទើស​ជាមួយ​មិត្តភក្តិ​បន្តិច​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​គ្រាន់​គាប់ប្រសើរ​វិញ ហើយ​រឿង​រាវ​អាក្រក់​ទាំងឡាយ​ដែល​ធ្លាប់មាន​កាលពីមុន​មក​ក៏​ត្រូវបាន​រលត់រលាយ​ទៅ​ឆ្ងាយ​តាម​កាល​វេលា​ដែរ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កំពុង​មានការ​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​មានការ​គិត​ហួស​ព្រំដែន​ច្រើន​៕

ឆ្នាំថោះ៖ រាសី​ខ្ពស់ត្រដែត​។​ ទាំង​ស្ត្រី​បុរស​ការរស់នៅ​លោកអ្នក​ត្រូវ​ចេះ​ចាត់ចែង​ការងារ និង ប្រាក់កាស​ឱ្យបាន​ល្អ​ទើប​ពុំមាន​អ្វី​នាំឱ្យ​រែកពន់​ភាពលំបាក​លំបិន​នាពេល​ក្រោយ​។​ នៅថ្ងៃនេះ​ផ្តល់​ល្អ​សម្រាប់​លោកអ្នក​សម្រុក​បំ​ពេញការ​ងារ​ឬ​ផ្តើម​បំពេញការងារ​អ្វីមួយ​ថ្មី​ព្រោះ​ផ្លែផ្កា​ហុច​មកវិញ​ក៏​គួរ​ជាទី​ពេញចិត្ត​ផងដែរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

ឆ្នាំរោង៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​លោកអ្នក​បើ​ចង់​ពឹងពាក់ ឬ ខ្ចី​អ្វីមួយ​អ្នកដទៃ​ទោះបី​បាន​ពិតមែនតែ​ក៏​មក​គ្រប់​ដូច​បំណង​នោះដែរ​។​ ការប្រកប​ការងារ បើទោះបី​ធ្វើ​អ្វី​តែងមាន​ការរាំងស្ទះ​និង​មិនសូវ​សម្រេច​ដូច​បំណង​ប៉ុន្មាន​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​កើតមាន​ភាព​សៅហ្មង​ច្រើន​ទៀតផង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​នឿយណាយ​ច្រើន​លុកលុយ ហើយ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ថែមទៀត​៕

ឆ្នាំម្សាញ់៖ រាសី​ល្អជា​មធ្យម​។ ​នាពេលនេះ​លោកអ្នកចាប់ផ្តើម​តានតឹង​ទាំង​ស្ត្រី​បុរស។ ​ខែ​នេះ​គឺជា​ខែ​ដួង​រាសី​ធ្លាក់​ស្រុតចុះ​ខ្លាំង​(​ឆុង​)​ហេតុនេះ​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។ ​ចំពោះ​ការធ្វើ​អ្វីមួយ​វិញ​លោកអ្នក​មិនត្រូវ​ឆាប់​ជឿ​សម្តី​គេ​ឡើយ​ប្រយ័ត្ន​ជួប​ផល​លំបាក​អ្វីមួយ​ត្រូវ​ដោះស្រាយ​នៅ​គ្រា​ខាងមុខ​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ក្នុង​ពេលនេះ​វិញ​មានដំណើរ​ថយក្រោយ​និង​ងា​​យ​មាន​ជម្លោះ​វិវាទ​ណាស់​៕

ឆ្នាំមមី៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​លោកអ្នក​ងាយ​កើត​អារម្មណ៍​តប់​ប្រ​ម៉​ល់ និង ងាយ​បង្កើតជា​រឿង​រាវ​ជាមួយ​អ្នកដទៃ​ជាង​សព្វមួយដង ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ សម្រាប់​ពេលវេលា​មិនល្អ​ក្នុងការ​សម្រេចចិត្ត​អ្វីមួយ​គឺ​ម៉ោង ១១,០០-២,៥៩​វិនាទី​រសៀល​។ ​សម្រាប់​ការប្រកប​ការងារ​មានការ​រាំងស្ទះ​ញឹកញាប់ ហើយ​ពិសេស​ងាយ​បង្កើត​បញ្ហា​ច្រើនជាង​សព្វមួយដង​។​ ការធ្វើ​ជំនួញ​ពុំ​សូវ​មានការ​លូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ថ្នាំងថ្នាក់​និង​មិនសូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ឡើយ​ដោយសារ​ម្នាក់ៗ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

ឆ្នាំមមែ៖ រាសី​ខ្ពស់ត្រដែត​។​ នៅក្នុង​អំឡុង​ពេលនេះ​លោកអ្នក​មានការ សុខ​ទាំង​កាយ សប្បាយ​ទាំង​ចិត្ត ពិតមែនតែ​ការតានតឹង​អារម្មណ៍​នោះ​ក៏មាន​ច្រើន​ដែរ​។ ​សម្រាប់​ការប្រកប​ការងារ​ស្ត្រី​លោកអ្នក​នៅ​ជួប​បញ្ហាលំបាក​ផ្លូវចិត្ត​ច្រើន​ដោយសារតែ​ការគិត​ច្រើន​នោះ​តែម្តង​។ ​អ្នក​អាជីវករ​នៅថ្ងៃនេះ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​គួរសម​បន្តិច​វិញ ហើយ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​ឆ្លើយតប​ក៏​គួរ​ជាទី​ពេញចិត្ត​ដែរ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​៕

ឆ្នាំវក៖ រាសី​ល្អជា​មធ្យម​។​ គប្បី​ចាត់ចែង​របៀបការ​ងារ និង​រៀបចំ​ចាត់ចែង​ប្រាក់កាស​ឱ្យបាន​ល្អ​។​ ការប្រកប​ការងារ​នៅថ្ងៃនេះ​លោកអ្នក​ជួប​បញ្ហា​នឿយណាយ​និង​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​តែ​យ៉ាងណា​ក៏មាន​ការរីកលូតលាស់​សន្សឹមៗ​ដូច​សព្វមួយដង​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​វិញ​ពុំ​សូវ​គាប់ប្រសើរ​ទេ​គួរ​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​មានតែ​ក្រុមមនុស្ស​ចាំ​ផ្តួលរំលំ​ដោយ​ក្តី​ឈ្នានីស​ច្រើន​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើតរឿង​សៅហ្មង​មានតែ​បញ្ហា​ប្រទាំង​ប្រទើស​ជាមួយគ្នា​តែប៉ុណ្ណោះ​៕

ឆ្នាំរកា៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​បើ​លោកអ្នក​មិន​ធ្វើ​អ្វីដែល​ធ្វេសប្រហែស ឬ មិន​ប្រមាថ​កិច្ចការ​ចំពោះមុខ​នោះ​ក៏​ពុំមាន​បញ្ហា​អាក្រក់​កើតឡើង​ឡើយ​។​ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​ចេះ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​គ្មាន​ពាក្យ​ថា​ត្រូវ​មក​ដេក​សោក​ការ​នៅពេល​ក្រោយ​។​ នៅថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ដូច្នេះ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​លលេង​នឹង​ល្បែង​កាមគុណ​ប្រយ័ត្ន​កើតជា​រឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

ឆ្នាំច៖ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឱ្យ​សប្បាយចិត្ត និង​មានជោគ​លាភ​ផង​។​ ក្នុងថ្ងៃនេះ​ទោះ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​ក៏ដោយ​ក៏​អាច​ចាប់ផ្តើម ពេញដៃពេញជើង​បាន​ហើយ​។ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​ បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​ហើយ​បើ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​អាច​គេច​ពី​រឿងរ៉ាវ​ចម្រូងចម្រាស់​ទៅរួច​៕

ឆ្នាំកុរ​៖ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ការធ្វើ​អ្វីមួយ​ងាយ​ភ្លាំងភ្លាត់​តិចតួច ហើយ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​ ទោះបីយ៉ាងណា​ការធ្វើដំណើរ​ចូរ​ប្រយ័ត្ន​បញ្ហា​មិនល្អ​រត់​ចូល​នាំ​ពិបាក​ទប់ទល់​។​ ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​អ្វីមួយ​តែង​ទទួលផល​ប្រយោជន៍​មកវិញ​នៅពេល​ក្រោយ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕