នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីល្អជាមធ្យម។ ការរស់នៅទាំងស្ត្រីបុរសលោកអ្នកចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេនិងគ្រោះមុតរបស់ស្រួច។ ថ្ងៃនេះយីអ៊ុនរបស់លោកអ្នកពុំគាប់ប្រសើរចំពោះការប្រកបការងារប៉ុន្មានទេ ដូចនេះបើចង់ធ្វើអ្វីមួយត្រូវព្យាយាមអត់ធ្មត់បន្តិចទើបប្រសើរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនមានការលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេគឺមានដំណើរថយក្រោយច្រើនជាង ដូចនេះបើចង់ធ្វើអ្វីមួយធំដុំគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។ បញ្ហាសេចក្តីស្នហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានដំណើរពុំល្អទេចូរប្រយ័ត្នក្រុមមនុស្សចូលមកបំបែកដោយប្រការណាមួយ៕
ឆ្នាំឆ្លូវ៖ រាសីល្អជាមធ្យម។ ការរស់នៅនាថ្ងៃនេះឃើញថាលោកអ្នកតែងកើតមានរឿងសៅហ្មងចំពោះមុខច្រើន។ ការប្រកបការងារឬធ្វើអ្វីមួយឃើញថាមានការជឿនលឿនទៅមុខពិតមែន ប៉ុន្តែភាពភ្លាំងភ្លាត់ក៏នៅមានយាយីផងដែរ។ អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរបើលោកអ្នកមានការខិតខំ ហើយរវៀសរវៃក្នុងមុខទំនិញខ្លះក៏អាចរកផលចំណូលចូលគ្រាន់ស្រួលចិត្ត។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានភាពសុខដុមល្អតែយ៉ាងណាភាពប្រចែប្រច័ណ្ឌនៅតែលុកលុយនៅឡើយទេ៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ ការរស់នៅមិនថានៅផ្ទះសម្បែងឬចេញធ្វើដំណើរឆ្ងាយជិតមានភាពប្រទាំងប្រទើសពិសេសឱ្យប្រយ័ត្នបញ្ហាគ្រោះចាញ់បោកគេបន្តិច។ ការប្រកបការងាររបស់លោកអ្នកមានការចម្រើនលូតលាស់ និង ទទួលជោគជ័យមកវិញគ្រាន់ជាទីពេញចិត្តផង។ អ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ ហើយក៏មិនមានការថយក្រោយដែរ។ សម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំងនិងមិនសូវចេះអត់ឱនឱ្យគ្នាប៉ុន្មាននោះឡើយ៕
ឆ្នាំថោះ៖ រាសីល្អជាមធ្យម។ ក្នុងរង្វង់គ្រួសារចូរប្រយ័ត្នអ្នកក្រៅចាក់ដោតនាំកើតជម្លោះវិវាទ។ អំឡុងពេលនេះការសុខកាយបានកន្លងផុតច្រើនហើយ តែបញ្ហាប្រឈមដំណើរជីវិតត្រឡប់ជារត់ចូលច្រើនវិញ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទីជិតឆ្ងាយមិនសូវជោគជ័យដូចបំណងប៉ុន្មានទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកើតការប្រទាំងប្រទើសច្រើនបន្តិចព្រោះតែការប្រចែប្រច័ណ្ឌលុកលុយ៕
ឆ្នាំរោង៖ រាសីល្អជាមធ្យម។ នាថ្ងៃនេះការចេញធ្វើអ្វីមួយ ក្នុងពេលព្រឹកពុំមានអ្វីជាឧបសគ្គទេ តែពេលថ្ងៃបន្តិចឱ្យប្រយ័ត្នបញ្ហាតូចធំរត់ចូលច្រើនទៅវិញ។ ការប្រកបការងារវិញមានភាពលូតលាស់ល្អ ហើយធ្វើអ្វីក៏តែងហុចផលមកវិញជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយមិនថាផ្លូវគោក ផ្លូវទឹកឬផ្លូវអាកាសក្តីមិនសូវសមដូចប្រកបទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។ រីឯសេចក្តីស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំគ្មាននរណាជួយបាន ហើយត្រូវខូចកិត្តិយលឥតអំពើថែមទៀត៕
ឆ្នាំម្សាញ់៖ រាសីស្រុតចុះ។ នៅថ្ងៃដំណើរជីវិតរបស់លោកអ្នកមិនល្អទេ ហើយពិសេសអាចបាត់បង់ប្រាក់កាសដោយប្រការណាមួយផង។ ក្រៅពីនេះលោកអ្នកអាចទទួលដំណឹងមិនល្អណាមួយពីបណ្តាមិត្តភក្តិឬមនុស្សក្បែរខ្លួនថែមទៀត។ ដោយឡែកនៅថ្ងៃនេះវិញបើលោកអ្នកធ្វើអ្វីដែលមិនតានតឹងអារម្មណ៍ខ្លាំងពេកឬមិនយកចិត្តក្តៅដាក់ខ្លួននោះក៏ពុំមានរឿងរាវអាក្រក់ណាយាយីកើតផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយមិនសូវដូចសមប្រកបប៉ុន្មានទេគឺច្រើនខកបំណង ហើយពិសេសឱ្យប្រយ័ត្នកើតរឿងជម្លោះវិវាទពីតូចតាចក្លាយរីកជាធំ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយនិងងាយកើតបញ្ហាចម្រូងចម្រាស់ណាស់ផង៕
ឆ្នាំមមី៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដួងរាសីខែខ្ពស់ត្រដែត ហើយស្ថិតនៅក្នុងថ្ងៃល្អ ថែមទៀតធ្វើឱ្យការប្រកបការងារមានការចម្រើនលូតលាស់និងធ្វើអ្វីតែងទទួលផលគ្រាន់ជាទីគាប់ចិត្ត។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ វិញមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កា និង ប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពលូតលាស់ទៅមុខនិងត្រជាក់ត្រជុំប្រពៃ៕
ឆ្នាំមមែ៖ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះការប្រកបការងារអ្វីលោកអ្នកតែងមិនសូវសម្រេចដូចគាប់បំណងនោះឡើយ គប្បីមានការប្រយ័ត្នប្រយែង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ ដូងរាសីពុំសូវល្អទេ ដូចនេះលោកអ្នកមិនគប្បីហក់លោតខ្លាំងពេកឡើយព្រោះផលចំណូលប្រមូលមកវិញមិនឆ្លើយតបដូចសេចក្តីប្រាថ្នាឡើយ និង ស្រួលមិនស្រួលត្រូវចំណាយកម្លាំងឥតអំពើ។ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំលោកអ្នកត្រូវចេះពូនជ្រោយសេចក្តីស្នេហារបស់ខ្លួនកុំបង្កជម្លោះទើបឈានដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំវក៖ រាសីល្អជាមធ្យម។ លោកអ្នកត្រូវអត់ធ្មត់មួយសប្តាហ៍នេះទៀត ទើបឆ្លងដល់ខែថ្មីដំណើរជីវិតនឹងភ្លឺថ្លាជាងនេះពុំខាន។ ការប្រកការងារចូរប្រយ័ត្ន ជួបគ្រោះចាញ់បោកគេបន្តិច។ ដោយឡែកនៅថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីហក់លោតខ្លាំងពេកឡើយព្រោះផលចំណូលប្រមូលមកវិញមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេនិងស្រួលមិនស្រួលត្រូវចំណាយកម្លាំងឥតអំពើថែមទៀត។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំសូវលេងម៉េះម៉ោះច្រើននាំតែកើតជម្លោះវិវាទប៉ុណ្ណោះ៕
ឆ្នាំរកា៖ រាសីល្អជាមធ្យម។ នាពេលនេះបើលោកអ្នកមានដំណើរកម្សាន្តផ្សេងៗកុំគប្បីសេពគប់គ្រឿងស្រវឹងព្រោះងាយកើតរឿងរាវអាក្រក់ណាស់ ហើយស្រួលមិនស្រួលកើតជាជម្លោះវិវាទកាប់ចាក់គ្នាឈានដល់ការប្តឹងផ្តល់អស់ប្រាក់កាសទៀតផង។ ថ្ងៃនេះលោកអ្នកបើបំណងប្រាថ្នាចង់ធ្វើអ្វីមួយតែងមិនឆ្លើយតបដូចក្តីប្រាថ្នាប៉ុន្មានទេគឺជារឿយៗតែងមានរឿងរាវល្អក់កករចូលមកផង។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃទាល់តែខិតខំខ្លាំងទើបអាចរកចំណូលគ្រាន់បន្សើមបំពង់បើពុំនោះទេច្បាស់ជាជួបបញ្ហាប៉ះទង្គិចទៀតហើយ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការពុំសូវចុះសម្រុងគ្នាដោយសារម្នាក់ៗរឹងមានះ ហើយចង់ឈ្នះដូចគ្នារៀងៗខ្លួន៕
ឆ្នាំច៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះ លោកអ្នកមុនសម្រេចចិត្តធ្វើអ្វីមួយក៏គប្បីត្រូវចេះថ្លឹងថ្លែងឱ្យបានល្អដែរ បើពុំនោះទេ នឹងបានទទួលផលអាក្រក់ជាងផលល្អជាក់ជាពុំខាន។ ការប្រកបការងារលោកអ្នកមិនត្រូវឆាប់ជឿសម្តីគេឡើយប្រយ័ត្នជួបផលលំបាកអ្វីមួយត្រូវដោះស្រាយនៅគ្រាខាងមុខ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីក្នុងពេលនេះវិញមានដំណើរថយក្រោយ និង ងាយមានជម្លោះវិវាទណាស់៕
ឆ្នាំកុរ៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះការប្រកបការងារទាក់ទងនឹងបញ្ហាប្រាក់កាសនិងបញ្ហាទូទៅគឺមានភាពរលូនល្អសន្សឹមៗទៅមុខជានិច្ច។ សម្រាប់លោកអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាតមានការរកផលកម្រៃគ្រាន់ហូរចូលតក់ៗផងតែយ៉ាងណាមិនត្រូវយកភាពមោហៈទោសៈឬយកក្តីច្រណែនឈ្នានីសដាក់ខ្លួនឡើយបើពុំនោះទេនាំកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់ថែមទៀត។ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងកំពុងផ្អែមល្ហែមប្រពៃ៕