នៅថ្ងៃពុធ ទី០៦ ខែឆ្នូ ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីល្អជាមធ្យម។ អំឡុងពេលនេះដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុប និង មានបញ្ហាច្រើនចូលយាយីនាំជួបស្ថានភាពលំបាក។ សម្រាប់ថ្ងៃនេះដែរបញ្ហាការងារ បញ្ហាផ្ទាល់ខ្លួន គឺមានភាពភ្លឺថ្លា ហើយធ្វើអ្វីតែងជឿនលឿនគ្រាន់គាប់បំណងត្រឡប់មកវិញ។ អ្នកប្រកបការងាររកស៊ីជួញដូរ លោកអ្នកត្រូវតែក្តោបក្តាប់ឱកាសនេះកុំឱ្យឆ្លងផុតដោយឥតប្រយោជន៍ឡើយដោយអាចប្រកបរបរថ្មីៗឬផ្លាស់ទីកន្លែងលក់ដូរក៏កាន់តែប្រសើរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អបំផុតក្នុងការនិយាយគ្នាអំពីគម្រោងអាពាហ៍ពិពាហ៍ហើយ៕
ឆ្នាំឆ្លូវ៖ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចា ឬចង់ពឹងពាក់នរណាម្នាក់ក៏ទទួលផ្លែផ្កាគ្រាន់ពេញចិត្ត។ ការប្រកបការងារសព្វបែបយ៉ាងបើទោះបីកិច្ចការមមាញឹកពិតមែនតែក៏មានសំណាងមកវិញដែរគឺធ្វើច្រើនតែងហុចផលច្រើនជានិច្ច។ ក្នុងថ្ងៃនេះដែរលាភសំណាងហាក់ហូរចូលខ្លះ ដូចនេះជាឱកាសល្អក្នុងការពង្រីកមុខជំនួញព្រោះផ្លែផ្កាហុចមកវិញឃើញថាអាចឆ្លើយតបគួរជាទីពេញចិត្ត។ រីឯបញ្ហាប្រុសស្រីលោកអ្នកមិនគប្បីលង់លក់តែក្នុងរឿងសេចក្តីស្នេហាខុសរបៀបដែលនាំឱ្យខូចអនាគតដោយប្រការណាមួយ៕
ឆ្នាំខាល៖ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នការបាត់បង់ប្រាក់កាសដោយមិនដឹងខ្លួន ឬ ការទទួលដំណឹងមិនគួរឱ្យសប្បាយចិត្តអ្វីមួយកើតឡើង។ កិច្ចការងារហាក់ទទួលរងសម្ពាធដែលធ្វើឱ្យជួបស្ថានភាពលំបាកមួយចំនួន និងកិច្ចការងារទៀតសោតក្រុមមនុស្សចាំតាមមើលកំហុសក៏ច្រើនដែរ។ អ្នកប្រកបរបររកស៊ីជួញដូរវិញជួបបញ្ហាលំបាកក្នុងការទាក់ទាញរកអតិថិជនបន្តិច ឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបរកប្រាក់ចំណូលចិញ្ចឹមគ្រួសារគ្រាន់ធូរទៅរួច។ រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំចូរប្រយ័ត្នការដើរពាសវាលកាលនាំកើតរឿងរ៉ាវអាក្រក់ណាមួយហើយជួបផលលំបាកនៅគ្រាខាងមុខមានតែទឹកភ្នែកជូតក្បាលជង្គង់៕
ឆ្នាំថោះ៖ រាសីល្អជាមធ្យម។ ក្នុងរយៈពេលនេះលោកអ្នកមិនត្រូវយកខ្លួនទៅធានារឿងអ្នកដទៃប្រយ័ត្នធ្វើគុណបែរជាបានទោសមកវិញ។ ការប្រកបការងារលោកអ្នកឃើញថាមានការជួបបញ្ហាលំបាកច្រើនពិសេសឱ្យប្រយ័ត្នក្រុមមនុស្សប៉ងអាក្រក់ណាមួយនាំជួបការលំបាកទប់ទល់។ អ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះវិញមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ដែរ ដូច្នេះទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃគ្រាន់ចិញ្ចឹមគ្រួសាររស់ទៅរួច។ ឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំរោង៖ រាសីស្រុតចុះ។ ការរស់នៅទាំងស្ត្រីមិនត្រូវឆាប់ជឿពាក្យអុជអាលក្រុមមនុស្សពេកឡើយប្រយ័ត្នទទួលរងផលលំបាកអ្វីមួយនាគ្រាខាងមុខ។ នៅថ្ងៃនេះដួងរាសីស្រុតចុះ ហេតុនេះយកល្អលោកអ្នកគប្បីធ្វើការងារនៅនឹងកន្លែងឬកិច្ចការងារជិតៗពីព្រោះងាយជួបប្រទាំងប្រទើសនិងមានភ្លើងក្រហមរង់ចាំជានិច្ច។ សម្រាប់អ្នកប្រកបរបរកស៊ីជួញដូរមានការចម្រើនលូតលាស់សន្សឹមៗទៅមុខ ប៉ុន្តែបញ្ហាជម្លោះក៏មានច្រើនដែរគប្បីមានការអត់ធ្មត់ធ្វើមិនដឹងមិនឮខ្លះទើបប្រសើរ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រឆាំងនិងបង្កបញ្ហាចំពោះគ្នាច្រើន៕
ឆ្នាំម្សាញ់៖ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នការទាស់សម្តីជាមួយមនុស្សនៅក្បែរខ្លួនដោយសារតែការយល់ខុសដោយប្រការណាមួយ។ បើទោះបីដួងរាសីស្រុតចុះក្តី ប៉ុន្តែលោកអ្នកនៅអាចដំណើរកិច្ចការងារដោយជឿនលឿនទៅមុខសន្សឹមៗហើយពិសេសផលមួយចំនួនក៏តែងផ្តល់មកវិញដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ ជួបការលំបាកក្នុងការរកផលកម្រៃណាស់ ឯការជួញទីជិតឆ្ងាយទៀតសោតក៏កើតមានភាពរកាំរកូសមិនតិចដែរទេ។ រីឯបញ្ហាគូស្នេហាប្រុសស្រីមានការហួងហែងនិងម្នាក់ៗយកភាពប្រចែប្រច័ណ្ឌដឹកមុខនាំឱ្យកើតបញ្ហាចំពោះគ្នាច្រើន៕
ឆ្នាំមមី៖ រាសីស្រុតចុះ។ ថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីមួយភ្លាំងភ្លាត់ ឬ មានកំហុសឆ្គងនោះឃើញថានឹងងាយជះផលអាក្រក់នាពេលក្រោយវិញណាស់។ម្ល៉ោះហើយមុនធ្វើអ្វីមួយតោងគិតឱ្យបានគ្រប់ជ្រុងជ្រោយ។ ការប្រកបការងារលោកអ្នកធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាបើសម្រេចចិត្តអ្វីមួយខុសនោះ នាំបាត់បង់ប្រាក់កាសនិងពិសេសនាំខូចចិត្តថែមទៀត។ អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចពិតមែនតែក៏មានភាពសុខដុមប្រពៃ។ រីឯសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួច ឯបើថយក្រោយវិញនោះឆាប់រហ័ស និងងាយបាក់បែកណាស់៕
ឆ្នាំមមែ៖ រាសីល្អជាមធ្យម។ ថ្ងៃនេះដំណើរចេញក្រៅផ្ទះលោកអ្នកប្រយ័ត្នក្រុមមនុស្សចាក់រុកឆ្កឹះឆ្គៀលពីបញ្ហាអ្វីមួយ នាំឱ្យមានជម្លោះវិវាទជាមួយអ្នកដទៃបង្កើតជារឿងរាវអូសបន្លាយពេលយូរអង្វែង។ ការប្រកបការងារ មានការចម្រើនលូតលាស់សន្សឹមៗ ប៉ុន្តែយ៉ាងណាក៏មិនត្រូវមានចិត្តលោភលន់ដែរប្រយ័ត្នកើតរឿងរ៉ាវអាចខាតបង់លាភសក្ការៈវិញ។ អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើន ប៉ុន្តែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់ការលក់ដូរពេញដៃជើងវិញ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំវក៖ រាសីខ្ពស់ត្រដែត។ ការរស់នៅបញ្ហាធ្លាប់តែ តានតឹងបានផ្លាស់ប្តូរមកធូរស្រាល ហើយបញ្ហាខ្លះអាចដោះស្រាយបានយ៉ាងធូរថែមទៀត។ ក្នុងថ្ងៃនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារនិងបញ្ហាប្រាក់កាសពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ ការធ្វើជំនួញផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការររកស៊ីជួញដូរអ្វីមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។ សម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកផង៕
ឆ្នាំរកា៖ រាសីស្រុតចុះ។ ថ្ងៃនេះលោកអ្នកតែងកើតនូវរឿងរាវមិនពេញចិត្ត និង បញ្ហាតប់ប្រម៉ល់ច្រើន។ ក្រៅពីនេះបញ្ហាគ្រួសារក៏មានការប៉ះទង្គិចគ្នាច្រើនដែរ។ ទាំងស្ត្រីបុរសផ្តល់ផលល្អសម្រាប់លោកអ្នកធ្វើកិច្ចការងារស្រាលៗឬជាកិច្ចការងារមិនសំខាន់ទើបគ្មានបញ្ហាចោទឡើង។ បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយ,ហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដកដើមមកវិញមិនឃើញ ហើយថែមទាំងជំពាក់គេវ័ណ្ឌកថែមទៀត។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូសព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំច៖ រាសីល្អជាមធ្យម។ ដំណើរជីវិតរបស់លោកអ្នកមានភាពងាយផុយស្រួយជម្លោះវិវាទណាស់ ដូច្នេះបើមានជម្លោះវិវាទណាមួយកើតឡើងដាច់ខាតមិនត្រូវយកកំហឹងទល់កំហល់បានទេ បើមិនដូច្នេះអាចជួបបញ្ហាអាក្រក់ៗកើតឡើងនាំរែកពន់ផលលំបាកនៅពេលក្រោយថែមទៀត។ ការប្រកបការងារ លោកអ្នកត្រូវចេះអត់ឱនឱ្យគ្នា និងមិនត្រូវមើលកំហុសគ្នាទើបបានសុខស្រួលផ្លូវចិត្តជាងនេះ។ អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់តែបើចង់ធ្វើជំនួញធំៗនោះឃើញថាមិនសូវសមដូចប្រកបទេគប្បីមានការប្រយ័ត្នប្រយែង។ គូស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានភាពស្និទ្ធស្នាលដូចប្រក្រតី ៕
ឆ្នាំកុរ៖ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នក ទំនាក់ទំនងការងារ បណ្តាក់ទុន ការចរចា ការធ្វើកិច្ចសន្យា ជាដើម។ រាល់ការងារតូចធំដែលលោកអ្នកធ្វើទោះបីជាជួបនូវឧបសគ្គខ្លះៗក្តីតែផលជាផ្លែផ្កាតែងចម្រើនលូតលាស់ទៅមុខជាលំដាប់ អ្នកអាជីវករ ការជួញដូរមានការទិញចូលលក់ចេញគួរសមហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃគ្រាន់ចិញ្ចឹមឆ្នាំងបាយជានិច្ច។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមានជម្លោះវិវាទ ហើយចង់ផ្សះផ្សាជាពេលវេលាល្អបំផុតព្រោះមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេថែមទាំងអាចប្តូរមកផ្អែមល្ហែមយ៉ាងឆាប់រហ័សទៀតផង៕