នៅថ្ងៃសុក្រ ទី០៨ ខែឆ្នូ ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីធ្លាក់ស្រុតចុះ។ នៅថ្ងៃនេះបើទោះបីដួងរាសីធ្លាក់ស្រុតចុះក៏ដោយ ប៉ុន្តែបើមានការប្រយ័ត្នប្រយែងបញ្ហាតូចធំក៏លោកអ្នកអាចឆ្លងកាត់ ឬដោះស្រាយបានយ៉ាងធូរទៅវិញដែរ។ ក្នុងថ្ងៃនេះដោយសារដួងរាសីមិនល្អប្រសើរ ដូចនេះបើចង់ធ្វើអ្វីមិនត្រូវធំដុំពេកឬមិនសូវសំខាន់ពេកឡើយពីព្រោះថាផលមិនល្អនោះក៏មានច្រើនចំពោះមុខ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបប្រទះនូវរឿងរ៉ាវប្រទាំងប្រទើសច្រើនហើយបើចេះធ្វើគធ្វើថ្លង់ខ្លះទើបមានភាពសុខដុមទៅរួច។ រីឯសេចក្តីស្នេហាប្រុសស្រីជួបរឿងខ្វាយខ្វល់ព្រោះតែការគិតប្រចែប្រច័ណ្ឌច្រើនរៀងៗខ្លួន៕
ឆ្នាំឆ្លូវ៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះចូរប្រយ័ត្នប្រយែងទៅលើបញ្ហារោគ ជំងឺ និង គ្រោះចាញ់បោកគេបន្តិចពីព្រោះថាងាយកើតឡើងណាស់ដែរ។ ការប្រកបការងារ លោកអ្នកទោះធ្វើអ្វីក៏ដោយត្រូវចេះធ្វើសន្សឹមៗកុំបំបោល ហើយមិនត្រូវលោភលន់ឡើយបើពុំនោះទេពិតជាជួបរឿងដូចពាក្យចាស់ថាចង់ចំណេញពិតជាដាច់ចំណងជាក់ជាពុំខាន។ សម្រាប់អ្នកប្រកបររបររកស៊ីជួញដូរក្នុងអំឡុងពេលនេះមុជមិនជ្រៅទៅមិនឆ្ងាយប៉ុន្មានទេហើយទាល់តែខិតខំខ្លាំងទើបសម្រេចកិច្ចការធំៗទៅរួច។ ទំនាក់ទំនងស្នេហាប្រុសស្រីមានការងាយថយក្រោយតែពិបាករុលទៅមុខ ហើយបើមានជម្លោះវិវាទផងងាយបាក់បែកណាស់៕
ឆ្នាំខាល៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើចង់ពឹងពាក់អាស្រ័យទៅលើអ្នកដទៃតែងគេជួយជ្រោមជ្រែងនិងដោះស្រាយគ្រាន់ស្រួលខ្លួន។ សម្រាប់កិច្ចការងារថ្មីចាស់បើមានការសម្រុកឬព្យាយាមពុះពារក៏តែងអាចទម្លុះទម្លាយសម្រេចជោគជ័យ។ អ្នកអាជីវករទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញគ្រាន់គាប់ប្រសើរដែរ។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានភាពផ្អែមល្ហែមនិងស្រស់ស្រាយចំពោះគ្នាប្រពៃណាស់៕
ឆ្នាំថោះ៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកចម្រើនលូតលាស់ទៅមុខ ហើយបើចង់ដំណើរការងារពាក់ព័ន្ធប្រាក់កាស ឬសម្រេចចិត្តធ្វើកិច្ចសន្យាអ្វីមួយតែងឆ្លើយតបជាផលគ្រាន់ជាទីពេញចិត្ត។ ការបំពេញកិច្ចការងារវិញបើលោកអ្នកចាប់កាន់នៅថ្ងៃនេះគឺល្អគួរសមពីព្រោះទោះផ្លែផ្កាថ្ងៃនេះអាក្រក់ក្តីតែនៅថ្ងៃខាងមុខនឹងទទួលផលល្អពីវាវិញជាក់ជាពុំខាន។ អ្នកប្រកបរបររកស៊ីជួញដូរបើចង់បើករបរថ្មីៗច្រើនតែទទួលលទ្ធផលល្អតែដំបូងៗប៉ុន្តែនៅពេលបើពុំចេះពូនជ្រោយនឹងជួបបញ្ហាដួលរំលំនៅរយៈពេលយួរអង្វែងជាក់ជាពុំខាន។ សម្ព័ន្ធស្នេហាប្រុសស្រីត្រូវចេះទុកចិត្តគ្នា ហើយមិនត្រូវយកភាពប្រចែប្រច័ណ្ឌដឹកមុខឡើយបើពុំនោះទេនឹងបាត់បង់មនុស្សជាទីស្រឡាញ់ជាក់ជាពុំខាន៕
ឆ្នាំរោង៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះលេចចេញនូវបាតុភាពមិនល្អខ្លះយាយី ហើយត្រូវចេះប្រើបញ្ញាដោះស្រាយទើបជាការល្អប្រពៃបំផុត។ ក្នុងពេលនេះបើទោះបីមានការសម្រាកកាយ ច្រើនក្តីលោកអ្នកមិនគប្បីសេពគប់ល្បែងស៊ីសងឡើយបើពុំនោះទេប្រយ័ត្នកើតឧបទ្រពចង្រៃកើតតែរឿងរាវប្រទាំងប្រទើស។ អ្នកអាជីវករមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់ជួញទីជិតឆ្ងាយឃើញថាផលកម្រៃឆ្លើយតបក៏គួរជាទីពេញចិត្តដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីមានការជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕
ឆ្នាំម្សាញ់៖ រាសីធ្លាក់ស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមួយបើពុំមានការប្រយ័ត្នប្រយែងនោះទេងាយកើតជារឿងរាវជះផលអាក្រក់កើតឡើងហើយ។ ម្ល៉ោះហើយត្រូវចេះមើលស្ថានការណ៍និងបត់បែនតាមពេលវេលាកាន់តែប្រសើរ។ លោកអ្នកត្រូវរក្សាភាពនឹងធឹងមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនបានឡើយ ហើយត្រូវចេះផ្តល់ការអភ័យទោសឱ្យបានច្រើនទើបដំណើរជីវិតមានភាពសុខដើមនិងមានការរីកលូតលាស់ជាងនេះ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនមានការប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។ រីឯបញ្ហាស្នេហាប្រុសស្រីមិនមានការរីកលូតលាស់ទៅមុខ ហើយការឆ្កួតនឹងល្បែងស្នេហាខុសរបៀបមានច្រើននិងបើមិនខិតខំទប់ស្កាត់ទេប្រយ័ត្នត្រូវមកសោកការនៅពេលក្រោយដែលចង់មិនចង់ហួសពេលបាត់ទៅហើយ៕
ឆ្នាំមមី៖ រាសីស្រុតចុះ។ ក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីមួយ ឬសូម្បីតែនៅផ្ទះសម្បែងចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេដោយប្រការណាមួយ។ ការប្រកបការងារវិញមិនត្រូវធ្វេសប្រហែសឡើយ ត្រូវតែមានការប្រុងប្រយ័ត្ន និង ខិតខំទើបបញ្ហាអាក្រក់វានឹងប្រែមកជាល្អវិញ។ ការធ្វើជំនួញតែងមានឧបទ្រពចង្រៃបិទបាំងធ្វើឱ្យការជួញឆ្ងាយជិតមិនសូវសមដូចប្រកបឡើយ ហើយបើនិយាយពីចំណូលនោះតិចតួចស្តួចស្តើងដោយអ្នកខ្លះសឹងថាចិញ្ចឹមខ្លួនឯងមិនគ្រាន់មាត់ផង។ សម្ព័ន្ធស្នេហាកំលោះក្រមុំត្រូវចេះទុកចិត្តគ្នា និងមិនត្រូវប្រកែប្រកាន់ច្រើនឡើយពីព្រោះថានោះសុទ្ធសឹងនាំរឿងរាវអំពល់ទុក្ខប៉ុណ្ណោះ៕
ឆ្នាំមមែ៖ រាសីខ្ពស់ត្រដែត។ មកដល់ថ្ងៃនេះដោយសាររាល់ចង្រៃឧបទ្រពបានសាបរលាបបាត់ស្រមោល ម្ល៉ោះហើយធ្វើឱ្យដំណើរជីវិតជួបភាពសុខដុមនិងចម្រើនលូតលាស់គ្រាន់គាប់ប្រសើរឡើងវិញ។ ចំពោះលោកអ្នកដែលបំពេញការងារក្រុមហ៊ុនឯកជន និងជាមន្ត្រីរាជការមានដំណើរជីវិតល្អប្រសើរ ហើយធ្វើអ្វីៗតែងទទួលជាផ្លែផ្កាគ្រាន់ជាទីមនោរម្យ។ អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។ ចំពោះគូស្វាមីភរិយាក្នុងរយៈពេលនេះមានភាពល្អូកល្អិនល្អណាស់ និងមានសុភមង្គលក្នុងគ្រួសារទៀតផង៕
ឆ្នាំវក៖ រាសីស្រុតចុះ។ ថ្ងៃនេះស្ត្រីចូរប្រយ័ត្នក្រុមមនុស្សតាមផ្ចាញ់ផ្ចាលកើតជម្លោះវិវាទ ហើយនាំជះឥទ្ធិពលអាក្រក់ទៅគ្រាខាងមុខ។ ការប្រកបការងារងាយភ្លាំងភ្លាត់ខ្ពស់ ហេតុនេះត្រូវចេះចាត់ចែង និង ប្រយ័ត្នប្រយែងការងារចាស់ៗក៏កាន់តែប្រសើរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការប្រាក់កម្រៃបន្តិច ហើយបើមានការជួញឆ្ងាយទៀតសោតចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេ ។ បញ្ហាទំនាក់ទំនងសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ពីព្រោះជួនផ្អែមល្ហែមជួនពាក់មុខយក្សដាក់គ្នា៕
ឆ្នាំរកា៖ រាសីល្អជាមធ្យម។ ក្នុងរយៈពេលនេះមុននឹងលោកអ្នកហាមាត់និយាយស្តីអ្វីក៏ដោយចូរចេះប្រយ័ត្នមាត់ប្រយ័ត្នកព្រោះកាលបើមានសម្តីនិយាយជ្រុលជ្រួសលើសិទ្ធអ្នកដទៃតែបន្តិចអាចបង្កជាទំនាស់វិវាទឡើង។ ការប្រកបការងារនាថ្ងៃនេះវិញពុំសូវជឿនលឿនទៅមុខទេ ហើយពិសេសងាយថយក្រោយកើតជាបញ្ហាជាមួយក្រុមការងារថែមទៀត។ ការប្រកបរបររកស៊ីជួញដូរមានការរកាំចិត្ត និងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។ ទំនាក់ទំនងសេចក្តីស្នេហាកំលោះក្រមុំវិញមានដំណើរថយក្រោយច្រើនជាងការរីកលូតលាស់ទៅមុខ៕
ឆ្នាំច៖ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះលោកអ្នកមិនត្រូវយកចិត្តទុកដាក់សំដីក្រុមមនុស្សពេកឡើយពីព្រោះថានាំរំខានអារម្មណ៍ ហើយកើតតែបញ្ហាសៅហ្មងតែប៉ុណ្ណោះ។ ចំពោះកិច្ចការងារប្រចាំថ្ងៃវិញឃើញថាពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ឡើយគឺដូចសព្វមួយដងទេ។ អ្នកប្រកបរបររកស៊ីជួញដូរ វិញមានការហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាការជួញធំដុំគប្បីមានការប្រយ័ត្នប្រយែងព្រោះថាងាយចាញ់បោកគេណាស់។ សេចក្តីស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំកុរ៖ រាសីខ្ពស់ត្រដែត។ ដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការទំនាក់ទំនងចរចាក្នុងរឿងអ្វីមួយពីព្រោះថាផលតែងឆ្លើយតបមកវិញគ្រាន់សមដូចប្រកប។ ថ្ងៃនេះដួងរាសីរបស់លោកអ្នកបានលោតផ្លោះមកល្អប្រសើរតែយ៉ាងណាក៏មិនល្អទាំងអស់ដែរគឺមានរឿងរាវខ្លះក៏អាក្រក់គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបចៀសផុតផលលំបាកទាំងពួងទៅរួច។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកមិនធ្លាប់ចេញធ្វើជំនួញផ្លូវឆ្ងាយហើយចង់សាកល្បងមើលក៏ជាការល្អប្រសើរដែរព្រោះតែងហុចផ្លែផ្កាដូចសមប្រកបដែរ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃណាស់៕