លោក Tim Ferriss ៖ ប្រើសំនួរទាំង៧នេះ ដើម្បីកម្ចាត់ភាពភ័យខ្លាចចេញពីក្នុងខ្លួនរបស់អ្នក
ធ្នកអាចសម្លឹងធ្លុះមើលឃើញទៅដល់ប្រយោជន៍ពីការគាស់ចេញនូវភាពក្លាហានរបស់ខ្លួន ដើម្បីសម្រេចកិច្ចការណាមួយឲ្យចេញជាលទ្ធផលតាមការរំពឹងទុករបស់អ្នក។ តាមរយៈការសួរខ្លួនឯងនូវសំណួរបំផុសស្មារតីពីអ្នកនិពន្ធ Tim Ferrissទាំង៧សំណួរខាងក្រោមនេះ អ្នកនឹងបានមើលឃើញពីរូបភាពរួមនៃបញ្ហាចំពោះភាពភ័យខ្លាចរបស់អ្នក និងឈានដល់ការស្វែងរកនូវដំណោះស្រាយយ៉ាងសមហេតុផល៖
១.ឲ្យនិយមន័យចំពោះសុបិនអាក្រក់របស់អ្នក “តើរឿងអាក្រក់បំផុតអ្វីដែលអាចកើតឡើងចំពោះអ្នកបើអ្នកធ្វើនូវអ្វីដែលអ្នកភ័យខ្លាច? ព្រមទាំងរកឲ្យឃើញនូវឫសគល់នៃភាពភ័យខ្លាចរបស់ខ្លួន “តើកត្តាអ្វីខ្លះដែលមានឥទ្ធិពលទៅលើភាពភ័យខ្លាចរបស់អ្នក? “តើរឿងអាក្រក់បំផុតបែបណាដែលអាចកើតឡើងចំពោះអ្នក បើអ្នកសម្រេចធ្វើនូវអ្វីដែលអ្នកភ័យខ្លាច តែមានភាពល្អសម្រាប់ខ្លួន? តើវាអាក្រក់រហូតដល់ថ្នាក់ប៉ះពាល់ជីវិតអ្នកដែរទេ?
២.“បើបញ្ហាលេចឡើងមកដូចទៅនឹងអ្វីដែលអ្នកទាយទុកដឹងមុនមែន ដូច្នេះតើជំហានបន្ទាប់អ្វីដែលអ្នកអាចជ្រើសដើរបន្ត ដើម្បីកែលម្អស្ថានការណ៍នោះបាន ទោះជាត្រឹមតែក្នុងពេលបណ្ដោះអាសន្នក៏ដោយ”?
៣.“ប្រសិនបើអ្នកយកឈ្នះលើភាពភ័យខ្លាចរបស់ខ្លួនបានដោយជោគជ័យ តើលទ្ធផលវិជ្ជមានអ្វីខ្លះដែលអ្នកអាចរំពឹងទុកថានឹងទទួលបានពីវា? នៅពេលអ្នកគិតគូរពីលទ្ធផលវិជ្ជមាន និងផលប្រយោជន៍ដែលខ្លួនទទួលបាន អ្នកនឹងចាប់ផ្ដើមធ្វើការថ្លឹងថ្លែងប្រកបដោយភាពមានហេតុផល និងងាកចេញបន្តិចម្ដងៗពីឥទ្ធិពលដែលភាពភ័យខ្លាចមានលើអ្នក។
៤.“បើអ្នកត្រូវបានគេបណ្ដេញចេញពីការងារក្នុងថ្ងៃនេះ តើអ្នកអាចធ្វើអ្វីបានខ្លះ ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ខ្លួនបាន?
៥.“តើភាពភ័យខ្លាចបានធ្វើឲ្យអ្នកពន្យារពេលសម្រេចរឿងណាមួយយ៉ាងដូចម្ដេច? ជាអ្វីដែលអ្នកត្រូវចងចាំ គឺរឿងដែលអ្នកភ័យខ្លាចនឹងធ្វើបំផុត ភាគច្រើនគឺជារឿងដែលអ្នកត្រូវចាំបាច់ធ្វើបំផុត។ “តើវាតែងតែរារាំងអ្នកយ៉ាងដូចម្ដេច? “តើអ្នកទប់ទល់ជាមួយវាបានតាមរបៀបណា?
៦.“តើការប៉ះពាល់អ្វីខ្លះដែលមានលើហិរញ្ញវត្ថុ ផ្លូវចិត្ត និងផ្លូវកាយរបស់អ្នក ទើបធ្វើឲ្យអ្នកពន្យារពេលធ្វើវាបែបនេះ” ? ឬក៏ជាការមិនសម្រេចចិត្តធ្វើពេលនេះទៅវិញទេ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកឲ្យមានការស្ដាយក្រោយក្នុងពេល៥ឆ្នាំខាងមុខ ឬ១០ឆ្នាំខាងមុខនោះ?
៧.សំណួរចុងក្រោយគឺ “តើអ្នកនៅរង់ចាំអ្វីទៀត? ដោយឆ្លើយនូវសំណួរទាំង៦ពីដើមមក អ្នកអាចធ្វើការថ្លឹងថ្លែងមើលឲ្យបានម៉ត់ចត់ពីភាពភ័យខ្លាចរបស់អ្នក ពិនិត្យថាតើវាសមហេតុផលឬអត់? “ចុះបើអ្នកលះបង់ចោលការភ័យខ្លាចនោះវិញ តើជីវិតអ្នកនឹងមានការកែប្រែយ៉ាងដូចម្ដេច?