គ្រប់ល្បិចកលត្រូវបានលាក់ជិត គឺដោយសារតែអ្នកនោះពូកែលាក់ និងម្នាក់ទៀតឆោតល្ងង់។ ចំណែកឯ លាវប៉ី អាចលាក់បាំងល្បិចកលបានមិនមែនមកពី លាវប៉ីឆ្លាតទេតែមកពី យានសាវខ្លួនឯងល្ងង់ខ្លៅតែប៉ុណ្ណោះ ទោះបីមានទីប្រឹក្សានិយាយប្រាប់យ៉ាងណាក៏មិនស្ដាប់ដែរ នេះពិតជាគួរឲ្យអាណិតណាស់។
ក្រោយពីចាញ់សង្គ្រាមមួយ លាវប៉ី បានជ្រោកកោនក្រុមអំណាចរបស់ យានសាវ តែគួរឲ្យតក់ស្លុតបំផុតដោយសារតែប្អូនប្រុសទី២ (គួនអ៊ី) បានសម្លាប់មេទ័ពធំរបស់គេ២នាក់ ពេលគួនអ៊ីនៅក្រោមការគ្រប់គ្រងរបស់ឆាវឆាវ។ ហេតុនេះ ទើបគេមានបំណងចង់ឲ្យ លាវប៉ីដែលជាបងហៅប្អូនប្រុសទី២របស់គេ (គួនអ៊ី) ដែលមានសមត្ថភាពអស្ចារ្យនោះជំនួសមេទ័ពដែលបានបាត់បង់ទៅ។
លាវប៉ី ក៏បានសរសេរសំបុត្រឲ្យអ្នកនាំសារយកទៅដល់ដៃគួនអ៊ី។ ចំណែក គួនអ៊ីពេលដឹងថាបងនៅមានជីវិតក៏មានសេចក្ដីត្រអរ តែក៏ភ័យក្នុងចិត្តដែរ ដោយសារតែខ្លួនទើបនឹងបានសម្លាប់មេទ័ពរបស់យានសាវ ដែលជាអ្នកគ្រប់គ្រងបងប្រុសរបស់គេ ប៉ុន្តែគមិនដែលខ្លាចស្លាប់ទេ ក៏សុំអនុញ្ញាតឆាវឆាវ រួចាកចេញទៅភ្លាម។
ពេលទៅដល់ជិតក្រុងរបស់យានសាវ គួនអ៊ីស្ទាក់ស្ទើរចិត្ត ក៏សម្រាកនៅទីនោះរង់ចាំដំណឹងពីបងប្រុសរសប់គេ។ យានសាវ ពេលដឹងថាគួនអ៊ី មកជិតដល់ក្រុងរបស់ខ្លួន ក៏បញ្ជាឲ្យលាវប៉ីចេញទៅទទួល ដើម្បីកុំឲ្យមានចិត្តសង្ស័យលើគេទៀត។ ប៉ុន្តែនេះគឺជាកំហុសធំរបស់យានសាវ ដោយសារតែគេដោះលែងខ្លាឲ្យចូលព្រៃជួបជុំបងប្អូនគេវិញ នឹងលែងវិលវិញរៀងរហូត។
លាវប៉ី បានឱកាសល្អនោះ មិនរង់ចាំយូរទេ ក៏ប្រញាប់ចេញសេះយ៉ាងលឿនទៅរកបងប្អូនគេភ្លាម។ តែមុនពេលលាវប៉ី ចេញទៅ ទីប្រឹក្សារបស់យានសាវម្នាក់បានពោលហាមម្ចាស់ថាកុំឲ្យធ្វើបែបនេះ ព្រោះមិនខុសពីលែងខ្លាចូលព្រៃវិញទេ តែម្ចាស់គេមិនព្រមស្ដាប់ថែមទាំងវាយបកវិញថា «កុំយកចិត្តស្មោកគ្រោកទៅវាយតម្លៃសុភាពបុរសឲ្យសោះ» ។ មានន័យថា លាវប៉ី គឺជាសុភាពបុរស ដែលទីប្រឹក្សាគឺជាជនសំអុយប៉ុណ្ណោះ។
ក៏ប៉ុន្តែគួរឲ្យសោកស្ដាយ ដែលសម្តីទីប្រឹក្សានោះនិយាយត្រូវ គឺលាវប៉ី មិនវិលវិញទៀតទេ។ ដូច្នេះ ម្ចាស់ដ៏ល្ងង់មានការសោកស្ដាយជាខ្លាំងដែលមិនព្រមស្ដាប់ទីប្រឹក្សារបស់ខ្លួន ដែលដោះលែងខ្លាឲ្យចូលព្រវៃវិញបាត់៕