ប្រាកដណាស់មនុស្សម្នាក់ៗ តែងតែមានលក្ខណៈនៃការរស់នៅផ្សែងៗពីគ្នា។ ដោយឡែកមនុស្សមួយចំនួនចូលចិត្តរស់នៅដោយមានការជ្រោមជ្រែង និងការមើលថែទាំពីអ្នកដទៃ ឯមនុស្សមួយចំនួនទៀតចូលចិត្តរស់នៅដោយមានភាពឯករាជ្យមិនចូលចិត្តមានការពឹងផ្អែកទៅលើអ្នកទាំងនោះ គឺជាហេតុផលសំខាន់៥ដែលអ្នកគួរតែមានឯករាជ្យភាព ៖
១. ភាពឯករាជ្យផ្ទាល់ខ្លួនជំរុញឲ្យអ្នកមានភាពជឿជាក់ ៖ ជាការពិតណាស់បុគ្គលដែលមានភាពឯករាជ្យតែងតែមានទំនួលខុសត្រូវរាល់ទង្វើទាំងឡាយដែលកើតមានឡើងចំពោះពួកគេ មិនថាបញ្ហាធំយ៉ាងណាក៏ដោយពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយបញ្ហាទាំងនោះ។ លើសពីនេះទៀតពួកគេតែងតែធ្វើអ្វី ដោយមិនមានការរង់ចាំជំនួយ ឬការគាំទ្រពីអ្នកដទៃឡើយ។ ចំណុចទាំងអស់នេះដែលជំរុញឲ្យពួកគេមានភាពជឿជាក់ និងទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំង និងមានភាពម្ចាស់ការផងដែរ។
២. មានមិនសូវពឹងផ្អែកលើអ្នកដទៃ តែពឹងលើខ្លួនឯង ៖ ពិតណាស់អ្នកដែលមានភាពឯករាជ្យតិចតួចតែងតែង មានការពឹងផ្អែកលើអ្នកដទៃច្រើនជាងលើខ្លួនឯង គឺព្រោះតែពួកគេមិនមានភាពតាំងចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាដែលកើតមានឡើងដោយខ្លួនឯង ពោលគឺពួកគេតែងតែត្រូវការជំនួយពីអ្នកដទៃ។ ខុសស្រឡះពីអ្នកដែលរស់នៅពោរពេញទៅដោយភាពឯករាជ្យ ដែលពួកគេតែងតែរស់នៅជាមួយអ្វីដែលជាខ្លួនឯង ដោះស្រាយនិងប្រឈមមុខជាមួយបញ្ហាដោយខ្លួនឯងដែលមិនចាំបាច់មានការជ្រោមជ្រែងពីអ្នកដទៃ។
៣. ឯករាជ្យភាពហិរញ្ញវត្ថុ ៖ នៅពេលនិយាយអំពីឯករាជ្យផ្ទាល់ខ្លួននោះគ្មានអ្វីដែលរីករាយជាងការដែលមានសមត្ថភាពក្នុងការមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចំណាយលើការរស់នៅប្រចាំថ្ងៃរបស់ខ្លួននោះទេ។ លទ្ធភាពចំណាយ និងផ្គត់ផ្គង់ជីវិតរបស់អ្នកដោយខ្លួនឯង វាបានជួយកាត់បន្ថយការពឹងផ្អែកលើឪពុកម្តាយ មិត្តភ័ក្តិ ប្តីឬប្រពន្ ធរបស់អ្នក ឬអ្នកដែលអ្នកធ្លាប់ពឹងផ្អែកពីមុនមក។ ពិតណាស់ឯករាជ្យភាពផ្នែកហិរញ្ញវត្ថុមានន័យថា អ្នកគ្រប់គ្រងចំណូលនិងចំណាយរបស់អ្នកបាន ដោយមិនចាំបាច់ទទួលរងសម្ពាធពីការស្ថិតនៅក្រោមការគ្រប់គ្រង់របស់នរណាម្នាក់។
៤. មានការបង្កើតការសម្រេចចិត្តដ៏ល្អប្រសើរ៖ ប្រាកដណាស់ការដែលអ្នកមានភាពឯករាជ្យយ៉ាងពេញលេញ នោះការសម្រេចចិត្តរបស់អ្នកទៅលើរឿងរ៉ាវគ្រប់យ៉ាងគឺមានភាពងាយស្រួលនិងល្អ ដោយសាររាល់ការសម្រេចទាំងរបស់អ្នកខ្លួនអ្នកគឺដឹងយ៉ាងច្បាស់ថា គឺអ្នកតែម្នាក់គត់ដែលទទួលបានផលពីការសម្រេចចិត្តនោះ ពោលគឺអ្នកអាចទទួលបានផលល្អ និងមិនល្អពីការសម្រេចចិត្តប៉ុន្តែអ្នកក៏មានភាពស្មុគស្មាញឬភ័យខ្លាចនិងស្ទាក់ស្ទើរក្នុងការសម្រេចដោយខ្លាចប៉ះពាល់ដល់ក្រុមគ្រួសារជាដើម។
៥. មានសេចក្តីស្ងប់ និង ភាពច្នៃប្រឌិត៖ គំនិតនៃការកំណត់ឯករាជ្យភាពជាគោលដៅអាចជួយបង្កើនទិដ្ឋភាពជាច្រើននៃជីវិតរបស់អ្នក។ ឧទាហរណ៍ ឯករាជ្យភាពនៃអារម្មណ៍ធ្វើឲ្យមានភាពប្រសើរឡើងនូវទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកជាមួយមិត្តភ័ក្តិ ក្រុមគ្រួសារមិត្តរួមការងារ និងអ្នកដទៃដែលអ្នកមានទំនាក់ទំនងជាមួយ។ ម្យ៉ាងវិញទៀតអ្នកកាន់តែមានអារម្មណ៍អាចធ្វើការគ្រប់គ្រងអារម្មណ៍របស់អ្នកដូចជាកំហឹង ការហួសចិត្ត សេចក្តីរំភើបរំជួលចិត្តនិងអ្វីៗផ្សេងទៀត៕