ការវិវត្តរបស់មនុស្សមានការ កើត ចាស់ ឈឺ ស្លាប់ ដូចនេះអ្នកត្រូវរីករាយនឹងអ្វីដែលអ្នកកំពុងតែមានសព្វថ្ងៃ ហើយជាពិសេសទៀតគឺរៀនរស់ទាំងសប្បាយ ដោយគ្មានទុក្ខកង្វល់។ តាមពិតទៅបើអ្នករស់ដោយបៀមទុក្ខ មិនយូរមិនឆាប់អ្នកនឹងឆាប់ទ្រុឌទ្រោម ដោយសារតែអ្នកបានដុតខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃ។ ដើម្បីជៀសវាងការដុតរោលជីវិតខ្លួនឯង ទាំងដែលមិនដឹងថាខ្លួនស្លាប់ថ្ងៃណានោះ អ្នកគួរដឹងថាតើសញ្ញាអ្វីខ្លះបង្ហាញថាអ្នកជាមនុស្សដែលខ្វាយខ្វល់ច្រើនហួសហេតុ?
១.អ្នកវាយតម្លៃខ្លួនឯងទៅអ្នកដទៃ ៖ ចុងក្រោយនៃជីវិត អ្នកគួរតែយល់ដឹងឲ្យច្រើនពីភាពជោគជ័យរបស់ខ្លួន និងការខំប្រឹងប្រែងកន្លងមកដែលខ្លួនបានសាង។ ប៉ុន្តែហេតុអីអ្នកមិនយល់ពីគុណ តម្លៃរបស់ខ្លួនហើយ ថែមទាំងព្យាយាមវាយតម្លៃខ្លួនឯង ជាមួយអ្នកដទៃវិញ។ នេះហើយ គឺជាសញ្ញាបង្ហាញថាអ្នកខ្វល់ច្រើនពេកហើយ អ្វីដែលអ្នកធ្វើគឺល្អហើយ ដូចនេះមិនបាច់យកខ្លួនទៅប្រៀបធៀបជាមួយអ្នកផ្សេងនោះទេ។
២.អ្នកឲ្យតម្លៃអាកប្បកិរិយាអ្នកដទៃខ្លាំងពេក ៖ ការខ្វាយខ្វល់ពីរឿងអ្នកដទៃ គឺវាហាក់ដូចជាកំពុងចំណាយពេលអត់ប្រយោជន៍។ ខ្វល់ពីអ្នកដទៃ គឺមិនបាននាំចម្រើន ឬអភិវឌ្ឍដល់ខ្លួនអ្នកនោះទេ។
៣.អ្នកឲ្យពាក្យរិះគន់មកបញ្ឈប់អ្នកបាន ៖ មនុស្សគ្រប់រូបតែងតែទទួលបានការរិះគន់។ តែពេលដែលទទួលបានហើយ គេតែងតែយកមកកែប្រែដើម្បីឲ្យខ្លួនល្អជាងមុន។ មិនមែន យកពាក្យរិះគន់មកបញ្ឈប់ដំណើររបស់អ្នកនោះឡើយ។
៤.អ្នកតែងតែរណបអ្នកដទៃកុំឲ្យខឹង ៖ តើនេះមិនបង្ហាញថាអ្នកខ្វាយខ្វល់ច្រើនពេកទេមែនទេ? ខ្លួនរបស់អ្នកគឺតែមួយ តើមានពេលឯណាដែលត្រូវទៅចំណាយក្នុងការរណបអ្នកដទៃ សឹងតែពេញពិភពលោកបាននោះ? អ្នកមិនទាន់ទាំងយល់ពីចិត្តឯងមិនទាន់ច្បាស់ផង។ តើហេតុអ្វីត្រូវទៅចំណាយពេលរៀនយល់ពីចិត្តអ្នកដទៃវិញ?
«មនុស្សឱបក្រសោមសេចក្ដីខឹងក្រោធ ប្រៀបដូចមនុស្សផឹកថ្នាំពុលហើយអង្គុយរង់ចាំថ្ងៃស្លាប់» ព្រះសម្មាសម្ពុទ្ធ៕