តើលោក Warren Buffett ពិតជាមនុស្សឆ្លាតជាងគេបំផុតមួយក្នុងលោកមែនដែរឬទេ? ចម្លើយនោះគឺមិនមែនទេ។ លោកធ្លាប់បានថ្លែងទៅកាន់និស្សិតក្នុងសាកលវិទ្យាល័យ Florida ថា លោកប្រៀបដូចជាគ្រូបង្រៀនក្មេងថ្នាក់ទី៨ដែរ។ មានដំបូន្មាន ៣ ចំណុចដែលមហាសេដ្ឋីវ័យ៨៨ឆ្នាំរូបនេះ បានអះអាងថា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវដែលធ្វើឲ្យជីវិតរបស់អ្នកអាចសម្រេចបានក្តីស្រមៃជាអ្នកជោគជ័យពិតប្រាកដខុសពីមនុស្សដែលត្រឹមតែបង្កើតក្តីស្រមៃ ៖
១. កុំប្រថុយលះបង់អ្វីដែលអ្នកមានដើម្បីអ្វីដែលអ្នកមិនត្រូវការជាចាំបាច់
លោក Buffett ធ្លាប់បានផ្តល់ដំបូន្មានដល់និស្សិត ដែលទើបបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យផ្លរីដា (University of Florida)ថា លោកបានឃើញអ្នកជំនួញ និងបុគ្គលជាច្រើនជួបគ្រោះថ្នាក់នៅពេលដែលពួកគេស្រវាបោះបង់អ្វីៗដែលសំខាន់សម្រាប់ខ្លួនឯង ទៅស្រវាចាប់យករឿងផ្សេងយ៉ាងលោភលន់លើសពីអ្វីដែលខ្លួនត្រូវការ។
«ប្រសិនបើអ្នកសុខចិត្តលះបង់អ្វីមួយដែលមានសារៈសំខាន់សម្រាប់អ្នកដើម្បីធ្វើអ្វីមួយដែលមិនសំខាន់សម្រាប់អ្នក នោះវាមិនមែនជាមូលហេតុដ៏ត្រឹមត្រូវនោះឡើយ។ ខ្ញុំមិនខ្វល់ថា ភាគរយដែលអ្នកជោគជ័យ គឺ៩៩ទល់នឹង១ ឬ ១ ០០០ ទល់នឹង ១ក៏ដោយ»។
២. វិនិយោគទៅលើទំនាក់ទំនងណាមួយជាមួយមនុស្សដែលស្មោះត្រង់ និងមានសីលធម៌ល្អ
នៅក្នុងចំណុចនេះលោកក៏បានចោទសួរទៅកាន់និស្សិតសាកលវិទ្យាល័យនេះឲ្យគិតស្រមៃដល់មិត្តរួមថ្នាក់របស់ខ្លួនណាម្នាក់ដែលជោគជ័យនៅក្នុងជីវិតរបស់ពួកគេ។ ផ្អែកលើសំនួររបស់លោកនិស្សិតទាំងនោះច្បាស់ជានឹកឃើញដល់មិត្តភក្ដិណាម្នាក់ដែលពូកែជាងគេបំផុត មិត្តភក្ដិដែលមានសមត្ថភាពជាងគេ ឬមិត្តភក្ដិដែលជោគជ័យជាងគេជាមិនខាន។ លោកបានផ្តល់ដំបូន្មានដូច្នេះថា ៖ « មនុស្សទាំងនោះមិនមែនជាអ្វីដែលអ្នកត្រូវរាប់អាន និងឲ្យតម្លៃបំផុតនោះឡើយ។ មនុស្សដែលអ្នកគួររាប់អាន គួរតែជាមនុស្សចិត្តសប្បុរស មនុស្សស្មោះត្រង់ មានសុជីវធម៌ខ្ពស់ និងជាមនុស្សដែលធ្វើឲ្យអ្នកដទៃរុងរឿងដោយប្រើគំនិតរបស់ពួកគេ»។
៣.ជីវិតអ្នកជោគជ័យអាចវាស់បានអាស្រ័យលើពាក្យមួយគឺ ក្តីស្រលាញ់
លោក Warren Buffett ធ្លាប់បានពន្យល់ថា ភាពជោគជ័យនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗអាចវាស់បានតាមរយៈក្តីស្រលាញ់ ពោលគឺថា តើមានមនុស្សប៉ុន្មានអ្នកដែលស្រលាញ់ អ្នកពិតប្រាកដ? លោកថា មានអ្នកមានច្រើនណាស់ដែលស្លាប់ទៅបន្សល់ទុកលុយរាប់មិនអស់ ខំដាក់ឈ្មោះឲ្យគេចងចាំ ប៉ុន្តែគ្មានអ្នកណានឹកនាស្តាយស្រណោះ និងផ្តល់ក្តីស្រលាញ់ពិតប្រាកដបន្តិចឡើយ។
លោកថា ៖ «យើងអាចហៅថា ជីវិតរបស់យើងជោគជ័យឬអត់ គឺស្ថិតនៅលើក្តីស្រលាញ់។ បញ្ហានៅត្រង់ថា អ្នកមិនអាចទិញក្តីស្រលាញ់បានទេ។ អ្នកអាចទិញសេវាកម្មផ្លូវភេទបាន អ្នកអាចទិញអាហារឆ្ងាញ់ៗបាន។ ប៉ុន្តែវិធីតែមួយគត់ដើម្បីទទួលបានក្តីស្រលាញ់ គឺអ្នកត្រូវធ្វើឲ្យគេស្រលាញ់ដែរ។ យកលុយទៅទិញក្តីស្រលាញ់វាមិនអាចទៅរួចនោះទេ។ វាមិនមែនជាក្តីស្រលាញ់ពិតទេ។ បើចង់បានក្តីស្រលាញ់ អ្នកត្រូវផ្តល់ក្តីស្រលាញ់ឲ្យអ្នកដទៃឲ្យបានច្រើន នោះអ្នកនឹងទទួលបានក្តីស្រលាញ់មកវិញ»៕