ចូរស្វែង​យល់ពីមនុស្ស​កត្តាមនុស្សជោគជ័យ និងមនុស្ស​បរាជ័យ​ក្នុងជីវិត​ខុសគ្នាយ៉ាងណា​

ភាព​ជោគជ័យ​មិន​មែន​កើត​មាន​​ឡើង​ដោយ​សារ​តែ​ចំណេះ​ដឹង​ ឬ​​សញ្ញាប័ត្រ​​តែ​មួយ​មុខ​នោះ​ទេ។ កត្តា​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជោគជ័យ​រួម​ផ្សំ​​មាន​​កត្តា​ជា​ច្រើន​ដូច​ជា​ភាព​ច្នៃ​​ប្រឌិត​ក្នុង​ខ្លួន​​ ​​ការ​ខិត​ខំ​ព្យាយាម​ ​ការ​គិត​ ការ​រៀន​ពី​កំហុស​​និង​​ការ​មាន​​អត្តចរិត​ល្អ​​ជា​ដើម។ ស្វែងយល់ខាងក្រោម​អ្នក​នឹងដឹងពីមនុស្សជោគជ័យ​ និង​បរាជ័យ​ ៖

១.ទំនួល​ខុស​ត្រូវ ៖ បុគ្គល​ជោគជ័យ​មាន​ទំនួល​ខុស​ត្រូវ​ពេញលេញ​ចំពោះ​ជីវិត​របស់​ពួក​គេ។ ពួក​គេ​ខិត​ខំ​អស់​ពី​លទ្ធភាព​​ក្នុង​ការងារ​របស់​ពួក​គេ​ដើម្បី​ភាព​ជោគជ័យ មិន​ដេក​រង់​ចាំ​សំណាង​នោះ​ទេ។ ក្នុង​កាលៈទេសៈ​ខ្លះ​វិញ​ទៀត បើ​ទោះ​បី​ជា​មាន​កំហុស​​កើត​ឡើង​​ក៏​ពួក​គេ​​ហ៊ាន​ទទួល​ស្គាល់​កំហុស​និង​កែ​ប្រែ​​​នា​ពេល​ក្រោយ​ដែរ មិន​ទម្លាក់​កំហុស​ទៅ​អ្នក​ដទៃ​ឡើយ។ ​ផ្ទុយ​ទៅ​វិញ បុគ្គល​បរាជ័យ​តែង​តែ​ទម្លាក់​កំហុស​ទៅ​អ្នក​ដទៃ​ជា​និច្ច​ ចូរ​កុំ​ធ្វើ​ជា​បុគ្គល​ទី​ពីរ​អី។

២.ការ​រៀន​សូត្រ ៖ បុគ្គល​ជោគជ័យ​មិន​ដែល​គិត​ថា​ខ្លួន​ឯង​ចេះ​អ្វី​ៗ​ទាំង​អស់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គាត់​មាន​តែ​ស្រែក​ឃ្លាន​រក​ចំណេះ​ដឹង​បន្ថែម​ ដូច​ដែល​បាន​ឃើញ​ស្រាប់ បុគ្គល​ជោគជ័យ​​តែង​តែ​មាន​ទម្លាប់​ក្នុង​ការ​អាន​​ជា​ប្រចាំ​ថ្ងៃ បន្ត​ការ​រៀន​សូត្រ​នូវ​អ្វី​ដែល​ថ្មី​ជា​និច្ច​។ ​ចំណែក​ឯ​បុគ្គល​បរាជ័យ​តែង​មាន​អំនួត​ថា​ខ្លួន​ឯង​ចេះ​​ហើយ។ ការ​មិន​អភិវឌ្ឍន៍​ខ្លួន​នឹង​មិន​នាំ​ពួក​គេ​ទៅ​រក​ភាព​ជោគជ័យ​បាន​​ឡើយ។

៣.គោលដៅ ៖ បុគ្គល​ជោគជ័យ​តែង​តែ​មាន​គម្រោង​និង​គោលដៅ​ច្បាស់​លាស់​ក្នុង​ការ​ធ្វើ​អ្វី​មួយ។ ហើយ​​គោលដៅ​​នេះ​ហើយ ​តែង​តែ​ជួយ​លើក​ទឹក​ចិត្ត​​ដល់​ពួក​គាត់​​រាល់​ពេល​ដែល​ពួក​គាត់​បាក់ទឹក​ចិត្ត​ ឬ​ប្រឈម​មុខ​នឹង​ឧបសគ្គ​ជា​ច្រើន​។ បុគ្គល​ជោគជ័យ​​ជឿជាក់​លើ​ការ​មាន​គម្រោង​ច្បាស់​លាស់​និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​​ភាព​ជោគជ័យ។​ ផ្ទុយ​ពី​​បុគ្គល​ជោគជ័យ បុគ្គល​បរាជ័យ​តែង​តែ​​​​​​​ទុក​ឲ្យ​វាស​នា​ជា​អ្នក​កំណត់​ជីវិត​​របស់​ពួក​គេ​ទៅ​វិញ។

៤.​ជោគជ័យ ៖ បុគ្គល​ជោគជ័យ​តែង​តែ​ប្រាថ្នា​ចង់​​ឲ្យ​មនុស្ស​គ្រប់​រូប​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ជីវិត​ដូច​ពួក​គាត់​ដែរ​ ពួក​គាត់​មិន​ដែល​មាន​ចិត្ត​ចង្អៀតចង្អល់​ក្នុង​ការ​ចែក​រំលែក​ចំណេះ​ដឹង​នោះ​ទេ បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត ពួក​គាត់​នឹង​ជួយ​តាម​ដែល​លទ្ធភាព​​​ធ្វើ​ទៅ​បាន ការ​ចង់​ឲ្យ​អ្នក​ដទៃ​បរាជ័យ​មិន​មែន​ជា​អត្តចរិត​របស់​បុគ្គល​ជោគជ័យ​ឡើយ។ ផ្ទុយ​ទៅ​វិញ បុគ្គល​បរាជ័យ​តែង​តែ​​លាក់បាំង​ចំណេះ​ដឹង​ មិន​ចែក​រំលែក​ដល់​អ្នក​ដទៃ​និង​មិន​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ជោគ​ជ័យ​​​ឡើយ​៕