ក្នុងការរស់នៅក្នុងសង្គម មានមនុស្សពីរប្រភេទដែលយើងជួបពោលគឺ អ្នកដឹកនាំគេ និង អ្នកត្រូវបានគេដឹកនាំ ឬនិយាយបានថា អ្នកដើរតាមគេ។ អ្នកខ្លះកើតមកជាមួយនឹងសេចក្ដីក្លាហាន ហើយមានចំណូលចិត្តខ្ពស់ក្នុងការផ្ដួចផ្ដើមគំនិត និងកាន់ការងារសំខាន់ៗ ប៉ុន្តែអ្នកខ្លះទៀតគឺមិនសូវជាមានគំនិតច្រើននោះទេ ហើយចាំតែធ្វើអ្វីតាមគេប៉ុណ្ណោះ។
សម្រាប់អ្នកដែលដើរតាមគេ ហាក់ដូចជាមិនសូវមានការលំបាកខ្លាំងនោះទេ ប៉ុន្តែសម្រាប់អ្នកដែលចង់ដឹកនាំអ្នកដទៃ គឺមិនងាយស្រួលឡើយ ព្រោះថាបើខ្សោយ គឺគ្មាននរណាស្ដាប់ គ្មាននរណាធ្វើតាម និង គ្មានលទ្ធផលល្អនោះឡើយចំពោះកិច្ចការផ្សេងៗ។
សម្រាប់លោក ហារី ទ្រូម៉ាន់ (Harry S. Truman) ប្រធានាធិបតីទី៣៣របស់អាមេរិក បានលើកឡើងថា ៖ «ដើម្បីមានលទ្ធភាពដឹកនាំអ្នកដទៃបាន អ្នកត្រូវតែមានឆន្ទៈក្នុងការដើរទៅមុខតែម្នាក់ឯង»។ ត្រង់ចំណុចនេះ លោកចង់បញ្ជាក់ថា អ្នកទាំងឡាយណាដែលគ្មានឆន្ទៈ និង គ្មានភាពក្លាហានក្នុងការដើរទៅមុខមុនគេទេ នោះមិនអាចដឹកនាំគេបានឡើយ ព្រោះអ្នកដឹកនាំគឺត្រូវសកម្ម មានចំណេះដឹងខ្ពស់ និង មានភាពក្លាហានជាងអ្នកទៃ បើមិនអ៊ីចឹងទេ គ្មាននរណាព្រមធ្វើតាមនោះឡើយ។
ដូច្នេះហើយ បើអ្នកពិតជាចង់ក្លាយជាអ្នកនាំមែន សូមកុំមានភាពស្ទាក់ស្ទើរ ហើយត្រូវមានភាពក្លាហានក្នុងការប្រើប្រាស់គំនិតដែលខ្លួនមានបង្ហាញទៅកាន់អ្នកដទៃ ហើយហ៊ានដើរទៅមុខ ទោះបីជាគ្មាននរណាម្នាក់គាំទ្រក៏ដោយ៕