គួនអ៊ី ៖ ខ្ញុំចាប់បានឆាវឆាវនឹងចង់សម្លាប់ជារឿងងាយស្រួលបំផុត ព្រោះតែគុណធម៌ទើបខ្ញុំដោះលែងឲ្យរួចខ្លួន
ដោយសារតែមនុស្សយើងមានអត្តចរិតពីធម្មជាតិខុសប្លែកពីគ្នា អ្នកខ្លះក៏ល្អ និងអ្នកខ្លះទៀត ក៏ឃោរឃៅតាមហ្នឹងដែរ ប៉ុន្តែបើយើងនិយាយអំពី គួនអ៊ី វិញគេជាមនុស្សម្នាក់ដែលមានគុណធម៌ និងមានការលះបង់ច្រើនដើម្បីគោរពនូវគោលការណ៍គុណធម៌របស់ខ្លួនឱ្យមានតម្លៃ ដែលមិនអាចនិយាយបានត្រឹមតែមាត់នោះទេ។
គួនអ៊ី គេមានឱកាសអាចសម្លាប់ដល់ ឆាវឆាវ បាននៅពេលនោះ ដែល ឆាវឆាវ ចាញ់សង្គ្រាមហើយរត់គេខ្លួនស្រាប់តែជួបនឹង គួនអ៊ី តែត្រូវដោះលែង ឆាវឆាវ ដោយមិនសម្លាប់ និងសុខចិត្តទទួលទោសរបស់ ជូកឺលៀង ទៅវិញ។
នៅថ្ងៃនេះ យើងខ្ញុំនឹងលើកហេតុផលមួយ ដែលគេសុខចិត្តទទួលទោសជំនួស ឆាវឆាវ។ នៅពេលដែលពួកគេបានបែកគ្នាអស់ (បងប្អូនទាំងបី) គួនអ៊ី ទៅចុះចូលនឹង ឆាវឆាវ, លាវប៉ី ទៅចូលនឹង យានសាវ ចំណែកឯង ចាងហ្វី ទៅធ្វើជាចៅហ្វាយស្រុក នៅក្នុងស្រុកតូចមួយ។
តែ គួនអ៊ី គេទទួលបានការចិញ្ចឹមយ៉ាងល្អពី ឆាវឆាវ ទំនុកបម្រុងគ្រប់បែបយ៉ាង ដែលធ្វើឱ្យគេមានចិត្តអៀសខ្មាស មិនដឹងជាត្រូវសងគុណដោយរបៀបណា ទើបពេលចាកមក រហូតដល់ការជួបនឹង ឆាវឆាវ ម្តងទៀត ក៏ក្លាយជាសត្រូវនឹងគ្នា តែគេមិនដាច់ចិត្តក្បត់គុណធម៌ សម្លាប់ដល់ ឆាវឆាវ ដែលធ្លាប់មានគុណជួយជីវិត និងទំនុកបម្រុងគេស្មើនឹងសម្តេចអ៊ីចឹង។
កាន់តែពិសេសជាងនេះ សូម្បីតែ “សេះទន្សាយក្រហម” ដែលរត់បានលឿន និងល្បីល្បាញជាងគេ ក៏ឆាវឆាវ បានប្រគល់ទៅឱ្យ គួនអ៊ី ផងដែរ គុណដ៏ធំនេះធ្វើឱ្យគេរកអ្វីសងពុំអស់ទេ។ ដូច្នេះ មានតែការស្លាប់ដើម្បីសងគុណដល់ ឆាវឆាវ វិញ ប៉ុន្តែបើគេសម្លាប់ ឆាវឆាវ នៅពេលនោះ គេនឹងលែងមានគុណធម៌ មិនគួរឱ្យគោរពឡើយ។ អ្វីដែលជាសម្រេចចិត្តរបស់គេ គឺត្រឹមត្រូវ សុខចិត្តពលីដើម្បីរក្សាឈ្មោះល្អ មានគុណធម៌ និងសច្ចធម៌៕