ភ្នំពេញ ៖ លោក កាង សុធី អគ្គនាយកនៃក្រុមហ៊ុន Century21 Land Station Real Estate បានមានប្រសាសន៍ ឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា ការវិនិយោគដីធ្លីអ្នកណាក៏ចង់លក់ឆាប់ដាច់ និងទទួលបានផលចំណេញលឿនដែរ ប៉ុន្តែលក្ខខ័ណ្ឌទីតាំង សណ្ឋានដីពិតជាកត្តាសំខាន់ ដើម្បីឲ្យដីរបស់ខ្លួនលក់ឆាប់ដាច់ និងទទួលបានផលចំណេញខ្ពស់។
១.ទីតាំងនៅជុំវិញវត្តអារ៉ាម
លោកកាង សុធីបានឲ្យដឹងថា ទោះជាប្រជាជនខ្មែរនិយមទៅធ្វើបុណ្យនៅវត្តអារ៉ាមក្តី តែទីតាំងដីដែលនៅក្បែរវត្តអារ៉ាម ទាំងខាងមុខខាងក្រោយ និងជាប់របងវត្ត ពិតជាដីមិនងាយលក់ចេញនោះទេ ទោះជាដីនោះមានតម្លៃទាបជាងទីផ្សារក៏ដោយ។លោកបន្តថា ដីនៅតាមជុំវិញវត្តអារ៉ាម ពិតជាមិនងាយទាក់ទាញការចាប់អារម្មណ៍ច្រើននោះទេ និងមិនងាយលក់ចេញបានឡើយ។ប្រហែលពួកគេមិនចង់មានសម្លេងរំខាន នៅពេលមានកម្មវិធីបុណ្យទាននានា ក៏ដូចជាបញ្ហាហុងស៊ុយផងដែរ។
២.ដីមានផ្នូរឬម៉ុងខ្មោចនៅក្បែរ
ជាទូទៅមនុស្សណាក៏ស្លាប់ដែរ តែពេលស្លាប់ពួកគេនឹងក្លាយជាខ្មោច ហេតុនេះទីតាំងដីដែលនៅក្បែរផ្នូរខ្មោច ឬចេតិយ មិនគួរទិញនោះទេ ដោយសារមនុស្សមិនចូលចិត្តផ្នូរ ឬម៉ុងខ្មោចនោះឡើយ។ ការទិញដីមានទីតាំងបែបនេះ ពិតជាពិបាកលក់ចេញ និងមិនងាយបានផលចំណេញ។
៣.រាងឬសណ្ឋានដី
រាងឬសណ្ឋានដីក៏មានសារៈសំខាន់ ដើម្បីទាក់ទាញអ្នកទិញបន្ត ឬអ្នកវិនិយោគផងដែរ ព្រោះបើរាងដីមិនសមស្រប និងមានសណ្ឋានវៀច ពិតជាមិនធ្វើឲ្យដីនោះងាយលក់នោះទេ ហើយវាក៏មិនឡើងថ្លៃលឿនដែរ។ លោកកាង សុធីបានឲ្យដឹងថា ដើម្បីដឹងពីរាងឬសណ្ឋានដីណាមួយ សូមកុំមើលនឹងភ្នែកទទេ តែត្រូវសុំប្លង់ម្ចាស់ដីយកមកមើល ទើបយើងអាចដឹងថារាងឬសណ្ឋានដីនោះមានលក្ខណៈដូចម្តេច។
៤.ការខ្ចីប្រាក់ពីធនាគារ
ការខ្ចីប្រាក់ឬឥណទានពីធនាគារជារឿងគួរឲ្យប្រុងប្រយ័ត្នមួយ ព្រោះអ្នកវិនិយោគឬទិញដីធ្លី ត្រូវសិក្សាលំហូរសាច់ប្រាក់របស់ខ្លួនឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យមានបញ្ហាហិរញ្ញវត្ថុនៅពេលដីជាប់គាំង ឬលក់មិនចេញ។ លោកបានបញ្ជាក់ថា ដីធ្លីនៅតំបន់ណាមួយអាចជាប់គាំងមួយរយៈ និងកញ្រ្ជោលតម្លៃឡើងខ្ពស់ភ្លាមៗ ហើយតម្លៃដីធ្លីមិនកើនឡើងគ្រប់តំបន់នោះទេ ហេតុនេះការសិក្សាពីចរន្តសាច់ប្រាក់របស់យើង បើសិនជារកឃើញថា លំហូរសាច់ប្រាក់របស់យើងមិនរលូន និងមិនធានាបាននូវការជាប់គាំងណាមួយ មិនគួរប្រើប្រាស់ឥណទានពីធនាគារដើម្បីវិនិយោគទិញដីធ្លីនោះទេ៕