ថ្មីៗនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ចិនថ្មីមួយទៀត បានទិញដី២,៣ហិកតា ដើម្បីសាងសង់សណ្ឋាគារនៅស្ពានក្បាលរមាស ស្រុកទឹកឈូ ខេត្តកំពត។
ក្រោយពីឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានទទួលជួបជាមួយអ្នកវិនិយោគចិនក្នុងគោលបំណងវិនិយោគដូចជា ៖ បង្កើតសាលាបណ្តុះបណ្តាលបីភាសា គឺភាសា ខ្មែរ ចិន និងអង់គ្លេស ដែលមានទីតាំងនៅខេត្តកំពត ដោយមានផ្តល់អាហារូបករណ៍១០០% ចំនួន៦០កន្លែង ទៅរៀននៅប្រទេសចិន រយៈពេល២ឆ្នាំ។ និងរៀបចំសាងសង់សណ្ឋាគារជិតនៅស្ពានក្បាលរមាស ស្រុកទឹកឈូ ដែលមានទំហំដី ២,៣ ហិកតា។
សូមបញ្ជាក់ថា គម្រោងវិនិយោគថ្មីៗកំពុងបន្តបោះទុនអភិវឌ្ឍន៍នៅខេត្តកំពត ហើយបានជំរុញខេត្តជាប់ឆ្នេរសមុទ្រមួយនេះ មានការផ្លាស់ប្តូរមុខមាត់ជាងមុន ពោលគឺរីកចម្រើន ជាពិសេសជំរុញឱ្យវិស័យអចលនទ្រព្យមានសក្តានុពលខ្លាំង តម្លៃដីធ្លីឡើងថ្លៃ ក្លាយជាតំបន់ទាក់ចិត្តអ្នកវិនិយោគិនជាតិ និងអន្តរជាតិច្រើនឡើងៗ។
គួររំលឹកថា ខេត្តកំពតទើបបានចាប់ផ្តើមបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិថ្មីមួយ ដើម្បីស្រូបភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យបានកាន់តែច្រើនជាងមុន ជាពិសេសរួមចំណែកអភិវឌ្ឍន៍ខេត្តឆ្នេរមួយនេះទៅជាតំបន់មានសក្តានុពលខ្លាំង។ សម្រាប់គម្រោងសាងសង់កំពង់ផែទឹកជ្រៅមួយទៀត ដែលវិនិយោគរួមគ្នារវាងលោកឧកញ៉ាទ្រី ភាព និងក្រុមហ៊ុនចិន ដើម្បីបំពេញតម្រូវការជាក់ស្តែង ក្នុងការនាំចេញ នាំចូលទំនិញពីកំពង់ផែកម្ពុជាទៅកាន់បណ្តាប្រទេសដៃគូ ជាពិសេសកាត់បន្ថយការចំណាយថ្លៃខ្ពស់លើការដឹកជញ្ចូនផ្លូវទឹក៕