ឧនាយករដ្ឋមន្ត្រី ជា សុផារ៉ា ៖ អ្នកខេត្តព្រះសីហនុមានដីកុំលក់ឲ្យចិន គួរតែជួលឲ្យចិនវិញ ទើបមិនខាតបង់
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្នុងខេត្តត្បូងឃ្មុំ កាលពី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ជា សុផារ៉ា បានមានប្រសាសន៍ទៅកាន់អង្គពិធីថា ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ កុំលក់ដី អី តែពួកគាត់គួរដាក់ដីនោះជួលវិញ។
ឯកឧត្តម ជា សុផារ៉ា បានបន្ថែមទៀតថា ជួលរយៈពេលតែ២០ឆ្នាំ ហើយអ្នកដែលគេយកទៅធ្វើអាជីវកម្ម ១៥ ឆ្នាំគេប្រគល់ឲ្យយើងហើយ។ យើងបានទាំងសំណង់ ហើយសំណង់នេះ នឹងតដល់ត្រកូលយើង បើលក់វាចប់។ ការលើកឡើងរបស់ឯកឧត្តមបែបនេះ គឺដោយហេតុថា តម្លៃដីធ្លីក្នុងខេត្តព្រះសីហនុក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនឡើងយ៉ាងខ្លាំង។
ជាមួយគ្នានេះដែរ កញ្ញា មុំ ចាន់ធី ជាភ្នាក់ងារអចលនទ្រព្យ នៅព្រះសីហនុ បានប្រាប់ Business Cambodiaថា អចលនទ្រព្យនៅព្រះសីហនុ ហាក់កើនឡើងជារៀងរាល់ថ្ងៃ ជារៀងរាល់ម៉ោង ដោយមិនអាចនឹកស្មានដល់ឡើយ ដោយកាលពីប៉ុន្មានឆ្នាំមុន ពោលនៅពេលដែលចិនមិនទាន់បានសម្រុកចូលមករស់នៅ និងវនិយោគ។
កញ្ញា បានបន្តថា បច្ចុប្បន្ននេះ តម្លៃដីធ្លីនៅតំបន់ឆ្នេរសមុទ្រ អូរឈើទាល បានកើនឡើងរហូតដល់ ៣០០០ ទៅ ៤០០០ដុល្លារអាមេរិក ចំណែកឯ តំបន់ China Town ពោលគឺនៅតំបន់អូត្រេស កញ្ញា បានប្រាប់ថា ឡើងថ្លៃខ្ពស់ផងដែរ ដែល១ម៉ែត្រការ៉េ មានតម្លៃរហូតដល់ពី ៥០០ទៅ ៧០០ រហូតដល់ ១៥០០ដុល្លារអាមេរិក។
ជាមួយគ្នានេះ នៅតំបន់កណ្តាលក្រុង ពោលគឺនៅជិតតោ២ មានតម្លៃដល់៥០០០ដុល្លារអាមេរិក ក្នុង១ម៉ែត្រការ៉េ។ នៅអូរ១ អូរ២ និង អូ៣ មានតម្លៃប្រមាណ ៥០០ ទៅ ៧០០ដុល្លារក្នុង១ម៉ែត្រការ៉េ ។ ឯអូ៤ អូរ ៥បានតម្លៃធូរថ្លៃជាងតំបន់ផ្សេងៗ ពោលគឺមានតម្លៃ ៣០០ ទៅ ៤០០ដុល្លារអាមេរិក ក្នុង១ម៉ែត្រការ៉េ។
កញ្ញា បានបន្ថែមផងដែរថា មិនត្រឹមតែការទិញលក់ នោះទេ ដែលកើនឡើង ប៉ុន្តែតម្លៃនៃការជួល ផ្ទះ ឬដី ក៏កើនឡើងផងដែរ ដែលការជួលផ្ទះដែលទទួលបានតម្លៃថ្លៃ បើផ្ទះមាន៣ទៅ៤បន្ទប់ អាចជួលបានចន្លោះ៣០០០ទៅ៤០០០ដុល្លារក្នុងមួយខែឬអាចច្រើនជាងនេះ ប្រសិនបើជនជាតិចិនគេត្រូវការ៕