គម្រោងធំៗចំនួន​៣ក្នុងខេត្តកណ្តាល​កំពុង​ធ្វើឲ្យតម្លៃដីនៅទីនោះ​មាន​សន្ទុះ​ឡើងគួរ​ឲ្យកត់សម្គាល់

ខេត្តកណ្ដាល គឺជាខេត្តមួយក្នុងចំណោមខេត្តដែលស្ដុកស្ដម្ភជាងគេក្នុងកម្ពុជា ដែលមានស្រុកចំនួន១០, ក្រុង១, ឃុំ-សង្កាត់១៤​៦ ភូមិចំនួន១,០៨៧ មានប្រជាជនចំនួន១,០៧៥,១២៥នាក់ហើយ ខេត្តនេះផងដែរមានផែ្ទដី ៣៥៦៨ គីឡូម៉ែត្រការ៉េ និងមានទីរួមខេត្តគឺក្រុងតាខ្មៅ ដែលមានចំងាយ ១១ គម នៅខាងត្បូងនៃក្រុងភ្នំពេញ។

សព្វថ្ងៃយើងមើលឃើញថា ខេត្តកណ្ដាលកំពុងមានការកើនឡើងខ្លាំងនៅគម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងមានការ បង្កើតគម្រោងជាច្រើនកំពុងសាងសង់នៅខេត្តកណ្ដាល ដែលគម្រោងធំៗដូចជា៖

១.គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី

គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី​ នៅក្រុងតាខ្មៅ និងស្រុកកណ្ដាលស្ទឹង ដែលមានទឹកប្រាក់រហូតដល់១,៥០០លានដុល្លារអាមេរិក។ គម្រោងនេះ នឹងត្រូវចាប់ផ្តើមសាងសង់ក្នុងខែកញ្ញាខាងមុខនេះ បើគ្មានឧបសគ្គនោះទេ នេះបើយោងតាមការបញ្ជាក់របស់ម្ចាស់គម្រោង អ្នកឧកញ៉ា ពុង ឃាវសែ។

២.៤ឃុំនៅស្រុកស្អាង ត្រូវបានកាត់ចូលក្រុង

ហើយថ្មីៗនេះដែរមានឃុំចំនួន៤នៅក្នុងស្រុកស្អាង ដែលកំពុងនិងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នក វិនិយោគ ជា ច្រើន គឺឃុំ​ស្វាយរលំ ឃុំ​កោះ​អន្លង់ចិន ឃុំសិត្បូ ឃុំ​រកាខ្ពស់ និងដីមួយចំនួនទៀតដែល​ស្ថិត​នៅ​ក្នុងស្រុកកណ្ដាលស្ទឹង ត្រូវ​បាន​រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​កាត់​ចូល​ក្នុង​ក្រុង​តា​ខ្មៅ​។ ហេតុនេះហើយជាឱកាសល្អសម្រាប់អ្នកវិនិយោគដើម្បីធ្វើការវិនិយោគនិងបង្កើតគម្រោងថ្មីនៅលើទឹកដីសង្កាត់ថ្មីទាំងបួននោះ។

៣.គម្រោងស្ពានឆ្លងទន្លេមេគង់ចំនួន២

ស្ពានចំនួនពីរទៀត ត្រូវបានរាជរដ្ឋាភិបាល គ្រោងនឹងធ្វើការសាងសង់ ដែលគម្រោងនេះ ត្រូវបានរាជរដ្ឋាភិបាល ប្រគល់ទៅឱ្យ ក្រុមហ៊ុនប្រទេសចិន ជាអ្នកសិក្សា និងរៀបចំសាងសង់ ក្នុងនោះស្ពានមួយខ្សែ ឆ្លងកាត់ទន្លេមេគង្គ​លើ ត្រង់ចំណុចសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារឆ្ពោះ ទៅកាន់ ឃុំស្វាយជ្រុំ ក្នុងស្រុកខ្សាច់កណ្ដាល ខេ​ត្ដ​កណ្ដាល ដែលគេអះអាងថា អាចធ្វើការសាងសង់ខាងរាជធានីភ្នំពេញអាចស្ថិតនៅត្រង់ចំណុចផ្លូវកែវចិន្ដា ខាងកើតអាង ទឹកជ្រោយចង្វារ ទៅភ្ជាប់នឹងភូមិស្វាយាំ ជ្រុំ ត្រង់ចំណុចផ្លូវកំពង់ដស្វាយជ្រុំ ។

ចំណែក ស្ពានមួយខ្សែទៀត ត្រូវបានរាជរដ្ឋាភិបាលគ្រោងកសាង ឆ្លងកាត់ទន្លេមេគង្គក្រោមពី ទឹកដីសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ទៅភ្ជាប់នឹងឃុំអរិយ ក្សត្រ ស្រុកល្វាឯម ខេត្ដកណ្ដាល ដែលទំនងកសាង នៅត្រង់ចំណុចភូមិក្ដីតាកុយ ឆ្ពោះមកកាន់ភូមិវត្ដ ខ្សាច់ ឃុំអរិយក្សត្រ៕