៣ឆ្នាំ​ខាងមុខ​យ៉ាង​យូបំផុតប្រទេស​​ម៉ាឡេស៊ី​នឹងក្លាយជាកូន​ខ្លាសេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ាន​

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី Lim Guan Eng បានថ្លែងនៅក្នុងវេទិកាទីផ្សារមូលធនវិនិយោគនៅម៉ាឡេស៊ីឆ្នាំ ២០១៩ នៅថ្ងៃអង្គារទី១៩ កន្លងទៅថា ប្រទេសម៉ាឡេស៊ីនឹងក្លាយជាប្រទេសកូនខ្លាខាងផ្នែកសេដ្ឋកិច្ចម្ដងទៀតជាក់ជាមិនខានក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ។

លោកបានបន្តទៀតថា តាមតួរលេខបានឲ្យឃើញថាការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងប្រទេសម៉ាឡេស៊ីមានអត្រាកើនឡើងយ៉ាងខ្ពស់រហូតដល់ជាង ៤៨% ក្នុងឆ្នាំ ២០១៨ (សរុបជាទឹកប្រាក់ជាង៨០.៥ពាន់លានរីងហ្គីតម៉ាឡេស៊ី RM) បើប្រៀបធៀបជាមួយនឹងឆ្នាំ២០១៧ ដែលមានទឹកប្រាក់ជាង៥៤.៤ពាន់លានរីងហ្គីត។

ជាពិសេសនោះ គឺការវិនិយោគពីសំណាក់ប្រទេសចិន និងជប៉ុនមានការកើនឡើងជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ដែលធ្វើឲ្យលោក Lim Guan Eng មានការជឿជាក់យ៉ាងខ្លាំងថាសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីមានដំណើរការយ៉ាង​ល្អក្នុងពេលបច្ចុប្បន្ននេះ។ លើសពីនេះសន្ទស្សន៍ផលិតកម្មឧស្សាហ៍កម្មមានសន្ទុះកើនឡើងជាង៣.២% ដែលលើសពីការរំពឹងទុកជាង២.៣%។

កាលពីខែកុម្ភៈ លោក Lim Guan Eng ធ្លាប់បានបញ្ជាក់ប្រាប់រួចម្ដងមកហើយថាសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីមាន​ភាពរឹងមាំជាខ្លាំងហើយបានរំពឹងទុកថាផលិតផលក្នុងស្រុកសរុប (GDP) នឹងមានការកើនឡើងរហូតដល់ជាង ៤.៩% នៅក្នុងឆ្នាំ២០១៩ នេះរួមជាមួយនឹងការធ្លាក់ចុះអតិផរណាផងដែរ។

ម្យ៉ាងទៀតការធ្លាក់ចុះនៃសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ បានបង្ហាញពីប្រសិទ្ធភាពនៃសកម្មភាពរបស់រដ្ឋាភិបាលម៉ាឡេស៊ី ដែលបានលុបបំបាត់ពន្ធលើទំនិញនិងសេវាកម្ម(GST) និងជំនួសវាជាមួយពន្ធលើការលក់និងសេវាកម្ម (SST) ព្រមទាំងបានធ្វើឲ្យតម្លៃប្រេងឥន្ធនៈមានស្ថេរភាព។ ការធ្វើយុទ្ធសាស្ត្របែបនេះគឺបានផ្ដល់ផលអត្ថប្រយោជន៍ជាច្រើ​នដល់ស្ថាប័នអាជីវកម្មផ្សេងៗព្រមទាំងអតិថិជនផងដែរ៕