ថ្មីៗនេះប្រទេសកម្ពុជាគម្រោងបង្កើតតំបន់ប៉ូលសេដ្ឋកិច្ចទី៤ថ្មី ផ្នែកកសិឧស្សាហកម្ម បន្ថែមពីតំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ចំនួន៣ ដែលជាប៉ូលសំខាន់សម្រាប់ជំរុញកំណើសេដ្ឋកិច្ចជាតិ មានដូចជា ទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប។
នៅពេលខាងមុខកម្ពុជា នឹងពង្រីកប៉ូលសេដ្ឋកិច្ចបន្ថែមនៅតំបន់ភូមិភាគឥសាន ដូចជានៅ ខេត្តមណ្ឌលគីរី រតនៈគីរី ស្ទឹងត្រែង និងព្រះវិហារជាដើម ដែលខេត្តទាំងអស់នោះជាប្រភព នៃដំណាំកសិឧស្សាហកម្ម និងផលិតផលផ្សេងទៀត។
សម្រាប់ខេត្តព្រះសីហនុជាតំបន់ប៉ូលសេដ្ឋកិច្ចទី២ ក្រៅពីតំបន់ទេសចរណ៍ឆ្នេរសមុទ្រ ដែលមានភាពទាក់ទាញនោះ នៅខេត្តព្រះសីហនុក៏មានកំពង់ផែទឹកជ្រៅដ៏សំខាន់មួយ សម្រាប់ធ្វើការផ្លាស់ប្តូរទំនិញពីបរទេសមកកម្ពុជា និងពីកម្ពុជាទៅបរទេសផងដែរ។ កម្ពុជានឹងបង្កើតសាងសង់កំពង់ផែទឹកជ្រៅបន្ថែមទៀត ដែលនឹងបង្កើតឡើងក្នុងស្រុងស្ទឹងហាវ ខេត្តព្រះសីហនុ និងសមុទ្រខេត្តកំពតផងដែរ។
ក្នុងឱកាសម្ពោធផ្លូវល្បឿនលឿន សម្តេច ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ មានប្រសាសន៍ថា កម្ពុជាមានប៉ូលសេដ្ឋកិច្ចសំខាន់៣ ដែលប៉ូលទី១គឺទីក្រុងភ្នំពេញ ប៉ូលទី២គឺខេត្តព្រះសីហនុ និងប៉ូលសេដ្ឋកិច្ចទី៣គឺខេត្តសៀមរាប ហើយយើងនឹងអាចមានប៉ូលទី៤មួយទៀត គឺខាងប៉ែកភូមិភាគឥសាន គឺជាប៉ូលសេដ្ឋកិច្ចខាងផ្នែកកសិឧស្សាហកម្ម ដែលអាចរកចំណូលបានយ៉ាងច្រើនក្រាស់ក្រែល។
សម្រាប់សក្តានុពលខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុក និងប្រែក្លាយទៅជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” ធំជាងគេតែមួយគត់ក្នុងប្រទេសកម្ពុជា ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥ ដល់ ២០២៥ ។
ខេត្តព្រះសីហនុ បានបំពេញតួនាទីការងារបានល្អប្រសើរ ដោយសារតែខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចមួយក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំង៤ រួមមាន៖ រាជធានីភ្នំពេញ សៀមរាប ខេត្តព្រះសីហនុ និងភូមិភាគឥសាន្ត(រតនគិរី)។ ដូច្នេះហើយខេត្តព្រះសីហនុ មានសក្តានុពលក្នុងការប្រមូលប្រភពចំណូល ចំណាយបានយ៉ាងច្រើន៕