សេដ្ឋីនីវ័យក្មេងបំផុតលើលោក Jenner ប្រើតិចនិកទាំងនេះ ដើម្បីលក់ផលិតផលដាច់ទ្វេដង

ក្មេងស្រីវ័យ២១ឆ្នាំ Kylie Jenner គឺជាស្ថាបនិកក្រុមហ៊ុនលក់គ្រឿងអលង្ការ និងផលិតផលតុបតែងមុខផ្សេងៗឈ្មោះ Kylie Cosmetics ដែលនាពេលថ្មីៗនេះ នាងបានក្លាយជាសេដ្ឋីវ័យក្មេងបំផុតក្នុងលោក ដែលមានទ្រព្យប្រមាណជាង ១ពាន់លានដុល្លារអាមេរិក និងក្រុមហ៊ុនរបស់នាងមានតម្លៃរហូតដល់៩០០លានដុល្លារ ផងដែរ។

Jennerបានចាប់ផ្តើមចេញរកស៊ីដំបូងនៅក្នុងឆ្នាំ២០១៥ ជាមួយដើមទុនតិចបំផុត ដោយមានហាងតូចមួយនៅក្នុងផ្សារទំនើប ហើយនាងផ្តោតការលក់ខ្លាំងទៅលើអនឡាញ។ ហេតុផលដែលធ្វើឱ្យការលក់របស់នាងកើនឡើងខ្លាំងក្នុងឆ្នាំ២០១៩នេះ គឺដោយសារតែកាលពីឆ្នាំ២០១៨ នាងបានចុះកិច្ចព្រមព្រៀងផ្តល់សិទ្ធលក់ចែកចាយបន្តឱ្យក្រុមហ៊ុនUlta ហើយក្រុមហ៊ុនមួយនេះ បានជួយលក់ផលិតផលរបស់នាងត្រឹមរយៈពេល ៦សប្តាហ៍ដំបូង គិតជាទឹកប្រាក់​ប្រមាណ ៥៤,៥លានដុល្លារអាមេរិក។

តាមពិតទៅ ការផ្តល់សិទ្ធលក់ចែកចាយបន្តគឺជារឿងមួយទេ ដែលជំរុញឱ្យការលក់របស់ Jennerកើនឡើងនោះ នៅមានរឿងផ្សេងៗជាច្រើនទៀតដែលនាងបានធ្វើ។ ជាក់ស្តែង នាងបានបង្កើតគេហទំព័រនៅលើបណ្តាញសង្គមដែលមានអ្នកគ្រាំទ្ររហូតដល់ជាង177លាននាក់ តាមរយៈSnapchat, Instagram, Facebook និងTwitter សម្រាប់ធ្វើការបំផុសលក់ផលិតផលផ្សេងៗ។

មួយវិញទៀត Jenner បានចំណាយទឹកប្រាក់ប្រមាណ២៥០.០០០ដុល្លារអាមេរិក ជួលតារ៉ាមូឌែលមកថតបង្ហាញពីផលិតផលក្នុងមួយឆ្នាំៗ និងបានបង្កើតកម្មវិធីបង្រៀនផាត់មុខផ្សេងៗនៅលើYoutube ដោយយកផលិតផលរបស់ខ្លួនយកមកធ្វើការបង្ហាញ ដែលទាំងអស់នេះហើយ ធ្វើឱ្យអ្នកគាំទ្រផលិតផល Kylie Cosmetics កាន់តែមានច្រើនទ្វេដង។

នៅពីក្រោយភាពជោគជ័យខ្លាំងរបស់Jenner គឺដោយសារតែនាងមានរូបសម្បតិ្តស្អាត និងពូកែប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ជាពិសេសនាងមានម្តាយដែលឆ្លាសវៃខ្លាំងបំផុត ដែលអាចជួយគ្រប់គ្រងការចំណាយផ្សេងៗរបស់នាង ហើយក៏ជាអ្នកជំរុញឱ្យនាង ចុះកិច្ចព្រមព្រៀងផ្តល់សិទ្ធលក់បន្តឱ្យក្រុមហ៊ុនUltaផងដែរ។

សូមបញ្ជាក់ថា សព្វថ្ងៃនេះ ក្រុមហ៊ុនKylie Cosmeticsមានផលិតផលដាក់លក់ប្រមាណជិត១០០ប្រភេទ ដែលភាពច្រើនផ្តោតសំខាន់លើសម្រស់ស្រ្តី។ ផលិតផលទាំងនោះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Seed Beautyដែលជាអ្នកជំនាញផលិតស្លាកសញ្ញាឯកជននៅតំបន់Oxnardរដ្ឋ California៕