សហគ្រិនស្តី្រវ័យក្មេងត្រូវជាបងប្អូនបង្កើតនឹងគ្នា៣រូប បានបើកហាងនំខេកមួយឈ្មោះ ហាង នំខេកហាវៃ “Hawaii” មិនមែនលក់ត្រឹមតែនៅបាត់ដំបងនោះទេ បច្ចុប្បន្នហាងនេះល្បីឈ្មោះទាំងនៅភ្នំពេញ និងនៅសាខាខេត្តសៀមរាបទៀត។ ម្ចាស់ហាងនេះអ្នកនាង ហ៊ួរ ម៉េងលី បានបង្ហើបតិចនិកលក់មួយចំនួន ដែលជាកត្តាទាក់ទាញយ៉ាងខ្លាំងជួយឲ្យហាងមួយនេះលក់ដាច់គ្រប់សាខា ទោះបីរដូវកាលខ្លះមិនសូវជាមានអ្នកទិញច្រើនកុំករក៏ដោយ។
អ្នកនាង ហ៊ួរ ម៉េងលី បានប្រាប់ Today Sharing ថា ក្រោយបិទហាងនៅប៉ោយប៉ែតម្តងមក ដើម្បីលក់ដាច់ម្ចាស់អាជីវកម្មត្រូវរើសទីតាំងបើកថ្មីឲ្យចំកន្លែងដែលមានមនុស្សចេញចូលច្រើន ក្បែរសាលារៀន និងមានអ្នកបើកហាងខេកច្រើន ដែលជួយឲ្យគេឆាប់ស្គាល់យីហោរបស់អ្នក។ បន្តពីរើសទីតាំងហាងរបស់អ្នកត្រូវចេះបង្កើតផលិតផលថ្មីៗ និងប្លែកដែលអតិថិជនរកកន្លែងផ្សេងទៀតមិនមាន។
ក្រៅពីនេះរសជាតិ ការរចនាម៉ូដ ការផ្សព្វផ្សាយបានច្រើន និងតពីមាត់មួយទៅមាត់មួយជួយឲ្យអតិថិជនស្គាល់កាន់តែច្រើន ហើយចង់មកសាកល្បងមិនខាន។ អ្វីដែលត្រូវធ្វើម្ចាស់ហាងត្រូវរៀនបន្ថែមនូវម៉ូដ វិធីសាស្រ្តធ្វើ និងរូបមន្តថ្មីៗបន្ថែមទៀត ដើម្បីចេញប្រភេទនំថ្មីៗបាន និងអាចប្រកួតប្រជែងជាមួយយីហោល្បីៗដទៃទៀតបាន។
ម្ចាស់ហាងវ័យក្មេងរូបនេះបន្ថែមថា “ហាងហា” Hawaii របស់គាត់គ្រោងនឹងបើកបន្ថែម៣សាខាទៀត ដើម្បីបំពេញតម្រូវការអតិថិជន ខណៈមានអ្នកសុំទិញសិទ្ធអាជីវកម្មបណ្តើរៗដែរ។ យ៉ាងណាក្តីម្ចាស់ហាងវ័យក្មេងរូបនេះនៅមិនទាន់សម្រេចចិត្តលក់សិទ្ធអាជីវកម្មនៅឡើយ ដោយសារតែគាត់ចង់កសាងយីហោមួយនេះឲ្យល្បីជាងនេះ និងមានការរៀបចំដំណើរការអាជីវកម្មកាន់តែទំនើបជាងនេះបន្តទៀតសិន៕