Suze Orman ៖ ប្រសិនបើអ្នក​មាន​ចាយ​វាយ​ខ្ជៈខ្ជាយ​ នោះទ្រព្យធន​ប្រាកដ​ជា​រលាយគ្មាន​សល់នោះទេ

អ្នកមាន ត្រូវបានបែងចែកជា២ប្រភេទ គឺអ្នកមានដែល ចាយលុយខ្ជៈខ្ជាយ និងអ្នកមានដែលចាយលុយដើម្បីបង្កើនទ្រព្យរបស់ខ្លួន។​ យ៉ាងណាមិញ បើតាមសម្ដីរបស់ លោកស្រី Suze Orman អ្នកជំនាញ ហិរញ្ញវត្ថុ ដ៏ល្បីរបស់អាមេរិកបានលើកឡើងថា អ្នកមានមួយចំនួនធំតែងធ្វើរឿងមួយដែលធ្វើឲ្យពួកគេមានតែមានទៅៗ។

នៅក្នុងចំណុចនេះ លោកស្រីបានឲ្យដឹងថា ពួកអ្នកមានមួយចំនួនមិនមែនទិញរបស់ដោយសារតែពួកគេមានលទ្ធភាព​ទិញនោះទេ ព្រោះនេះមិនមែនជាការចាយលុយមានប្រសិទ្ធភាពឡើយ។ ផ្ទុយទៅវិញពួកគេទិញនូវ អ្វីដែលជា តម្រូវការចាំបាច់ មិនថា ពួកគេមានលុយច្រើនយ៉ាងណាក៏ដោយ។

ស្រ្តីវ័យ៦០ឆ្នាំរូបនេះ បានលើកឡើងថា ប្រសិនបើអ្នកមានលុយច្រើន ហើយចាយតាមតែចិត្តចង់ ដូចជា៖ ចំណាយលើ លើដំណើរកម្សាន្តទិញសម្ភារនិយម និងចាយទៅលើអ្វីដែលមិនចាំបាច់ នោះលុយរបស់អ្នកនឹងរលាយគ្មានសល់នោះទេ។

លោកស្រីបានលើកឧទាហរណ៍ របស់លោកស្រីផ្ទាល់ថា កាលពីឆ្នាំ១៩៩៨ លោកស្រីត្រូវទៅទីក្រុង New York ជាញឹកញាប់។ ពេលនោះលោកស្រីក៏មានលទ្ធភាពទិញផ្ទះប្រភេទ ​penthouse តម្លៃខ្ទង់លានដុល្លារ តែលោកស្រីមិនត្រូវការ ផ្ទះ penthouse នោះទេ។ ដូច្នេះលោកស្រីទិញផ្ទះ អាផាតមិន តម្លៃ២៤ម៉ឺនដុល្លារ ព្រោះលោកស្រីត្រូវការវានៅក្នុងទីក្រុង New York។ លោកស្រី Suze Orman បានផ្ដែផ្ដាំថា អ្នកត្រូវទិញអ្វីដែលជាតម្រូវការ របស់អ្នក មិនថា​អ្នកមានលុយច្រើនយ៉ាងណាក៏ដោយ ព្រោះការធ្វើបែបនេះ អ្នកនឹងអាចទិញ អ្វីៗដែលអ្នកចង់បាន។

លោកស្រីក៏បាន លើកឡើងថា បើអ្នកពិតជាចង់សន្សំសំចៃមែន អ្នកត្រូវបែងចែកឲ្យដាច់រវាងការចង់បាន និងតម្រូវការ។ លោកអ្នកអាចសន្សំសំចៃបានច្រើន​ បើអ្នកព្យាយាមចំណាយទៅលើអ្វីដែលអ្នកត្រូវការ ដូចជា៖ អ្នកត្រូវការអាហារហូបចុកប្រចាំថ្ងៃ ត្រូវការចាក់សាំងឡានម៉ូតូទៅធ្វើការ តែអ្នកមិនចាំបាច់ចាក់សាំងឡាន ម៉ូតូ ទៅដើរលេងកម្សាន្តនោះទេ៕