ភ្នំពេញ ៖ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ តម្លៃ២ពាន់លានដុល្លារអាមេរិក ចាប់បើកដ្ឋានសាងសង់ជាផ្លូវការហើយកាលពីព្រឹកថ្ងៃទី២២ ខែមីនាកន្លងទៅនេះ។ នេះជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់សមិទ្ធផលនៃការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
ពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនជាប្រវត្តិសាស្រ្តកម្ពុជា ជាលើកដំបូងនេះ ធ្វើឡើងនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមអធិបតេយ្យភាពសម្តេចនាយករដ្ឋមន្ត្រី។ ផ្លូវនេះមានប្រវែងជាង១៩០គីឡូម៉ែត្រ ចំណាយពេល សាងសង់រយៈពេល៤ឆ្នាំ និងចំណាយទឹកប្រាក់ប្រមាណ២,០០០លានដុល្លារអាមេរិក។
លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអោយដឹងថា ការសាងសង់ផ្លូវល្បឿន លឿន នឹងផ្ដល់នូវប្រយោជន៍ជាច្រើន ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងសង្គមកម្ពុជា ក្នុងការជំរុញកំនើនសេដ្ឋកិច្ចបន្ថែមទៀត តាមរយៈការសម្រួលការដឹកជញ្ជូន និងពាណិជ្ជកម្ម។
លោកបានបន្តថា ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុនឹងចាកចេញ ពីតំបន់អូរដឹមនៃចំណុចប្រសព្វរវាងផ្លូវទៅទំនប់កប់ស្រូវ និងអូសកាត់ផ្នែកខាងស្តាំដៃនៃផ្លូវជាតិលេខ៤។ លោកបន្តថា ចេញពីរាជធានីភ្នំពេញផ្លូវនេះនឹងស្ថិតនៅ ផ្នែកខាងស្តាំផ្លូវជាតិលេខ៤ ប្រមាណ៣០គីឡូម៉ែត្រ ទើបផ្លូវនេះងាកមកឆ្វេងដៃវិញ រហូតដល់ស្រុកព្រៃនប់ ទើប ងាកមកខាងស្តាំដៃវិញ រហូតដល់ក្រុងព្រះសីហនុ។
គួរបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុនេះតភ្ជាប់ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ដែលមានប្រវែងសរុប១៩០,៣៦៥គ.ម សាងសង់ជាបួនគន្លង ដោយ២គន្លងទៅ២គន្លងមក ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កំរាស់១០ស.ម និងថ្មលាយកៅស៊ូ(ATB)១២ស.ម ពង្រីកទទឺងផ្លូវដល់២៤,៥ម៉ែត្រ ខណ្ឌដោយសួនច្បារនៅកណ្ដាលទ្រូងផ្លូវ និងមានរបាំងអមសងខាងផ្លូវការពារសត្វ រឺមនុស្សឆ្លងកាត់ មានកន្លែងឈប់សម្រាកដែលមានលក្ខណៈងាយស្រួល មិនបង្កអោយមានការកកស្ទះចរាចរណ៍ ហើយគ្រោងប្រើប្រាស់រយៈពេលសាងសង់៤៨ខែ៕