PepsiCo ក្រុមហ៊ុនភេសជ្ជៈលំដាប់ពិភពលោក និងជាដៃគូប្រកួតប្រជែងដ៏ធំជាងគេរបស់កូកាកូឡា (Coca Cola) ធ្លាប់ត្រូវបានក្រុមហ៊ុននេះ មើលងាយ និងបដិសេធមិនព្រមទិញ ខណៈពេលដែលកុ្រមហ៊ុនកំពុងជួបវិបត្តិហិរញ្ញវត្ថុ។
ភេសជ្ជៈ Pepsi ត្រូវបានបង្កើតឡើងដោយលោក Caleb Bradham ដែលជាឱសថការីរស់នៅក្នុងទីក្រុង New Bern នៅ North Carolina សហរដ្ឋអាមេរិក។ លោកបានបង្កើតភេសជ្ជៈនេះឡើង ដើម្បីគ្រាន់តែបម្រើដល់អតិថិជនដែលមកទិញឱសថពីហាងរបស់លោកប៉ុណ្ណោះ។
ភេសជ្ជៈនេះត្រូវបានបង្កើតឡើងជាមួយនឹងរូបមន្តសំងាត់របស់លោក ក្នុងន័យផ្តល់ឱ្យអ្នកទទួលទៀនមានអារម្មណ៍ស្រស់ស្រាយ និងមានសុខភាពល្អ។ ក្រោយពីទទួលបានការគាំទ្រពីអ្នកដែលបានទទួលទៀន បានជម្រុញចិត្តលោកឱ្យបង្កើតក្រុមហ៊ុននេះឡើង ដោយដាក់ឈ្មោះភេសជ្ជៈនេះថា “Brad’s drink” នៅឆ្នាំ១៨៩៣ រហូតដល់ឆ្នាំ១៨៩៨ លោកក៏បានប្តូរឈ្មោះភេសជ្ជៈនេះថា “Pep Cola” ដែលក្រោយមកក៏បានប្តូរឈ្មោះម្តងទៀតនៅពេលចុះបញ្ជីម៉ាកសញ្ញា ដោយដាក់ថា “Pepsi-Cola” នៅឆ្នាំ១៩០៣។
ភាពជោគជ័យនៃផលិតផលភេសជ្ជៈ Pepsi បានបន្តកើនឡើងជាលំដាប់ រហូតធ្វើឱ្យលោកCaleb Bradham សម្រេចចាប់ធ្វើការផ្សាយពាណិជ្ជកម្ម ព្រមទាំងបានចែកចាយលក់ផលិតផលនេះទៅកាន់រដ្ឋជាច្រើននៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩១០ ថែមទៀតផង។ប៉ុន្តែជាអកុសល នៅឆ្នាំ១៩២៣ ក្រុមហ៊ុន Pepsi បានប្រកាសក្ស័យធុន បន្ទាប់ពីលោក Caleb Bradham បានទិញក្រុមហ៊ុនស្ករដ៏ធំមួយដោយឱ្យថ្លៃ២៨សេន ក្នុងមួយផោន។ សប្តាហ៍បន្តបន្ទាប់តម្លៃនេះចេះតែធ្លាក់ចុះទៅៗរហូតដល់ ៥សេនក្នុងមួយផោនជាហេតុធ្វើឱ្យក្រុមហ៊ុនស្កររបស់លោកត្រូវដួលរលំ ទើបលោកសម្រេចចិត្តលក់ក្រុមហ៊ុន Pepsi ទៅឱ្យលោក Charles G. Guth ម្ចាស់ក្រុមហ៊ុន Loft Candy Company ក្នុងតម្លៃ៣៥,០០០ដុល្លារអាមេរិក នឹងបានត្រលប់ទៅប្រកបរបរលក់ឱសថដដែលវិញនៅឆ្នាំ១៩៣១។
ក្រោយក្លាយជាម្ចាស់ក្រុមហ៊ុន Pepsi លោក Charles G. Guth បានធ្វើកំណែទម្រង់មួយចំនួននៅក្នុងក្រុមហ៊ុន ព្រមទាំងបានធ្វើការកែច្នៃបន្ថែមរស់ភេសជ្ជៈ Pepsi ដើម្បីឱ្យភេសជ្ជៈនេះទទួលបានជោគជ័យ ពេលនោះដែរលោកចង់លក់ក្រុមហ៊ុននេះទៅឱ្យក្រុមហ៊ុន Coca Cola ផងដែរ ប៉ុន្តែត្រូវក្រុមហ៊ុននេះបដិសេធមិនព្រមទិញ។ដោយសារតែហេតុហើយនេះ លោក Guth បានតាំងចិត្តថានឹងយកឈ្នះក្រុមហ៊ុន Coca Cola នេះនៅថ្ងៃណាមួយ។
ក្រោមការដឹកនាំ និងប្រឹងប្រែងអស់ពីពោះ លោកបានធ្វើឱ្យក្រុមហ៊ុននេះរីកធំធាត់ជាបន្តបន្ទាប់ រហូតអាចលក់ Franchise ចេញទៅក្រៅប្រទេសបានថែមទៀតផង។ ជាងនេះទៅទៀតនៅឆ្នាំ១៩៦៤ លោកបានដាក់បញ្ចូលក្រុមហ៊ុន Frito-Lay company ចូលទៅក្នុងក្រុមហ៊ុន Pepsi- Cola ដើម្បីពង្រីកវិសាលភាពក្រុមហ៊ុនថែមតទៅមុខទៀត។ បច្ចុប្បន្ន ក្រុមហ៊ុន Pepsi បានក្លាយជាក្រុមហ៊ុនផលិតផលភេសជ្ជៈនាំមុខគេលំដាប់ពិភពលោក និងជាដៃគូប្រកួតប្រជែងដ៏ធំជាងគេរបស់ក្រុមហ៊ុនយក្ស Coca Cola៕