សម្តេចព្រះសង្ឃរាជ ទ្រង់ប្រសូតនៅថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំវក ឆស័ត ព.ស. ២៤២៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា គ.ស.១៨៨៣ នៅភូមិកំរៀង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងត្រកូលជាកសិករ។ ព្រះមាតានៃសម្ដេចនាម យក់ ព្រះបិតានាម ព្រហ្ម ជួន។ គ្រួសារនេះមានបុត្រតែពីរនាក់គឺ អង្គសម្ដេចព្រះសង្ឃរាជ និងលោកឧកញ៉ាសោភណ្ឌមន្ត្រី ជួន នុត ជាព្រះអនុជនៃសម្ដេចព្រះសង្ឃរាជ។
សម្តេចសង្ឃរាជ ជួនណាត ជាសម្ដេចព្រះសង្ឃរាជអង្គទី៤ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ ទ្រង់កាន់តំណែងពីព.ស.២៤៩២ ដល់ ព.ស.២៥១៣ ក្នុងរជ្ជសម័យព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ។ សម្ដេចព្រះសង្ឃរាជសុគត នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៦៩ ហើយលោកបានបន្សល់នូវស្នាដៃជាច្រើនទុកអោយកូនចៅជំនាន់ក្រោយ។
ក្នុងពេលនេះ Business Cambodia សូមលើកយកទស្សនះទាំង ១០ឃ្លាដែលសម្តេចសង្ឃ ជួន ណាត ដែលបានបន្សល់ទុកសម្រាប់ទូន្មានដល់កូនខ្មែរជំនាន់ក្រោយ។
១.អ្នកប្រាជ្ញតែងសន្សំនូវអ្នកប្រាជ្ញដូចគ្នា ហើយតែងស្រឡាញ់មនុស្សដូចគ្នា ព្រមទាំងមិនចេះលាក់លៀមនូវអ្វីៗដែលនាំឱ្យប្រសើរដល់អ្នកដទៃ និងនាំអ្នកផងឱ្យឈានទៅរកសេចក្ដីចម្រើន។
២.រូបកាយតែងចាស់ជរា ឯកេរ្តិ៍ឈ្មោះល្អមិនចេះចាស់ជរាឡើយ។
៣.បើចេញពីវត្តទៅផ្ទះវិញយ៉ាងហោចណាស់ ត្រូវចេះធម៌អាថ៌ខ្លះៗ ដើម្បីចូលពិធីបុណ្យផ្សេងៗនឹងគេ កុំទៅអង្គុយទុកមាត់ឱ្យនៅស្ងៀម។
៤.ការធ្វេសស្មារតី ជាឧបាយនៃសេចក្ដីស្លាប់។
៥.ជីវិតរាល់រូបខ្លីណាស់ ប៉ុន្តែយើងត្រូវប្រឹងរៀន ប្រឹងរក ប្រឹងគិត ប្រឹងប្រព្រឹត្តិល្អ ហាក់ដូចជាយើងនឹងមានជីវិតរស់នៅរាប់ពាន់ឆ្នាំ។
៦.ឃើញគេថ្កំថ្កើង កុំចង់ចចើងតាមគេហួសមាឌខ្លួន ប៉ុន្តែមិនត្រូវបន្ធូបន្ថយព្យាយាមដែរ។
៧.កុំថ្កោលទោសគេដោយពុំពិនិត្យ កុំគិតខ្លួនឯងថាប្រពៃ កុំធ្វេសប្រហែសពាក្យសម្ដី នាំឱ្យមានភ័យដល់អាត្មា។
៨.ធ្វើស្រែទាន់មានភ្លៀង ស្រែកច្រៀងទាន់មានភ្លេង។
៩.ពេលដើរបែកជាដេក ខ្ជិលហួសពេកនាំឱ្យល្ងង់។
១០.ស័ក្ដិពុំស្មើយស នាអ្នកខ្ពង់ខ្ពស់ ពុំស្មើចិត្តជា៕