គំនិតនៃការធ្វើអាជីវកម្មមាននៅគ្រប់ទីកន្លែង ដោយវាអាចកើតឡើងអាស្រ័យលើបទពិសោធន៍ ចំណេះដឹង ការសង្កេតស្វែងយល់ និងការពិចារណាល្អិតល្អន់ក៏ថាបាន។ ជាក់ស្ដែងលោកស្រី ណេង សុខនាង បានឆ្លងកាត់នូវបទពិសោធន៍ថ្មីមួយរហូតធ្វើឲ្យគាត់បែកគំនិតក្នុងការធ្វើអាជីវកម្ម និងបានបន្តវិវត្តខ្លួនឥតឈប់ឈររហូតក្លាយខ្លួនជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅកម្ពុជា។
លោកស្រី ណេង សុខនាង ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា KOKOPON បានប្រាប់ពីការចាប់ផ្ដើមដំបូងនៃការបង្កើតក្រុមហ៊ុនរបស់លោកស្រីថា លោកស្រីធ្លាប់មានគម្រោងនៃការធ្វើអាជីវកម្មតាំងពីពេល៦ឆ្នាំមុនម្លេះ ប៉ុន្តែនៅពេលនោះដោយសារតែលោកស្រីនៅក្មេងខ្ចីពេកក្នុងការចាប់ផ្ដើម ទើបធ្វើឲ្យគម្រោងអាជីវកម្មដំបូងនោះបរាជ័យ។ ក្រោយមកក្នុងឆ្នាំ២០១៧ លោកស្រីបានសន្សំចិត្តក្នុងការធ្វើដំណើរកំសាន្តទៅបរទេស ហើយនេះគឺជាបទពិសោធន៍ថ្មីមួយសម្រាប់លោកស្រីក្នុងការចាប់ផ្ដើមអាជីវកម្ម។
ស្ថាបនិកក្រុមហ៊ុនរូបនេះប្រាប់ថា លោកស្រីបានសន្សំលុយរយៈពេលមួយឆ្នាំពេញសម្រាប់ដំណើរកំសាន្តមួយនេះ ហើយប្រទេសដែលលោកស្រីទៅដំបូងគេគឺ ប្រទេសម៉ាឡេស៊ី បន្ទាប់មក ក៏បន្តទៅកំសាន្តនៅទីក្រុងសាំងហ្កាពួរ ប្រទេសសង្ហបូរី។ នៅទីនេះ ដោយសារតែតម្លៃ ទាំងការស្នាក់នៅនិងសេវាកម្មផ្សេងៗមានតម្លៃថ្លៃ ធ្វើឲ្យលោកស្រីជួបបញ្ហាខ្លះៗ ប៉ុន្តែជាសំណាងល្អ លោកស្រីបានឃើញគេហទំព័រមួយមួយ ដែលផ្ដល់ជូននូវការបញ្ចុះតម្លៃយ៉ាងពិសេស។
ពេលនោះហើយដែលលោកស្រីគិតថា ប្រសិនបើអាចនាំយកនូវបទពិសោធន៍មួយនេះទៅកាន់កម្ពុជា ដើម្បីជួយសម្រួលដល់ប្រជាជន និងជួយក្នុងការប្រកបអាជីវកម្មរបស់គាត់តាមរយៈបច្ចេកវិទ្យានេះ។ ដូច្នេះលោកស្រីក៏ចាប់ផ្ដើម ស្រាវជ្រាវទីផ្សារ គម្រោងបច្ចេកវិទ្យា ការរចនានានា និងព្យាយាមសួរទៅកាន់អ្នកដទៃ ហើយចាប់ផ្ដើមធ្វើអ្វីដែលលោកស្រីអាចធ្វើបានដើម្បីឲ្យអាជីវកម្មនេះលេចជារូបរាងឡើង។
សហគ្រិនស្រ្តីវ័យក្មេងរូបនេះបន្តថា អាជីវកម្មនេះថ្មីត្បិតតែដំណើរការទៅជួបប្រទះនូវបញ្ហាខ្លះៗ ប៉ុន្តែលោកស្រីរួមនឹងក្រុមការងារនូវតែបន្តធ្វើ ព្រោះតែចង់ឃើញភាពរីករាយរបស់ប្រជាជនខ្មែរ ពិសេសចំពោះយុវជនដែលពួកគាត់មិនសូវមានថវិការច្រើនក៏អាចរីករាយជាមួយនឹងអ្វីថ្មីៗជាមួយKOKOPON ផងដែរ។
KOKOPON គឺជាគេហទំព័រមួយដែលធ្វើឲ្យម្ចាស់អាជីវកម្មនិងអតិថិជនបានស្គាល់គ្នា និងមួយទៀត គឺជួយក្នុងការផ្សព្វផ្សាយអាជីវកម្ម ផលិតផល ឬសេវាកម្ម តាមរយៈគេហទំព័រដោយទាក់ទាញអតិថិជនតាមរយៈការបញ្ចុះតម្លៃទ្រង់ទ្រាយធំនូវមុខទំនិញផ្សេងៗ៕