Mr. Bean ៖ បញ្ចប់អនុបណ្ឌិតអគ្គិសនី ជោគជ័យលើការសម្តែងមានទ្រព្យជាង១៣០លានដុល្លារ

Rowan Sebastian Atkinson ដែលត្រូវបានមនុស្សគ្រប់គ្នាស្គាល់លោកថា Mr. Bean ជាកំពូលតារាសម្តែង អ្នកនិពន្ធ និងជាតារាកំប្លែងដ៏ល្បីល្បាញរបស់អង់គ្លេស បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្មអគ្គិសនី បែរមកជោគជ័យលើការសម្តែងមានទ្រព្យជាង១៣២លានដុល្លារអាមេរិក។

Rowan Sebastian Atkinson កើតនៅក្នុងឆ្នាំ ១៩៥៥ ក្នុងគ្រួសារកសិករដែលមានជីវភាពកម្រិតមធ្យមក្នុងប្រទេសអង់គ្លេស។ ដោយការប្រឹងប្រែរបស់លោក ធ្វើលោកអាចបន្តការសិក្សានៅសាលា Newcastle University និង Oxford University និងបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតវិស្វកម្មអគ្គិសនីដោយជោគជ័យ។

នៅអំឡុងពេលដែលលោកនៅជានិស្សិតសិក្សានៅសកលវិទ្យាល័យ Oxford លោកចាប់ផ្តើមមានការជាប់ចិត្តនឹងការសម្តែង ដែលទីបំផុតទៅ លោកក៏ទទួលបានឱកាសចូលរួមសម្តែងក្នុងក្រុមកំប្លែងមួយ ប៉ុន្តែការសម្តែងរបស់លោកពុំទទួលបានជោគជ័យឡើយ ដោយសារតែលោកមានបញ្ហាក្នុងការនិយាយមិនត្រូវពាក្យតាមលំដាប់ (បញ្ហាទាក់ទងនឹងប្រព័ន្ធប្រសាទ) ហើយនេះក៏ជាបញ្ហាមួយដែរ ដែលធ្វើឲ្យកម្មវិធីទូរទស្សន៍ជាច្រើនបដិសេធលោក។

ទោះជាយ៉ាងក្តី លោកព្យាយាមជម្នះនឹងបញ្ហារបស់ខ្លួន ដើម្បីអាជីពជាតារាសម្តែងក្នុងក្តីស្រមៃរបស់លោក លោកខិតខំហ្វឹកហាត់យ៉ាងខ្លាំងក្នុងការនិយាយឲ្យបានល្អ រលូន និងត្រឹមត្រូវ រហូតដល់ពេលមួយដែលលោកច្បាស់ក្នុងចិត្តថា លោកពិតជាអាចនិយាយបានយ៉ាងល្អ និងយ៉ាងរលូន តែទោះបែបនេះក៏ដោយ លោកក៏នៅតែត្រូវគេបដិសេធដដែល ដោយលើកឡើងថា លោកមានមុខមាត់ និងរូបរាងអាក្រក់ពេក។

ដោយនឹកមិនអស់ចិត្ត លោកក៏សម្រេចចិត្តបើកកម្មវិធីសម្តែង (Show) ដោយខ្លួនឯង ដោយសម្តែងជាកាយវិការ លាយឡំជាមួយការនិយាយបែបកំប្លែង និងបានដាក់ឈ្មោះកម្មវិធីសម្តែងនោះថា Mr. Bean ដោយលោកគឺជាតួអង្គ Mr.Bean នោះឯង។ ការសម្តែងរបស់លោកចាប់ផ្តើមទទួលបានការគាំទ្របន្តិចម្តងៗ រហូតអាចទទួលបានជោគ​ជ័យគួរសមក្នុងនៅអំឡុងឆ្នាំ១៩៨០ ដោយបានការជួយជ្រំជ្រែង និងចូលរួមនិពន្ធពីដៃគូរបស់លោកម្នាក់ គឺលោក Richard Curtis។

បច្ចុប្បន្ន Rowan Sebastian Atkinson អាចធ្វើឲ្យអ្នកមើលងាយលោកកាលពីមុនត្រូវបិទមាត់ ដោយសារភាពជោគជ័យក្នុងនាមជាតារាសម្តែង និងជាតារាកំប្លែងដ៏ល្បីឈ្មោះមួយរូប និងមានទ្រព្យសរុបប្រមាណជាង ១៣២លានដុល្លារអាមេរិកឯណោះ។

Rowan Sebastian Atkinson “ដើម្បីជោគជ័យ អ្នកមិនចាំបាច់មានមុខមាត់ស្រស់ស្អាត មានរាងកាយស្រស់សង្ហារនោះទេ អ្វីដែលអ្នកត្រូវមានគឺគំនិត ជំនាញ និងសមត្ថភាពពិត”៕