Patrick Lee អតីតស្ថាបនិកអាជីវកម្មចំនួន៦ ចំណាយពេល១០ឆ្នាំទើបរៀនបញ្ចប់បរិញ្ញាប័ត្រនឹងគេ

Patrick Lee កើតនៅក្នុងទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក និងបានទៅសិក្សាថ្នាក់បរិញ្ញាប័ត្រនៅសកលវិទ្យាល័យ The University of California, Berkeley អស់រយៈពេល១០ឆ្នាំ។ ដំបូង Patrick Lee បានចាប់យកមុខជំនាញ វិស្វកម្មអគ្គិសនី ក្រោយមកក៏ងាកមកចាប់ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ បន្ទាប់មកក៏ប្តូរមកចាប់យកជំនាញ ពាណិជ្ជកម្ម ហើយចុងក្រោយគឺជំនាញ Cognitive Science (វិទ្យាសាស្ត្រផ្តោតលើការគិត)។​

កត្តាដែលធ្វើឲ្យលោកត្រូវចំណាយពេលដល់ទៅ១០ឆ្នាំ ដើម្បីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រនេះ គឺដោយសារតែលោកជាមនុស្សជាប់ចិត្តក្នុងបង្កើតអាជីវកម្មថ្មីៗ ហើយមានការធុញទ្រាំជាមួយនឹងការសិក្សា ទើបលោកបានសម្រេច​ចិត្តផ្អាក់ការសិក្សានៅត្រឹមឆ្នាំទី២ និងបានចាប់ដៃគ្នាជាមួយមិត្តភ័ក្រពីរនាក់ផ្សេងទៀត ដើម្បីបង្កើតអាជីវកម្មដោយខ្លួនឯង។​

អាជីវកម្មដំបូងរបស់លោកគឺ Human Ingenuity ដែលផ្តោតលើការលក់ផ្នែកផ្សេងៗ និងគ្រឿងបង្គុំនៃកុំព្យូទ័រ ដោយលោកទទួលទិញពីគេ និងចែកចាយបន្ត។ អាជីវកម្មទី២ គឺជាក្រុមហ៊ុនដែលបង្កើត និងរចនាគេហទំព័រដែលមានឈ្មោះថា Bay Area ហើយអាជីវកម្មទី៣ គឺ Rotten Tomatoes តែក្រោយមកអាជីវកម្មទី៣ នេះ ត្រូវបានលក់ទៅឲ្យគេ។​

អាជីវកម្មទីបីនេះហើយ ដែលធ្វើឲ្យមនុស្សជាច្រើនស្គាល់រូបលោក ក្រោយពីបានលក់អាជីវកម្ម Rotten Tomatoes នេះរួច Patrick Lee ក៏បានសម្រេចចិត្តត្រលប់មកកាន់សាលាម្តងទៀត តែការសិក្សារបស់លោកគឺមិនទៀតទាន់ឡើយ ពីព្រោះលោករៀនឈប់ៗ និងប្តូរជំនាញជាបន្តបន្ទាប់។ Patrick Lee បានមានប្រសាសន៍ថា៖ ខណៈដែលលោកសម្រេចចិត្តចាប់ផ្តើមអាជីវកម្មដោយបោះបង់ការសិក្សា លោកត្រូវបានគ្រួសារ ឪពុកម្តាយ ស្នើរសុំលោកឲ្យបញ្ចប់ការសិក្សាជាមុន មុននឹងសម្រេចចិត្តចាប់ផ្តើមអាជីវកម្ម តែលោកមិនព្រម ដោយលោកមិនអាចទ្រាំបានក្នុងដំណើរឆ្ពោះទៅសម្រេចនូវក្តីស្រមៃរបស់លោក ទើបលោកសម្រេចចិត្តឈប់។

ប៉ុន្តែការបរាជ័យលើអាជីវកម្មរបស់លោក ពីមួយទៅមួយចេះកើតឡើងជាបន្តបន្ទាប់ ពិសេសនៅឆ្នាំ២០០០ Patrick Lee បានប្រសាសន៍ទាំងអួលដើមកថា៖ លោកពិតមានការលំបាកខ្លាំងណាស់ ដោយសារតែវិបត្តិសេដ្ខកិច្ចពិភពលោកបានធ្វើឲ្យអាជីវកម្មរបស់លោកត្រូវជាប់គាំង ហើយលោកត្រូវបង្ខំចិត្តបញ្ឈប់ការងារបុគ្គលិកជាច្រើននាក់ រហូត​សល់ត្រឹមតែ៧នាក់ប៉ុណ្ណោះ ហើយប្រាក់បៀវត្សរ៍របស់ពួកគេត្រូវថយចុះ៣០ភាគរយផងដែរ។

ចំណែកឯរូបលោក និងមិត្តភ័ក្រម្នាក់ទៀតដែលជាអ្នកទីផ្សារ ក៏ត្រូវធ្វើការងារដោយគ្មានប្រាក់ចំណូលសូម្បីតែ១ដុល្លារ ហើយពួកគេត្រូវបង្ខំចិត្តគេងនៅក្រោមតុការិយាល័យធ្វើការអស់រយៈពេល៦ខែ ដោយសារតែគ្មានលុយជួលផ្ទះ ឬបន្ទប់ផ្សេង ខណៈដែលកុងត្រាការិយាល័យនោះនៅមានរយៈ៥ឆ្នាំនៅឡើយ។

ជាងនេះទៅទៀត លោកត្រូវបង្ខំចិត្តខ្ចីប្រាក់មិត្តភ័ក្រ បងប្អូន គ្រួសារ ដោយមិនឲ្យពួកគេដឹងពីបញ្ហា ដែលខ្លួនកំពុងជួបប្រទះឡើយ។ លោកយល់ថា វាពិតជាវេទនា និងពិបាកចិត្តខ្លាំងមែនទែន!!! បច្ចុប្បន្ន Patrick Lee គឺជាសហស្ថាបនិកក្រុមហ៊ុនHobo Labs ដែលជាក្រុមហ៊ុនផលិតហ្គេមនៅលើទូរស័ព្ទដៃ៕