ទាំងសេដ្ឋី មហាសេដ្ឋីអ្នកដែលកសាងភាពមានបានដោយខ្លួនឯង និងអ្នកដែលក្លាយជាអ្នកមានព្រោះតែទ្រព្យកេរ្តិ៍ឪពុកម្តាយ តែងតែប្រើប្រាស់លុយរបស់ពួកគេទៅបង្កើតលុយផ្សេងទៀត ឱ្យកាន់រីកចម្រើនកើនឡើងទ្វេដង តាមរយៈការស្វែងរកឱកាសវិនិយោគដ៏ត្រឹមត្រូវ។
ថ្ងៃនេះសូមលើកយកវិស័យធំៗចំនួន៧ ដែលពួកអ្នកមានទាំងនោះចូលចិត្តដាក់លុយវិនិយោគខ្លាំងបំផុត ព្រោះតែវាមានសមត្ថភាពបង្កើតលុយឲ្យពួកគេបានឆាប់រហ័ស និងមានសុវត្ថិភាព៖
១.វិស័យបច្ចេកវិទ្យា
វិស័យអាទិភាពទីមួយ គឺវិស័យបច្ចេកវិទ្យា នៅក្នុងយុគសម័យនេះ វិស័យមួយនេះមានសក្តានុពលខ្លាំង ដែលធ្វើឲ្យអ្នកវិនិយោគខិតខំស្វែងរកឱកាសវិនិយោគនៅក្នុងវិស័យនេះ។ ការវិនិយោគត្រូវក្នុងវិស័យនេះ អាចផ្លាស់ប្តូរជោគវាសនាពីអ្នកមានធម្មតា ទៅជាសេដ្ឋី ឫមហាសេដ្ឋីក្នុងរយៈពេលខ្លី។
២.វិស័យអចលនទ្រព្យ
មហាសេដ្ឋីភាពច្រើន មិនដែលមើលរំលងវិស័យដ៏មានសក្តានុពលមួយនេះទេ ព្រោះវាជាការវិនិយោគមួយដែលមានហានិភ័យទាប មានសុវត្ថិភាព និងផ្តល់ប្រាក់ចំណេញបានឆាប់រហ័ស។ ហេតុនេះហើយទើបវិស័យនេះឈរចំណាត់ថ្នាក់លេខ២ ដែលទាក់ទាញចិត្តវិនិយោគិន សេដ្ឋី និងមហាសេដ្ឋីខ្លាំងបំផុត។
៣.វិស័យម្ហូបអាហារ
វិស័យម្ហូបអាហារ សម្រាប់សេដ្ឋីមួយចំនួនធំ ចូលចិត្តវិនិយោគក្នុងវិស័យនេះ ដោយសារតែកត្តាសក្តានុពលយូរអង្វែង និងឱកាសបង្កើតប្រាក់ចំណេញបានច្រើនក្នុងរយៈពេលវែង។
៤.វិស័យថាមពល
វិស័យថាមពល ជាការវិនិយោគដែលប្រើប្រាស់ដើមទុនធំ ប៉ុន្តែវានៅតែជាជម្រើសមួយក្នុងចំណោមជម្រើសជាច្រើនផ្សេងទៀត ដែលសេដ្ឋី និងមហាសេដ្ឋីចាប់អារម្មណ៍ក្នុងការវិនិយោគ។ ពិសេសវិស័យប្រេង និងឧស្ម័នធម្មជាតិ ដែលនៅតែពេញនិយមនៅឡើយ ទោះជាអាយុកាលរបស់ពួកវានឹងផុតរលត់ក្នុងរយៈពេលខាងមុខណាមួយក៏ដោយ។
៥.វិស័យសុខាភិបាល
មហាសេដ្ឋីភាគច្រើន ដែលចាប់អារម្មណ៍ក្នុងវិស័យសុខាភិបាលភាគច្រើនបោះទុនលុយរាប់លានដុល្លារ សិក្សាស្រាវជ្រាវ លើប្រភេទឱសថ និងថ្នាំព្យាបាលផ្សេងទៀត ដែលនេះក៏ជាការវិនិយោគមួយដ៏មានសក្តានុពលណាស់ដែរ។
៦.វិស័យកីឡា
សម្រាប់អ្នកនិយមចូលចិត្តកីឡា ចូលចិត្តបង្ហូរញើស អាចមើលគម្រូវិនិយោគក្នុងវិស័យនេះពីមហាសេដ្ឋីជាច្រើន ដែលសុខចិត្តជះលុយ បង្កើតក្រុមកីឡាបាល់ទាត់ និងបាល់ទះជាដើម ដោយវិនិយោគរកស៊ីក្នុងវិស័យមួយនេះ។ ប៉ុន្តែនៅកម្ពុជា វិស័យនេះនៅមិនទាន់មានភាពលេចធ្លោនៅឡើយទេ។
៧. វិស័យឧស្សាហកម្ម
ក្នុងយុគសម័យជាង៥០ឆ្នាំមុន បើអ្នកបានវិនិយោគក្នុងវិស័យនេះ ម្ល៉េះអ្នកនឹងទៅជាមហាសេដ្ឋីជួរមុខណាមួយជាក់ជាមិនខាន។ ត្បិតការវិនិយោគក្នុងវិស័យនេះ ត្រូវការប្រើប្រាស់ដើមទុនច្រើន តែវាមានសក្តានុពលគួរឲ្យវិនិយោគបំផុត។
គួរជម្រាបថា នៅក្នុងចំណោមមហាសេដ្ឋីនៅក្នុងតារាង Forbes ទាំង៤០០នាក់ មានមហាសេដ្ឋីជិត២០០នាក់ហើយ ដែលច្រើនបោះទុនវិនិយោគក្នុងវិស័យទាំង៧នេះ៕