អស្ចារ្យមែន​ ! សិស្សវៀតណាម​អាច​ផលិត​កង់​ ដែលអាច​បន្សុត​ខ្យល់កខ្វក់ទៅជាខ្យល់​បរិសុទ្ធ​បាន​

តាមរយៈសារព័ត៌មានវៀតណាមបានឲ្យដឹងថាសិស្សវៀតណាមមួយក្រុមបានផលិតកង់ដែលអាចបន្សុទ្ធខ្យល់កខ្វក់ទៅជាខ្យល់បរិសុទ្ធដែលជួយការពារពួកគេពីខ្យល់កខ្វក់បាន។

សិស្សទាំងបីនាក់ដែលមកពីវិទ្យាល័យ Thang Long Gifted High School ក្នុងទីក្រុង Da Lat បានចំណាយពេលវេលាជាង៦ខែ លើការធ្វើពិសោធន៍លើបច្ចេកវិទ្យាមួយនេះមុននឹងសម្រេចបានលទ្ធផលចុងក្រោយ។ បច្ចេកវិទ្យាមួយនេះ គឺគេប្រើដោយដាក់វានៅលើដៃកង់ ដែលមានតម្រងខ្យល់មួយសម្រាប់អោយចរន្តខ្យល់ចូលដើម្បីបន្សុទ្ធខ្យល់​ និងមានថ្មភ្លើងមួយគ្រាប់។ តម្រងមួយនេះមានស្រទាប់កប្បាសបីស្រទាប់ និងក្រណាត់កាបូនសកម្ម (activated carbon fabric) ដែលចាប់យកខ្យល់មកធ្វើការបន្សុទ្ធដោយប្រមូលផ្ដុំធូលីផ្សេងៗ។

តម្រងខ្យល់នោះភ្ជាប់ជាមួយនឹងកង្ហារដែលដាក់ជាប់នឹងសងខាងនៃកង់ខាងមុខ។ រីឯកង្ហារទាំងនោះភ្ជាប់ចរន្តអគ្គិសនីជាមួយនឹង dynamo នៅនឹងកង់។ កង្ហារទាំងនោះផ្លុំខ្យល់បរិសុទ្ធទៅមុខរបស់អ្នកជិះកង់ហើយក៏សាកថ្មភ្លើងនៅក្នុងតម្រងខ្យល់ទាំងនោះផងដែរ។ តាមរយៈការស្រាវជ្រាវបានឲ្យដឹងថាបច្ចេកវិទ្យាមួយនេះអាចការពារធូលីបានរហូតទៅដល់ ៨៦% និងការពារឧស្ម័ននីត្រូសែនអុកស៊ីតបានទៅដល់៦៣%។

លោក Pham Gia Sam គ្រូរូបវិទ្យានៅក្នុងសាលាខាងលើ មានការជឿជាក់យ៉ាងខ្លាំងថាលទ្ធផល ដែលទទួលបាននោះអាចយកជាផ្លូវការបានដោយសារតែលទ្ធផល ដែលបានធ្វើពិសោធន៍នៅតាមតំបន់ផ្សេងៗគ្នា គឺមានលទ្ធផលដូច​ៗគ្នា។

ចំពោះសិស្សទាំងបីនាក់ ដែលបានឈ្នះពានរង្វាន់ចំណាត់ថ្នាក់លេខពីរនៃបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ បានយល់ឃើញពីភាពជោគជ័យរបស់ខ្លួនក្នុងការមានគំនិតច្នៃប្រឌិតខ្ពស់បែបនេះ ហើយបានប្ដេជ្ញាចិត្តគិតចង់កែលំអបច្ចេកវិទ្យា​របស់ខ្លួនអោយកាន់តែមានប្រសិទ្ធភាព និងមានលក្ខណៈសម្បត្តិល្អលើសពីនេះទៅទៀតក្នុងពេលអនាគត។

សិស្សម្នាក់ក្នុងចំណោមសិស្សទាំងបីអ្នកនោះដែលមានឈ្មោះ Cao Thi Khanh Hoa បានបញ្ចេញយោបល់ថាពួកគេកំពុងតែមានគម្រោងចង់បង្កើតបច្ចេកវិទ្យាមួយនេះ ដែលអាចប្រើការជាមួយនឹងម៉ូតូប្រើចរន្តអគ្គិសនី ដែលនេះជាការចូលរួមក្នុងការការពារបរិស្ថាន និងជួយការពារសុខភាពប្រជាជន។ មិនត្រឹមតែប៉ុណ្ណោះទេ សិស្សទាំងនោះបានឆ្នៃបច្ចេកវិទ្យានេះពីសំណល់ដែលនេះជាវិធីសាស្ត្រមួយដ៍ល្អក្នុងការកាត់បន្ថយសំណល់ក្នុងបរិស្ថានផងដែរ។

របកគំហើញមួយនេះ គឺជារឿងដ៍អស្ចារ្យសម្រាប់ប្រជាជនមួយចំនួននៅជុំវិញពិភពលោកក្នុងបណ្ដាប្រទេសនានាដែលកំពុងជួបប្រទះកខ្វក់បរិស្ថាន ដោយសារតែកត្តាការកើនឡើងនៃរោងចក្រនិងយាន្តជំនិះទាំងឡាយ ដែលបញ្ចេញ​ឧស្ម័នពុលផ្សេងៗ៕