បច្ចុប្បន្ននេះអាជីវកម្មពុះដីឡូតិ៍សម្រាប់លក់ កំពុងតែមានការពេញនិយមខ្លាំងក្លាបំផុតសម្រាប់ប្រទេសកម្ពុជា ប៉ុន្តែមានចំណុចខ្លះដែលកំពុងជះឥទ្ធិពលអាក្រក់ដល់អ្នកទិញ ដោយសារដីឡូតិ៍ទាំងនោះ មិនស្ថិតនៅតំបន់អភិវឌ្ឍន៍ពិតប្រាកដ ហើយទិញដោយមិនដឹងទីតាំងដីច្បាស់លាស់។ ទាក់ទិនករណីនេះ លោកឧកញ៉ា នួន រិទ្ធី ប្រធានKFA ដែលជោគជ័យក្នុងវិស័យអចលទ្រព្យ បានលើកឡើង៩ចំណុចសំខាន់មុនទិញដីឡូតិ៍៖
១.ទីតាំង៖ មុននឹងសម្រេចចិត្ដទិញអ្នកសួរខ្លួនឯងថាទិញដើម្បីរស់នៅ ឫទិញដើម្បីទុកលក់យកចំណេញ ការជ្រើសរើសទីតាំង គឺចាំបាច់ណាស់ ប្រសិនបើទីតាំងនោះមិនមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ទេ បើទុករស់នៅក៏ពិបាករស់នៅ បើទុកលក់យកចំណេញក៏ពិបាក់លក់ចេញដែរ។
២.ពេលវេលាសមស្រប៖ គម្រោងដីឡូតិ៍និមួយៗមានប្រម៉ូសិននៅពេលចាប់បើលក់គម្រោងជាលើកដំបូង ដូច្នេះវាជាឱកាសសម្រាប់អ្នកដែលអាចទទួលបានតម្លៃពិសេសៗ និងអាចជ្រើសរើសទីតាំងបានមុនគេ។
៣.តម្លៃ៖ បន្ទាប់ពីជ្រើសរើសទីតាំងបានល្អហើយ អ្នកក៏ត្រូវប្រៀបធៀបពីតម្លៃថាទីតាំងនៅតំបន់នឹង មានតម្លៃប៉ុណ្ណឹងសមស្របនិងតម្លៃទីផ្សារដែរឫអត់ ហើយអ្នកមានលទ្ធភាពអាចទិញក្នុងតម្លៃនឹងបានដែរឬទេ។
៤.ឯកសារផ្លូវច្បាប់៖ បញ្ហាធំបំផុតពេលដែលអ្នកទិញដីឡូតិ៍មិនស្របច្បាប់ ដូច្នេះដើម្បីកុំអោយខាតបង់ប្រាក់កាសអ្នកត្រូវជ្រើសរើសក្រុមហ៊ុនដែលស្របច្បាប់ និងនៅពេលអ្នកទិញមានការបំបែកប្លង់កម្មសិទ្ធិបានត្រឹមត្រូវ។
៥.ប្លង់មេរបស់គម្រោង៖ គម្រោងនិមួយៗគឺមានប្លង់មេរៀងខ្លួន ថាតើប្លង់មេរបស់គាត់ស្របតាមបទដ្ឋានគតិយុទ្ធ ដែលច្បាប់បានកំណត់អោយដែរឬទេ។
៦.ហេដ្ឋារចនាសម្ព័ន្ធ៖ គម្រោងពុះដីឡូតិ៍ដែលត្រឹមត្រូវគឺ មានផ្លូវ លូ ទឹក ភ្លើង ពីព្រោះបច្ចុប្បន្ននេះការរស់នៅមិនអាចខ្វះកត្ដាទាំង៤នេះបានទេ នៅពេលដែលអ្នកយកទៅធ្វើជាលំនៅឋាន ឬ បើអ្នកចង់ទិញសម្រាប់វិនិយោគក៏មិនអាចខ្វះបានដែរ។
៧.លក្ខខណ្ឌហិរញ្ញវត្ថុ៖ អ្នកត្រូវដឹងថាតើគម្រោងនឹងមានផ្ដល់លក្ខខណ្ឌហិរញ្ញវត្ថុសមរម្យដល់អ្នកដែរទេ ឫបើអ្នកទិញដីនោះហើយអ្នកអាចខ្ចីលុយពីធនាគារបានដែរឬទេប្រសិនដីនោះមានប្លង់រឹង។
៨.ចំងាយ៖ យើងឃើញហើយថាបច្ចុប្បន្នការពុះដីឡូតិ៍គឺមិនមាននៅក្នុងទីក្រុងនោះទេ គឺមាននៅតាមជាយក្រុង ដូច្នេះអ្នកត្រូវដឹងថាចំងាយប្រមាណពីទីក្រុងភ្នំពេញដែលអ្នកអាចទិញបាន ដោយសារតែបច្ចុប្បន្នរាជរដ្ឋាភិបាល មានគម្រោងពង្រីកទីក្រុងដែលមានចំងាយ ៣០គីឡូម៉ែត្រពីផ្ចិតនៃរាជធានីភ្នំពេញ។
៩.លក្ខណៈសម្បត្ដិក្រុមហ៊ុន៖ មុនសម្រេចចិត្ដទិញដីអ្នកត្រូវដឹងថាតើក្រុមហ៊ុនដែលអ្នកទិញនោះ អាចទុកចិត្ដបានដែរទេ តើក្រុមហ៊ុនគាត់បានធ្វើតាមការសន្យាជាមួយអ្នកដែរឫទេ? អ្នកគួរស្វែងយល់ឲ្យច្បាស់មុនសម្រេចិត្តទិញ៕