Checkout-free stores ជាបច្ចេកវិទ្យាច្នៃប្រឌិតថ្មីមួយកំពុងប្រើប្រាស់នៅអាមេរិក និងចិន ក្នុងផ្សារទំនើប ហាងលក់ទំនិញធំៗ ដោយសារវាផ្តល់ភាពងាយស្រួលដល់អ្នកទិញមិនចាំបាច់ឈរតម្រង់ជួរគ្នាចាំគិតលុយ ជាពិសេសហាងទំនិញទាំងនោះមិនបាច់ត្រូវបុគ្គលិកផ្នែកគិតលុយទៀតទេ។
កាលពីខែមករាឆ្នាំ២០១៨ កន្លង Amazon បានក្លាយជាក្រុមហ៊ុនលក់រាយដំបូងគេបង្អស់ក្នុងពិភពលោក ដែលបានប្រើបច្ចេកវិទ្យា Checkout-free ដែលអតិថិជនអាចធ្វើការទិញទំនិញដោយខ្លួនឯង និងគិតលុយដោយស្វ័យប្រវត្តិ Amazon បានហៅសេវាកម្មនេះថា Just Walk Out ដោយប្រើប្រាស់កុំព្យូទ័រ AI និងសេនស័រ។
មុនពេលចូលហាង Amazon តម្រូវឲ្យអតិថិជនទាញយក App មួយឈ្មោះថា Amazon Go ។ សេនស័រដែលភ្ជាប់ជាមួយទូរទំនិញនឹងដំណើរការ ពេលដែលអតិថិជនលើកទំនិញឡើង វានឹងគិតលុយពីគណនីរបស់អ្នកទិញ ប្រសិនបើគេដាក់ទំនិញចូលវិញ វានឹងលុបចោលការទិញនេះដោយខ្លួនឯង នៅពេលដែលអតិថិជនដើរចេញពីហាងទំនិញ ម៉ាស៊ីននឹងធ្វើការទូទាត់សរុបរួចផ្ញើវិក័យបត្រឲ្យអតិថិជនតាមអនឡាញ។
កាលពីខែមិថុនាឆ្នាំ ២០១៨ ក្រុមហ៊ុនអង់គ្លេស Tesco ក៏បានសាកល្បងសេវាកម្មស្រដៀងគ្នានេះឈ្មោះថា Scan Pay Go ប៉ុន្តែខុសគ្នាត្រង់ថា Tesco តម្រូវឲ្យអតិថិជនយកស្មាតហ្វូនទៅស្កេនទំនិញរួចម៉ាស៊ីននឹងគិតលុយដោយខ្លួនឯង។
ជាមួយគ្នានេះ ក្រុមហ៊ុនចិន JD.com ក៏បានចេញសេវាកម្មគិតលុយស្វ័យប្រវត្តិនេះនៅឥណ្ឌូនេស៊ីផងដែរ ។ បច្ចេកវិទ្យាមួយនេះតម្រូវឲ្យអតិថិជនចូលទៅក្នុងហាងហើយស្កេន QR Code ដូចនេះកុំព្យូទ័រអាចកត់ចំណាំអត្តសញ្ញាណរបស់អតិថិជនបាន។ កាមេរ៉ា និងបច្ចេកវិទ្យាចំណាំមុខ មានតួនាទីតាមដានអតិថិជននៅក្នុងហាង ខណៈដែលឧបករណ៍អេឡិចត្រូវម៉ាញេទិច (RFID)ជាអ្នកកត់សម្គាល់ថាទំនិញត្រូវបានយកចេញពីទូរទំនិញ។
ចំណែក Walmart នៅអាមេរិក ក៏បានប្រើបច្ចេកវិទ្យាស្រដៀងគ្នានេះដែរ ដោយសហការជាមួយក្រុមហ៊ុន Microsoft តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា Cloud computing Azure ព្រមទាំង AI និង machine learning របស់ Microsoft៕