ដូចដែលអ្នកដឹងស្រាប់ហើយ អ្នកជ្រើសរើសការជិះយន្តហោះដើម្បីកាត់បន្ថយការធ្វើដំណើរតាមរថយន្តព្រោះវាចំណាយពេលវេលាច្រើនពេក។ ប៉ុន្តែពេលខ្លះបើសិនអ្នកធ្វើដំណើរទៅកាន់ប្រទេសណាដែលឆ្ងាយខ្លាំង ទោះបីជិះយន្តហោះក៏ដោយ ក៏អ្នកត្រូវចំណាយពេលសឹងតែមួយថ្ងៃដែរ ទើបទៅដល់។ ការប្រើពេលនៅលើយន្តហោះយូរពេក ក៏អាចនាំឲ្យដំណើរកម្សាន្តរបស់អ្នកកាន់តែពិបាកទៅតាមនោះផងដែរ។ ហេតុនេះហើយអ្នកគួរតែរកវិធីសាស្ត្រណាដើម្បីមកកាត់បន្ថយការអផ្សុកនៅលើយន្តហោះម្ដងៗ៖
១.ជ្រើសរើសកៅអីជាប់បង្អួច៖ យល់ល្អអ្នកគួរតែជ្រើសរើសកៅអីណាដែលជាប់បង្អួច ព្រោះថាពេលអ្នកអផ្សុកអ្នកអាចមើលទេសភាពពីលើអាកាសបាន។ អារម្មណ៍ធុញទ្រាន់ក៏អាចរសាត់ចេញខ្លះដែរ កាលណាអ្នកចំណាយពេលមើលទេសភាពទៅខាងក្រៅ។ ជៀសវាងការអង្គុយនៅជិតផ្លូវដើរ ឬក្បែរបន្ទប់ទឹក ព្រោះថានៅទីនោះនឹងមានមនុស្សចេញចូលច្រើនហើយធ្វើឲ្យអារម្មណ៍អ្នកមិនស្រណុកលើសដើម។
២.រៀបចំឧបករណ៍ដែលអាចឲ្យអ្នកសម្រាកស្រួល៖ បើអ្នកបានរៀបចំវាទុកនោះ ក៏ល្អសម្រាប់អ្នកដែរព្រោះអ្នកអាចមានរបាំងសម្រាប់បិទភ្នែក មានភួយ និងខ្នើយ ដែលធ្វើឲ្យស្រណុកខ្លួនបាន។
៣.នាំយករបស់ដែលអាចឲ្យអ្នកកម្សាន្តបាន៖ អ្នកអាចមើលរឿងផ្សេងបាននៅលើយន្តហោះ ព្រោះក្រុមហ៊ុនអាកាសចរណ៍ខ្លះក៏ផ្ដល់ឲ្យសម្រាប់អ្នកធ្វើដំណើរផ្លូវឆ្ងាយកែការអផ្សុកដែរ តែជម្រើសគឺវាមិនច្រើនសម្រាប់អ្នកឡើយ។ ដូចនេះអ្នកគួរត្រៀមខ្លួនឯង បញ្ចូលរឿងឲ្យបានច្រើន ហើយយកមកមើលទៅមិនល្អទេមែនទេ?
៤.ស្លៀកសំលៀកបំពាក់ណាងាយស្រួលសម្រាប់អ្នក៖ ជាការពិតណាស់ សម្រាប់អ្នកដែលធ្វើដំណើរតាមផ្លូវអាកាសឆ្ងាយបែបនេះ អ្នកដែលពាក់អាវធំក្រាស់ ឬក៏ស្បែកជើងកែង គឺសុទ្ធតែធ្វើបាបខ្លួនឯងទាំងអស់ ព្រោះថាអ្នកមិនមែនចំណាយពេលតែ២ឬ៣ម៉ោងក្នុងការធ្វើដំណើរនោះទេ។ ពួកគេនឹងមិនឈប់ចុះចតឡើយ បើសិនជាអាចជ្រើសរើសសំលៀកបំពាក់ណាដែលងាយស្រួលដោះពេលដែលអ្នកត្រូវការដោះវា អ្នកគួរតែយកវាមក៕