ស្ថានិក Chi’sLantro BBQ ៖ ត្រូវធ្វើថៅកែផង និងធ្វើជាកម្មករផង នោះទើបអាជីវកម្មទទួលបានភាពជោគជ័យ
នៅក្នុងវិស័យអាជីវកម្មមួយគឺតែងតែមានការសហការពីភាគីផ្សេងៗមានដូចជា ដៃគូពាណិជ្ជកម្ម ដៃគូភាគហ៊ុន ហើយអ្នកដែលសហការផ្ទាល់មួយផ្នែកទៀតនោះគឺបុគ្គលិក។ ជាធម្មតា មិនថានៅតាមក្រុមហ៊ុន ឬអាជីវកម្មផ្សេងៗ តែងតែមានម្ចាស់អាជីវកម្ម និងបុគ្គលិកបំរើការងារជារឿងធម្មតា។ ប៉ុន្តែអ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺលោក Jae Kim ស្ថាបនិកភោជនីយដ្ឋានចល័ត Chi’Lantro BBQ លោកបានដើតួនាទីជាថៅកែហាងផង និងជាបុគ្គលិកផងដើម្បីអោយអាជីវកម្មរបស់លោកទទួលបានជោគជ័យមកដល់សព្វថ្ងៃ។
លោក Jae Kim បានកើតនៅប្រទេសកូរ៉ខាងត្បូង ហើយលោកនិងក្រុមគ្រួសារបានផ្លាស់ប្តូរទីលំនៅទៅកាន់ សហរដ្ឋអាមេរិក នៅពេលដែលលោកមានអាយុ១២ឆ្នាំ។ នៅពេលដែលលោកទៅដល់ សហរដ្ឋអាមេរិកដំបូងគ្រួសារលោកមានជីវភាពខ្វះខាតខ្លាំងពេក លោកមិនបានចូលសាលារៀននោះទេ លោកក៏បានលួចលក់សាំងដបតូចៗ ដើម្បីរកលុយមកដោះស្រាយជីវភាព។
នៅវ័យ២១ឆ្នាំ លោកក៏បានបើកហាងកាហ្វេដ៏តូចមួយ ដោយជួលបុគ្កលិក៥ ទៅ ៦នាក់សំរាប់ធ្វើការ។ ហាងកាហ្វេ របស់លោកដំណើការបានរយៈពេល៣ឆ្នាំ យ៉ាងលំបាកវេទនារកលុយបើកអោយបុគ្គលិកស្ទើមិនគ្រប់ មូលហេតុដោយសារតែលោកគ្មានបទពិសោធន៍ និងប្រើធនធានមនុស្សច្រើនពេក លោកក៏បានសំរេចចិត្តបិទអាជីវកម្មចោល ហើយចាត់បញ្ហាដែលលោកបរាជ័យនេះជាបទពិសោធន៍សំរាប់លោកនៅពេលក្រោយ ។
ក្នុងឆ្នាំ២០១០ លោក Jae Kim មិនបោះបង់ចោលគំនិតចង់បើកអាជីវកម្មនោះទេ លោកក៏រកវីធីសាស្ត្រក្នុងការចាប់ផ្តើមអាជីវកម្មថ្មី ដោយបានបើកអាហារដ្ឋានចល័តមួយនៅក្នុងសហរដ្ឋអាមេរិក និងបានដាក់ឈ្មោះថា Chi’Lantro ដើម្បីលក់សាច់គោអាំងដែលលោកនាំចូលពីប្រទេសកូរ៉េ។ នៅពេលនោះហើយដែលលោក Jae Kim ចាប់ផ្តើមដំណើរការអាហារដ្ឋានចល័តរបស់លោកតែម្នាក់ឯង។
លោកដើរតួរនាទីជាតៃកុងឡានផង ជាចុងភៅផង ជាអ្នកបំរើភេសជ្ជៈផង និងជាអ្នកគិតលុយផង និយាយសរុបទៅគឺការងារនៅក្នុងអាហារដ្ឋានរបស់លោកគឺលោកធ្វើទាំងអស់ដោយគ្មានចន្លោះការងារណាមួយនោះទេ រហូតដល់លោកស្ទាត់ជំនាញគ្រប់ចំណុចទាំងអស់។ បន្ទាប់មកអាជីវកម្មលោកក៏ចាប់ផ្តើមរីកចំរើន និងមានអតិថិជនគាំទ្រជាខ្លាំង និងទទួលបានប្រាក់ចំណូលដ៏ច្រើនរហូតដល់លោកអាចពង្រីកសាខាហាងចំនួន៥បន្ថែមទៀត ព្រមទាំងមានឡានសំរាប់ដឹកទំនិញចំនួន៤គ្រឿងផងដែរ។
ហើយលោកក៏មានគំរោងពង្រីកសាខាបន្ថែមរហូតទៅដល់៦០ហាង និងអាចរកចំណូលបានជាង១០០លានដុល្លារ។ នេះហើយជាបទពិសោធន៍ជាក់ស្តែងមួយ ដោយសារការចូលប្រលូកក្នុងការងារផ្ទាល់ ដើម្បីរៀនសូត្រ និងស្វែងយល់ ពីការងារអោយបានច្បាស់លាស់គ្រប់ជ្រុងជ្រោយទើបលោកទទួលបានជោគជ័យដូចសព្វថ្ងៃនេះ៕