តោះស្វែងយល់ពីប្រទេសជប៉ុនបន្តិច ជប៉ុនមានទម្លាប់ល្អបំផុតដែលមនុស្សទូទាំងពិភពលោកគួរអនុវត្តតាម
បើយើងនិយាយពីប្រទេសជប៉ុន ជាប្រទេសមួយមានសក្តានុពលខ្លាំងបំផុតក្នុងចំណោមប្រទេសក្នុងអាស៊ីយើងនេះ។ ចំពោះចំណាប់អារម្មណ៍មួយទៀត គឺរបៀបរបបនៃការរស់នៅ និងសីលធម៌ និងទម្លាប់ដ៏ល្អគ្មានពីរ របស់ប្រជាជនជប៉ុនតែម្តង។ ក្នុងនោះមានទម្លាប់ល្អ៣ចំណុច របស់ប្រជាជនជប៉ុនដែលកំពុងអនុវត្តជាប្រចាំថ្ងៃ ដែលមនុស្សនៅទូរទាំងពិភពលោក គួរយកគំរូតាម ៖
១.ហាងទំនិញគ្មានអ្នកលក់
បើនិយាយពីហាងទំនិញគ្មានអ្នកលក់ អ្នកដែលកំពុងអានប្រកដជាមិនជឿនោះទេ ប៉ុន្តែបើអ្នកជាអ្នកដែលធ្លាប់រស់នៅប្រទេសជប៉ុន និងធ្លាប់ទៅកំសាន្តញឹកញាប់ ប្រាកដជាយល់ច្បាស់ពីចំណុចនេះជាក់ជាមិនខាន។ វាជាការពិត បើតាមប្អូនប្រុស នេន សម័យ ដែលជានិស្សិតកម្ពុជាហើយកំពុងតែរស់នៅ និងបន្តរការសិក្សារនៅក្នុងប្រទេសជប៉ុនបានបញ្ចាក់យ៉ាងច្បាស់ថា ហាងទំនិញតូចៗជាច្រើន ដែលកសិករជប៉ុនដាក់លក់ផលិតផល មានបន្លែ ផ្លែឈើ និងរបស់របរផ្សេងៗទៀតនោះ គឺគ្មានម្ចាស់ហាងនៅចាំលក់នោះទេ។ ពួកគេគ្រាន់តែសរសេរតែតម្លៃបិទនោះលើផលិតផល ឬទំនិញទាំងនោះជាការស្រេច ហើយអ្នកដែលទិញគឺយកទំនិញគេដាក់ប្រាក់នៅទីនោះ គឺមិនដែលមានអ្នកណាម្នាក់ហ៊ានបន្លំ ឬលួចនោះឡើយ។
២.តំរង់ជួរគ្រប់ទីកន្លែង
នៅគ្រប់ទីកន្លែង មិនថានៅក្នុងធនាគា ស្ថានិយ៍រថភ្លើង ប្រៃសនីយ៍ ឬកន្លែងណាក៏ដោយអោយតែមានមនុស្សចេញ ឬចូលច្រើន សូម្បីតែជណ្តើរយន្តក៏ត្រូវតំរង់ជួរគ្នាដែរ។ អ្នកដែលមកមុន ត្រូវចូលមុន ចំណែកអ្នកដែលមកក្រោយត្រូវចូលតាមក្រោយ ហើយពួកគេមិនប្រជែងគ្នាផ្តេសផ្តាសឡើយ ជាពិសេសគឺប្រជាជនជប៉ុនគោរពសិទ្ធិគ្នាទៅមកជានិច្ច។
៣.អោនបន្ទន់ខ្លួន ជាកាយវិការគោរព
ប្រពៃណី និងទំនៀមទំលាប់គឺមានទៅតាមតំបន់ និងប្រទេសនីមួយៗ ហើយទំនៀមទម្លាប់នៃការគោរព និងស្វាគនម៍ទៅកាន់មនុស្សទូទៅក៏មានសភាពខុសគ្នាដែរ។ ជាក់ស្តែងក្នុងប្រទេសកម្ពុជាយើងទម្លាប់ សំពះ ចំណែកប៉ែកខាងអ៊ឺរ៉ុប គឺនិយមចាប់ដៃជាការស្វាគមន៍ ចំណែកក្នុងប្រទេសជប៉ុនវិញ គឺគេអោនក្បាល និងបន្ទន់ខ្លួនដើម្បីជាការគោរពគ្នាទៅវិញទៅមក។ ប៉ុន្តែប្លែកត្រង់ថាប្រជាជនជប៉ុន ប្រើកាយវិការនេះស្ទើរគ្រប់ពេលវេលា សូម្បីតែដើរឆ្លងថ្នល់ក៏គេងាកមកគោរព យាន្តយន្តដែលឈប់នៅភ្លើងស្តុបវិញផងដែរ នេះជាគំរូរនៃការគួរសមមួយដែលពិភពលោកគួរតែយកតម្រាប់តាម៕