មនុស្សយើងម្នាក់ គឺតែងតែមានការតស៊ូ ខិតខំ ព្យាយាមខុសៗគ្នា ហើយមនុស្សមួយចំនួនដែលមិនសូវយកចិត្តទុកដាក់និងការងារ និងមិនសូវឧស្សាហ៍ព្យាយាមក៏មានដែរ ការខិតខំប្រឹងប្រែងបំពេញភារកិច្ចអ្វីមួយ ដែលខ្លួនកំពុងតែធ្វើអោយបានល្អនោះ គឺជាមាគ៌ាមួយដែលជួយអោយអ្នកអាចសម្រេចបាននៅលទ្ធផលល្អគួរជាទីគាប់ចិត្ត។
ជាក់ស្តែងនៅក្នុងកសិក្ខាសាលាចិត្តសាស្ត្រ លោក កែវ ឡុងឌី ជាអគ្គនាយកអភិវឌ្ឍន៍ធុរះកិច្ច នៃហាងលក់ទំនិញកុមា Baby Outlet Cambodia លោកបានលើកឡើងថា “មិនថាខ្ញុំធ្វើការឲ្យគេ ឬ បើកអាជីវកម្មខ្លួនឯងនោះទេ ការខិតខំប្រឹងប្រែងរបស់ខ្ញុំគឺនៅដដែល”។
លោក កែវ ឡុងឌី លើកឡើងបែបនេះដោយសារតែលោកមានបទពិសោធន៍ជាច្រើនទាក់ទងទៅនិងការខិតខំប្រឹងប្រែង តស៊ូ ជំនះ ឧបសគ្គនានា ដោយមិនមានចិត្តបោះបង់ និងរាថយនោះឡើយ។ លោកបានលើកឡើងបែបនេះ គឺលោកចង់ បញ្ជាក់ថា ការខិតខំប្រឹងប្រែងចំពោះការងាររបស់លោក គឺមិនមានអ្វីផ្លាស់ប្ដូរនោះទេ ចាប់តាំងពីលោកធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស រហូតដល់ក្លាយជាថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងសាលារៀនឯកជនមួយ។
លោកតែងចាត់ទុកថា លោកបានមិនធ្វើការឲ្យគេនោះឡើយ តែលោកចាត់ទុកថា ក្រុមហ៊ុននោះជារបស់ខ្លួន អ៊ីចឹងហើយបានជាលោកបំពេញការងារចេញពីចិត្តយ៉ាងពិតប្រាកដតែម្តង នាំឲ្យលទ្ធផលការងារ ទទួលបានល្អប្រសើរជានិច្ចរហូតដល់ថ្ងៃលោកបើកអាជីវកម្មខ្លួនឯង ក៏ការខិតខំប្រឹងប្រែងរក្សានៅដដែល ពោលគឺមិនផ្លាស់ប្ដូរអ្វីឡើយ។
យុវជនយើងទាំងអស់គួរតែយកគំរូរបស់លោកមកធ្វើជាបទពិសោធន៍ ព្រោះថាបើសិនជាអ្នកជាបុគ្គលម្នាក់ ដែលពោពេញទៅដោយការខិតខំ ប្រឹងប្រែង និងយកចិត្តទុកដាក់និងមានទំនួលខុសត្រូវទៅលើការតព្វកិច្ច ដែលខ្លួនកំពុងបំពេញនោះ អោយអស់ពីសមត្ថភាពនោះ លទ្ធផលរបស់អ្នកគឺប្រាកដជាបានដូចបំណងជាក់ជាមិនខាន។
យោងតាមមតិចែករំលែកបទពិសោធន៍ក្នុងជីវិតការងារ និងក្នុងវិស័យអាជីវកម្ម របស់លោក កែវ ឡុងឌី គឺពិតជាល្អបំផុតសម្រាប់យុវជនកម្ពុជាជំនាន់ក្រោយយកទៅអនុវត្តតាម ដើម្បីទទួលបានជោគជ័យក្នុងជីវិត៕