CEO Apple ក្រោកម៉ោង៤ព្រឹករាល់ថ្ងៃ ដើម្បី​អាន​សារ​របស់អ្នកប្រើប្រាស់​ និង​វិភាគ​ចំណុច​មួយ​ចំនួន​ក្នុងក្រុមហ៊ុន​

នាពេលថ្មីៗនេះក្រុមហ៊ុន Apple ទើប​តែ​បាន​ដំណែង​ជា​ក្រុមហ៊ុន​ដែល​មាន​តម្លៃ​ហក់​ឡើង​រហូត​ទៅដល់​១ទ្រីលាន​ដំបូង​បំផុត​ក្នុង​សតវត្ស​ទី២១នេះ ក្រោម​សករាជដឹក​នាំ​របស់នាយក​ប្រតិបត្តិ​សក់​សវ័យ​ ៦០ឆ្នាំ លោក​ Tim Cook។

ជាមួយនឹង​ជោគជ័យ​ក្នុង​ការ​ដឹក​នាំនេះ​ លោក Tim Cook ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណថា​មាន​ទ្រព្យ​សម្បត្តិ​ ប្រមាណ៦២៥លាន​ដុល្លា​អាមេរិក តែ​ចំនួនប៉ុណ្ណេះមិនច្រើន​នោះទេ​បើធៀបទៅនឹង​អ្នកដឹកនាំ ឬស្ថាបនិក​ក្រុមហ៊ុន​ជាដៃគូ​ប្រកួត​ប្រជែង​លើ​វិស័យ​បច្ចេកវិទ្យាដែល​មាន​ដូចជា​លោក Larry Page ស្ថាបនិកGoogle ឬMark Zuckerberg ស្ថាបនិកក្រុមហ៊ុនFacebook។

CEO ក្រុមហ៊ុនApple រូបនេះ មានទម្លាប់ក្រោកពីគេងចាប់ផ្តើមថ្ងៃថ្មីតាំងពីម៉ោង៤ព្រឹករៀងរាល់ថ្ងៃ ហើយការងារដ៏សំខាន់បំផុតមួយសម្រាប់អនាគតក្រុមហ៊ុន Apple ដែលលោកតែងតែចំណាយពេល១ម៉ោងធ្វើរៀងរាល់ថ្ងៃនោះ គឺ អានសាររបស់អ្នកប្រើប្រាស់ (ភ្ញៀវ) និងវិភាគពីចំណុចរិះគន់ ចំណុចសរសើរ ចំណុចគួរកែលម្អ និងអ្វីដែលជាតម្រូវការពិតប្រាកដរបស់អតិថិជន ដើម្បីគូសចំណាំទុកជាសញ្ញា និងជាជំហានសម្រាប់ Apple ពេលចេញផលិតផលក្រោយៗទៀត។​

ក្រោយចប់ការងារអានសារហើយ លោកតែងតែទៅហាត់ប្រាណរយៈពេលមួយម៉ោង ហើយនៅម៉ោង៦ព្រឹក លោកចាប់ផ្តើមញ៉ាំកាហ្វេ ឫអាហារពេលព្រឹកបន្តិច ក៏បន្តចាប់ផ្តើមការងារថ្មីក្នុងថ្ងៃថ្មីបន្តទៀត។ អ្នកជោគជ័យមានទម្លាប់ក្រោកពីគេងចាប់ផ្តើមថ្ងៃថ្មីលឿនជាងមនុស្សទូទៅ ជាក់ស្តែង លោក  Mark Wahlberg ស្ថាបនិក The Hollywood star ដែលតែងតែក្រោបរៀងរាល់ម៉ោង២ព្រឹក និងSteve Jobs ជាដើម។ ប៉ុន្តែសម្រាប់លោក Jeff Bezos វិញ លោកតែងតែបណ្តោយខ្លួនក្រោកពីគេងដោយឯងៗ ដោយគ្មានដាក់ម៉ោងរោទិ៍នឹងគេឡើយ។

គួរជម្រាបផងដែរថា លោកTim Cook ចាប់ផ្ដើម​ចូល​បម្រើ​ការងារ​នៅក្រុមហ៊ុន​Appleដំបូងនៅខែមីនាឆ្នាំ១៩៩៨ក្នុង​មុខតំណែង​ជា​អនុប្រធាន​ជាន់ខ្ពស់​ផ្នែក​ប្រតិបត្តិ​ការ​ទូទាំង​ពិភពលោក ក្រោយមក​ឡើង​តំណែង​ជា​ប្រធានផ្នែក​ប្រតិបត្តិការ និង​ចុង​ក្រោយនៅឆ្នាំ២០១១ គាត់​បាន​ក្លាយទៅជា​នាយកប្រតិបត្តិ​ក្រោយពីការស្លាប់​របស់ ​Steve Jobs ដែលជាសហស្ថាបនិករបស់​ក្រុមហ៊ុន៕