មនុស្សយើងម្នាក់ៗតែងតែមានក្តីប្រាថ្នា និងក្តីសង្ឃឹមសម្រាប់ជីវិតទោះបីជាគេស្ថិតនៅក្នុងកាលះទេសះណាក៏ដោយ ប៉ុន្តែក្តីស្រម៉ៃ និងក្តីសង្ឃឹមទាំងនោះគឺទាមទារ ការគាំទ្ររពីកំលាំងចិត្តរបស់អ្នក។ ដូច្នេះហើយកំលាំងចិត្ត គឺពិតជាសំខាន់ណាស់សម្រាប់មនុស្ស ដើម្បីអាចក្រោកឈរឡើង និងឈានជំហ៊ានដើរទៅរកភាពជោគជ័យបាន។
ប្រសិនបើអ្នកមានទឹកចិត្តមោះមុត និងមានទឹកចិត្តអំណតតស៊ូខ្ពស់នោះអ្នកប្រាកដជាទទួលបានក្តីសង្ឃឹមមួយដ៏កក់ក្តៅ និងជោគជ័យមួយដ៏ត្រចះត្រចង់ជាក់ជាមិនខាន។ បើតាមប្រសាសន៍របស់លោក ឧកញ៉ា ទៀ វិចិត្រ បានលើកឡើងថា “កំលាំងចិត្តនៅពីក្រោយ ក្តីសង្ឈឹមនៅពីមុខ ហ៊ានឫមិនហ៊ានគឺនៅត្រង់ចិត្តតែប៉ុណ្ណោះ”។
ជាការពិតជាក់ស្តែងដោយមិនអាចប្រកែកបាន ក្តីសង្ឃឹម និងជោគជ័យរបស់មនុស្សយើងម្នាក់ៗ គឺអ្នកណាក៏អាចទទួលបានដែរ ប៉ុន្តែទាមទារអោយបុគ្គលនោះត្រូវតែមានចិត្តតស៊ូ និងឆន្ទះមោះមុតបំផុត ក្នុងការពុះពារឆ្លងនូវឧបសគ្គទាំងឡាយ ដែលនិងអាចកើតមានឡើងនូវពេលខាងមុខ។ ប៉ុន្តែប្រសិនបើចិត្តរបស់អ្នកក្លាហាន និងឆន្ទះរបស់អ្នកមោះមុតនោះ មិនថាមានរឿងអ្វីកើតឡើង ឬក៏មានបញ្ហាអ្វីនោះទេ អ្នកនៅតែអាចបោះជំហ៊ានឈានជើងទៅខាងមុខជានិច្ច ដោយមិនមានអារមុ្មណ៍ខ្លាច ឬញញើតនូវអ្វីមួយឡើយ។
ហើយនូវពេលដែលក្នុងខ្លួនអ្នកពោពេញដោយថាមពលផ្លូវចិត្តនោះ អ្នកនិងក្លាយជាមនុស្សម្នាក់ដែល មើលទៅការងារ និងភារកិច្ចចំពោះមុខក្នុងផ្លូវវិជ្ជមានទាំងអស់ គឺមានន័យថាអ្នកអាចធ្វើអ្វីៗ បានគ្រប់យ៉ាងដោយមិនមានការនឿយហត់នោះឡើយ។ ដូច្នេះហើយអ្នកត្រូវតែចេះក៏សាងកំលាំងចិត្តដល់ខ្លួនឯង អោយបានច្រើន និងខិតខំពង្រឹងសុខភាពផ្លូវចិត្តរបស់អ្នកអោយបានល្អ និងរឹងមាំ សម្រាប់ជាថាមពលដល់អ្នកក្នុងការឈានទៅរកភាពជោគជ័យក្នុងថ្ងៃអនាគត។
ហើយអ្នកត្រូវចាំថា កំលាំងកាយ និងកំលាំងចិត្ត គឺអ្នកត្រូវតែមានដោយមិនអាចខ្វះមួយណាបានឡើយ ហើយថាមពលទាំង២នេះត្រូវតែដើរទន្ទឹមគ្នាជានិច្ច ប្រសិនបើខ្វះថាមពលណាមួយអ្នកនិងមិនអាចទៅដល់គោលដៅបានឡើយ៕