ស៊ឺម៉ាអ៊ី ៖ ខ្ញុំប្រើយុទ្ធសាស្ត្រជាច្រើនតែមិនឈ្នះជូកឺលៀង ចុងក្រោយរកឃើញយុទ្ធសាស្ត្រឈ្នះ គឺមិនចេញច្បាំង
ខ្លាចាស់លាក់ចង្កូម ស៊ឺម៉ាអ៊ី គាត់ជាមនុស្សពូកែលាក់សមត្ថភាព និងមានចំណេះដឹងជាច្រើន ហើយត្រកូលរបស់ស៊ឺម៉ានេះគឺ ជាពូជពង្សអ្នករៀនសូត្រចេះដឹងខ្លាំងណាស់តាំងពីសម័យជីតាដល់កូនចៅរបស់ស៊ឺម៉ាអ៊ីទៀត។ អ្នកខ្លះថា គាត់ជាមនុស្សល្បិចច្រើន តែអ្នកប្រាជ្ញរបស់តុងអ៊ូម្នាក់ឈ្មោះលូស៊ូ គាត់ថា “នៅក្នុងសម័យសង្គ្រាមអត់មានអ្នកល្បិចច្រើនទេ មានតែអ្នកខ្លាំងនិងអ្នកខ្សោយ, អ្នកខ្លាំងគេឈ្នះ អ្នកខ្សោយត្រូវគេកម្ចាត់”។
ខ្ញុំក៏បានចាប់អារម្មណ៍នូវពាក្យសម្តីរបស់គាត់មួយឃ្លា ដែលបាននិយាយប្រាប់កូនប្រុសរបស់គាត់ ស៊ឺម៉ាចាវថា «យុទ្ធសាស្ត្រ ដើម្បីអាចយកឈ្នះលើជូកឺលៀងបាន ត្រូវតែការពារកុំចេញច្បាំង”។ យើងមើលសម្បកខាងក្រៅអាចថាគាត់កំសាកញី មិនហ៊ានចេញច្បាំងក៏ថាបានតែតាមពិតនេះ គឺជាយុទ្ធសាស្ត្រទប់ទល់តែមិនច្បាំង។ នៅក្នុងល្បិចកលនេះ មេទ័ពរបស់ស៊ុនឈៀន ឈ្មោះលូស៊ីង គេក៏ធ្លាប់ប្រើម្តងលើលាវប៉ី ហើយទទួលបានជ័យជម្នះយ៉ាងសម្បើមលើកងទ័ពរបស់លាវប៉ីជាង៧សែននាក់។
ចំពោះការចេញច្បាំង ឬការពារមិនមែនយើងអាចមើលហើយវិនិច្ឆ័យថាជារឿងកំសាកឬក្លាហាននោះទេ សំខាន់បំផុតស្ថិតលើលទ្ធផលចុងក្រោយ។ អ្នកជោគជ័យគេអត់ដែលគិតលើរយៈពេលនៃការច្បាំងទេ តែគេគិតែពីលទ្ធផលចាញ់ ឬឈ្នះតែប៉ុណ្ណោះ។ ចំពោះស៊ឺម៉ាអ៊ី និង មេទ័ពលូស៊ីង ពួកគេសុទ្ធតែទទួលបានជោគជ័យពីក្នុងយុទ្ធសាស្ត្រនេះ។
ចំណែកឯមេទ័ពស៊ុនអ៊ូ អ្នកដែលសរសេរតម្រាពិជ័យសង្គ្រាម គាត់ក៏បានសរសេរនៅក្នុងក្បួនសឹកស៊ុនជឺ របស់គាត់ដែរថា “បើសត្រូវខ្លាំងយើងគេចវេស បើសត្រូវសម្រាកយើងរំខាន បើសត្រូវចុះខ្សោយយើងវាយប្រហារ”។ ស៊ឺម៉ាអ៊ី រង់ចាំកម្លាំងសត្រូវធ្លាក់ចុះ ទើបគេចេញច្បាំង។ ចំណែកឯលូស៊ីង ធ្វើដូចជាចាញ់តែធាតុពិតលាក់អាវុធសម្ងាត់សំឡលៀងរង់ចាំលាវប៉ីជាយូរមកហើយ៕