ពេលវេលាពិតជាមានតម្លៃណាស់សម្រាប់មនុស្សយើង ហើយបុគ្គលដែលជោគជ័យទាំងឡាយនៅលើពិភពលោកពួកគាត់តែងតែទុកពេលវេលា របស់ពួកគាត់គឺជាគ្រាប់ពេជ្រដ៏មានតម្លៃ និងជាទ្រព្យសម្បត្តិដ៏មហាសាលរបស់ពួកគាត់។
នៅលើពិភពលោកមិនថា អ្នកធ្វើការ អ្នករកស៊ី ឬអ្នកធ្វើជំនួញធំៗ ទាំងក្នុងទ្វីបអាស៊ី និងអ៊ឺរ៉ុប គឺពួកគេគោរពពេលវេលាណាស់ ដោយសារតែពួកគេអោយតម្លៃទៅលើពេលវេលា ដែលគេមានទោះតិច ឬច្រើនក៏ដោយ។ រាល់ការណាត់ជួប ការប្រជុំការទំនាក់ទំនង និងការពិភាក្សារការងារផ្សេងៗ គឺពួកគេមិនដែលអោយមានការខកខានសូម្បីតែមួយនាទីឡើយ។
លោក សោម សម្បត្តិ គឺជាស្ថាបនិកក្រុមហ៊ុន Campaint (ថ្នាំព៌ណជាតិ) ក៏ធ្លាប់បានលើកឡើងដែរថា “បើបុគ្គលណាមួយដែលគោរពពេលវេលាមិនបាន បុគ្គលនោះក៏ពិបាកទុកចិត្តបានដែរ។ ជាការពិតមតិដែលលោក សោម សម្បត្តិ បានលើកឡើងមកនេះ គឺជាមតិមួយក្រើនរំលឹក និងដាស់តឿនដល់យើងទាំងអស់គ្នា ជាពិសេសបុគ្គលដែលខ្ជះខ្ជាយពេលវេលានៅក្នុងការរស់នៅ ក៏ដូចជាការបំពេញកិច្ចការងារអ្វីមួយ។ ហើយមតិដែលលោកបានលើកឡើងមកនេះ គឺលោកបង់បង្ហាញថា ប្រសិនបើបុគ្គលណាម្នាក់ដែលមិនចេះគោរពពេលវេលា និងមិនមានការកំណត់ពេលវេលាឲ្យបានច្បាស់លាស់នោះទេ បុគ្គលនោះគឺពិបាកទុកចិត្តបានណាស់។
មូលហេតុដែលធ្វើអោយអ្នកដ៏ទៃមិនមានទំនុកចិត្ត គឺដោយសារតែបុគ្គលមិនគោរពពេលវេលាគឺជាបុគ្គលមួយដែលមិនមានការកំណត់ខ្លួនឯងអោយបានច្បាស់លាស់ និងមិនមានការដាក់កំណត់ខ្លួនឯង អោយបានប្រាកដប្រជា ហើយចំណុចធំបំផុតមួយទៀតនោះ បុគ្គលមិនគោរពពេលវេលា គឺជាបុគ្គលមិនអោយតម្លៃពេលវេលាតែម្តង។ បើតាមសម្តី និងបទពិសោធន៍ទាំងនេះ គឺអាចបញ្ជាក់អោយយើងដឹងថា ប្រសិនបើអ្នកជាបុគ្គលដែលមិនចេះគោរពពេលវេលាអោយបានទៀតទាត់នោះទេ អ្នកអាចប្រឈមមុខ និងការបាត់បង់ទំនុកចិត្តពីមនុស្សទាំងឡាយដែលនៅជុំវិញខ្លួនអ្នកជាក់ជាមិនខាន។
ដូច្នេះហើយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាក្នុងការទំនាក់ទំនងផ្សេងៗ ក្នុងសង្គមរស់នៅ ក៏ដូចជាក្នុងសង្គមការងារអ្នកត្រូវតែគោរពបេលវេលាអោយបានទៀតទាត់បំផុត នោះទើបអ្នកអាចទទួលបានទំនុកចិត្តពីអ្នកដ៏ទៃបាន៕