ភិក្ខុ គូ សុភាព ៖ គេដើរបាន​មុនអ្នក​គេបានជោគជ័យ​ហើយ អ្នក​មក​ក្រោយ​កុំចង់តាម​គេធ្វើដំណើរតាម​សម្រួលទៅ​

យើងម្នាក់ៗតែងតែប្រាថ្នាចង់បានជីវិតមួយដែលជោគជ័យ និងពោពេញដោយសេចក្តីសុខ ប៉ុន្តែការស្វែងរកសេចក្តីសុខសម្រាប់ខ្លួននោះ គឺជារឿងមួយដ៏លំបាកសម្រាប់មនុស្សមួយចំនួនធំ។

អ្នកខ្លះមានចរិកជាមនុស្សឆេវឆាវហើយជាមនុស្សដែលមានអារម្មណ៍ស្រាល ឆាប់មួម៉ៅ ឆាប់អន់ចិត្ត និងឆាប់ខឹងអ្នកដ៏ទៃ ហើយអ្វីដែលកាន់តែពិបាកជាងនេះទៅទៀននោះ គឺតែងតែយកខ្លួនទៅប្រៀបធៀបជាមួយអ្នកដ៏ទៃ។ ភិក្ខុ វជិរប្បញ្ញោ គូ សុភាព បានមានសង្ឃដីការថា “បើអ្នកចង់អ្នកមានក្តីសុខ ចូរខំធ្វើការរកស៊ី កុំរវល់តែប្រៀបធៀបខ្លួនជា​មួយ​​អ្នកដ៏ទៃ”។

បើតាមសង្ឃដីការរបស់ព្រះតេជគុណ ដែលមានសង្ឃដីកាលើកឡើងមកនេះ បានបង្ហាញអោយមនុស្សយើងត្រូវតែចេះ​មានភាពអត់ធន់ និងការគ្រប់គ្រងនូវអារម្មណ៍ខ្លួនឯងអោយបានល្អ និងមិនត្រូវបាក់ទឹកចិត្តក៏ដូចជាទម្លាក់ចោលនូវការព្យាយាមដោយសារតែ ការតូចចិត្តតូចថ្លើមនិងខ្លួនឯងដែលមិនមានធ្វើដូចគេនោះឡើយ។ សេចក្តីសុខនិងសេច​ក្តីចំរើន គឺកើតឡើងចំពោះអ្នកបានលុះត្រាតែអ្នកគឺជាបុគ្គលម្នាក់ដែលខិតខំធ្វើការ រកស៊ីដោយសុច្ចរិត មិនបំពានអ្នកដ៏ទៃ មិនធ្វើអោយអ្នកដ៏ទៃក្តៅក្រហាយដោយសារខ្លួន ជាពិសេសត្រូវតែពេញចិត្តនូវអ្វីដែលខ្លួនកំពុងមាន។

ការរីករាយ និងពេញចិត្ត នូវអ្វីដែលខ្លួនកំពុងមាន និងអ្វីដែលខ្លួនកំពុងធ្វើនេះគឺជាមាគ៌ាមួយដែលឆ្ពោះទៅរកសេចក្តីស្ងប់ និងសេចក្តីសុខផ្លូវចិត្តបានយ៉ាងពិតប្រកដនៅក្នុងជីវិតរបស់យើងម្នាក់ៗ។ ដូច្នេះហើយយើងមិនត្រូវបណ្តោយខ្លួនអោយក្លាយជាមនុស្សម្នាក់ដែលពោរពេញដោយការច្រណែន និងពោពេញដោយការប្រៀបធៀបទៅនិងបុគ្គលដ៏ទៃនោះឡើយ។

យើងត្រូវចំណាយពេលវេលាសម្រាប់ខ្លួនដើម្បីកសាងសមត្ថភាព និងខិតខំប្រកបរបរកស៊ីអោយបានរឹងមាំ និងអោយបានរីកចំរើនវិញប្រសើជា។ នៅពេលដែលជីវិតអ្នកទទួលបានជោគជ័យនោះ អ្នកនិងអាចដឹងថាការមិនយកខ្លួនទៅប្រៀបធៀបជាមួយអ្នកដ៏ទៃគឺមានគុណតម្លៃ និងគុណសម្បត្តិ កំរិតណា សម្រាប់អ្នក៕